Monday, December 10, 2012

គេង​សង្កៀរ​ធ្មេញ

សុខភាព​មាត់ធ្មេញ​គឺជា​រឿងមួយ​ដ៏សំខាន់​សម្រាប់​មនុស្ស​គ្រប់រូប ដូច្នេះ​លោកអ្នក​គួរតែ​យកចិត្ដ​ទុកដាក់​ថែរក្សា​ការពារ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​នូវ​បញ្ហា​ផ្សេងៗ​ដែល​កើតមាន​ឡើង ជាពិសេស​គឺការ​គេងសង្កៀរ​ធ្មេញ​នេះតែ​ម្ដង។ ព្រោះ​នៅពេល​ដែល​លោកអ្នក​កើតមាន​បញ្ហានេះ វា​បណ្ដាល​ឱ្យ​លោកអ្នក​មានការ​ឈឺចុកចាប់ និង​គេង​មិនបាន​គ្រប់គ្រាន់ ហើយ​រំខាន​ដល់អ្នក​ដទៃទៀត​ដែល​គេង​នៅក្បែរ​ទៀតផង។ 
លោក​ទន្ដបណ្ឌិត ញាណ ភិរម្យ ប្រធាន​ក្រុម​គ្រូពេទ្យ​នៃមន្ទីរព្យាបាល​ធ្មេញ​បស្ចិម លោក​នឹងធ្វើការ​បកស្រាយ​អំពី​វិធី​សម្រាល​នៃការ​ឈឺធ្មេញ ដើម្បី​ឱ្យលោកអ្នក​បាន​ជ្រាប​កាន់តែ​ច្បាស់​អំពី​បញ្ហា​នេះ។

និយមន័យ
ការ​សង្កៀរ​ធ្មេញ​ជាការ​កកិត​រវាង​ធ្មេញ និង​ធ្មេញ ហើយ​ធ្វើឱ្យ​ធ្មេញ​សឹករេចរឹល​រហូត​ឈឺចាប់​ទៅដល់​បណ្ដូរ​ធ្មេញ និង​បង្កឱ្យ​ធ្មេញ​មានការ​ប្រេះ ឬ​បែកបាន។
មូលហេតុ​ដែល​បណ្ដាល​ឱ្យគេង​សង្កៀរ​ធ្មេញ
មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ការ​សង្កៀរ​ធ្មេញ​នេះមាន​ពីរយ៉ាង​គឺ
  • ទី១ ៖ បណ្ដាល​មកពី​កំណើត ប៉ុន្ដែ​អត្រានេះ​មាន​តិចតួច​បំផុត ដែល​បណ្ដាល​ឱ្យកើត​មកមានការ​សង្កៀរធ្មេញ​បាន ជួនកាល​ក៏អាច​មានដែរ។
  • ទី២ ៖ បណ្ដាល​មកពី​បាត់តេរី ឬ​ប៉ារ៉ាស៊ីត​ម្យ៉ាង​ដែលមាន​នៅក្នុង​ឈាម ក្រពះ ពោះវៀន ហើយធ្វើ​ចលនា​នៅពេល​យប់។ នៅពេល​ដែល​លោកអ្នក​គេង​នៅពេល​យប់ វា​បង្កឱ្យ​ធ្មេញមាន​ការ​សង្កៀរ ហើយ​អត្រា​នៃការ​សង្កៀរធ្មេញ​នេះ​រហូត​៩៩ភាគរយ គេង​រើបម្រាស់​ឬ​រមៀល។ លោកអ្នក​ដែលមាន​បញ្ហា​ឈឺធ្មេញ​ច្បាស់​ជាគេង​មិនបាន​គ្រប់គ្រាន់​ទេ រហូត​អាច​រំខាន​ដល់អ្នកដទៃ​ទៀត ដែល​គេង​នៅក្បែរ។ផល​ប៉ះពាល់​នៃការ​គេងសង្កៀរ​ធ្មេញ
    ផល​ប៉ះពាល់​ពិតជាមាន​ច្រើន ដូចជា​បង្កឱ្យ​ធ្មេញ​ឆាប់ចាស់​មុនអាយុ ធ្វើឱ្យ​ធ្មេញ​ឆាប់រេចរឹល និង​ប្រេះបែក។ ដោយសារ​តែធ្មេញ​សឹក​រេចរឹល​ដល់គល់ ធ្វើឱ្យ​ធ្មេញ​មាន​រយៈពេល​មិនជា​បានយូរ ដោយ​ធ្មេញ​មាន​សភាព​ពុកស្រួយ និង​ធ្វើឱ្យ​ធ្មេញ​ប្រេះបែក ឬក៏​សឹកដាច់​បន្ដិចម្ដងៗ​រហូត​បែកជា​ផ្ទាំង។ ប៉ុន្ដែ​ប្រសិន​បើសឹក​រេចរឹល​តែបន្ដិច​ទេ លោកអ្នក​គួរតែ​រកវិធី​ធ្វើយ៉ាងណា​កុំឱ្យ​មាន​នូវការ សឹក​រេចរឹល និង​បែក។ យកល្អ​លោកអ្នក​គួរតែ​ទៅពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ ដើម្បីឱ្យ​គ្រូពេទ្យ​ពិនិត្យរក​មើល មេរោគ​នៅក្នុង​ឈាម និង​បញ្ចុះ​មេរោគ​ប៉ារ៉ាស៊ីត ឬ​បាក់តេរី។
    មធ្យោបាយ​ការពារ
    ប្រសិន​បើ​លោកអ្នក​កើតមាន​បញ្ហា​ការគេង​សង្កៀរ​ធ្មេញ លោកអ្នក​អាច​ប្រើប្រាស់​នូវស្បៃ​ការពារ ដើម្បី​កុំឱ្យ​ធ្មេញ​មានការ​ប៉ះទង្គិច​គ្នា។ ហើយ​មាន​មធ្យោបាយ​ម្យ៉ាងទៀត​គឺការយក​ស្បៃម៉ាទិច ព្រោះ​ស្បៃ​ម៉ាទិច​ជួយ​ការពារ​ធ្មេញ​របស់​លោកអ្នក​មិនមាន​ការ​សង្កៀរ ប៉ុន្ដែវាជា​មធ្យោបាយ​មួយមិន​សូវជាល្អ​ប៉ុន្មាន​ទេ។ មធ្យោបាយ​ល្អ​បំផុត​គឺ​នៅពេល​ដែល​ធ្មេញមាន​ការ​សង្កៀរ លោកអ្នក​គួរតែ​ត្រូវ​ទៅពិនិត្យ ឬ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ​រកមើល​មេរោគ​ប៉ារ៉ាស៊ីត ឬ​បាក់តេរី​នៅក្នុង​លាមក​ឬឈាម។ ការ​គេង​សង្កៀរធ្មេញ​នេះ​មិន​ត្រឹមតែ​ធ្វើខូច​ធ្មេញ​នោះទេ ថែមទាំង​អាច​បណ្ដាល​ឱ្យធ្មេញ​ទាំងអស់​ខូចបាន​ផងដែរ។ ដូច​ពាក្យ​ចាស់បាន​ពោលថា ការពារ​ប្រសើរ​ជាង​ព្យាបាល។
    ដំបូន្មាន​អ្នក​ប្រឹក្សា
    លោកអ្នក​ដែលមាន​បញ្ហា​គេង​សង្កៀរ​ធ្មេញ គួរតែ​ប្រញាប់​ប្រញាល់​ទៅព្យាបាល​ឱ្យបាន​ទាន់ពេល​វេលា។ ប្រសិន​បើ លោកអ្នក​ចេះតែ​ទុកយូរ​ទៅៗឱ្យ​ធ្មេញមាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឱ្យធ្មេញ​របស់​លោកអ្នក​ឈាន​ទៅប្រេះ​បែក និង​រហូត​ដល់ការ​ដកចោល​ជាមិនខាន។ វាធ្វើ​ឱ្យមាន​ផល​ប៉ះពាល់​ទាំងមាន​ការ​ឈឺចាប់ និង​បាត់បង់​នូវ​ថវិកា​មួយចំនួន​ទៀត។