Friday, January 11, 2013

អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ថ្នាំ​​ប្រឆាំង​អេដស៍ ១​ថ្ងៃ ១​គ្រាប់ មាន​ប្រសិទ្ធភាព​ខ្ពស់

យោងតាម AFP បាន​ឱ្យ​ដឹង​ថា អ្នក​ស្រាវ​ជ្រាវ បាន​បង្ហាញ​ក្នុង​ព្រឹត្តិបត្រ The Lancet ថា ថ្នាំ​គ្រាប់​ដែល​រួម​បញ្ចូល​ថ្នាំ៤ ប្រភេទ សម្រាប់​លេប ១​គ្រាប់ ក្នុង១​ថ្ងៃ ដើម្បី​ប្រឆាំង​មេរោគ​ហ៊ីវ (HIV) ឬ​អេដស៍ (AIDS) ត្រូវ​បាន​បញ្ជាក់​ថា មាន​សុវត្ថិភាព  និង​ប្រសិទ្ធភាព ដូច​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ទូទៅ ប្រឆាំង​វីរុស​អេដស៍ ដែរ។
ក្រុមវេជ្ជបណ្ឌិត បានធ្វើតេស្តថ្នាំថ្មី​ឈ្មោះ​ Quad (ខ្វែដ) ក្នុងដំណាក់កាល​លើកចុងក្រោយ ដែល​បញ្ជាក់ថា ថ្នាំ​នេះ​មានសុវត្ថិភាព និងប្រសិទ្ធភាព។ ការធ្វើតេស្តលើកទី១ គឺ​សិក្សា​ថ្នាំ Quad ជាមួយថ្នាំ Atripla (អាទ្រីផ្លា) ដែលក្នុង​ឆ្នាំ២០០៦ ត្រូវអនុញ្ញាត ឱ្យប្រើជាថ្នាំព្យាបាលកម្រិតស្តង់ដារ សម្រាប់វីរុសហ៊ីវ។
ក្នុងការសិក្សា អ្នកស្រាវជ្រាវ បានធ្វើតេស្តអ្នកជំងឺ៧០០នាក់ នៅអាមេរិកខាងជើង ដោយឱ្យពួកគេប្រើថ្នាំ QuadAtripla ។ បន្ទាប់ពី៤៨ សប្តាហ៍ នៃការព្យាបាល ៨៨% នៃ​អ្នក​ជំងឺដែលប្រើថ្នាំ Quad អាចបង្ក្រាបការឆ្លងមេរោគ ឱ្យនៅក្រោមកម្រិតមួយ ធៀបនឹង៨៤% នៃក្រុមអ្នកប្រើថ្នាំ Atripla ។ ចំពោះ ផលប៉ះពាល់សម្រាប់ថ្នាំ Quad​គឺមាន​អារម្មណ៍ចង់ក្អួត ប៉ុន្តែ មិនធ្ងន់ធ្ងរឡើយ ខណៈដែលថ្នាំAtripla  រោគសញ្ញាច្រើនជាការវិលមុខ សុបិនអាក្រក់ ឬការគេងមិនលក់ និងឡើងកន្ទួលលើស្បែក។
ក្នុងការសាកល្បងលើកទី២ អ្នកជំងឺចំនួន៧០៨ នាក់ ត្រូវធ្វើតេស្តនៅអូស្ត្រាលី អឺរ៉ុប និងអាមេរិកខាងជើង ដោយត្រូវផ្តល់ថ្នាំQuad ឬថ្នាំព្យាបាល ដូចជា ATV RTV FTC និង TDF។ រយៈពេល៤៨ សប្តាហ៍ក្រោយមក ៩០% នៃក្រុមអ្នកប្រើថ្នាំQuad អាចបង្ក្រាបការឆ្លងមេរោគ ក្រោមកម្រិតមួយ ធៀបនឹង ៨៧% នៃក្រុមមួយទៀត។ មានតែ៣,៧% នៃ​អ្នកជំងឺ ក្នុងក្រុមប្រើថ្នាំQuad  ឈប់ទទួលការព្យាបាល ព្រោះ តែផលរំខាន ធៀបនឹង៥,១% នៃក្រុមដទៃទៀត។ ប៉ុន្តែ ចំនួនអ្នកដែលរាយការណ៍ពីបញ្ហាតម្រងនោម ក្នុង​ក្រុម​អ្នកប្រើថ្នាំ Quad មានកម្រិតខ្ពស់ទៅវិញ។
ថ្នាំ Quad ផ្សំឡើងពីថ្នាំ FTC TDF រួមជាមួយETV  ដែលផលិតឡើង ដើម្បីទប់ទល់ការចម្លងមេរោគហ៊ីវ ខណៈដែលសារធាតុមួយទៀត គឺ Cobicistat ដែលជួយជំរុញ​ប្រសិទ្ធភាព​នៃETV
យោងតាមអ្នកស្រាវជ្រាវអេដស៍ បានឱ្យដឹងថា យុទ្ធនាការនៃថ្នាំ ១ថ្ងៃ ១គ្រាប់ ដើម្បីកម្ចាត់វីរុសហ៊ីវ មានប្រយោជន៍មហិមាចំពោះអ្នកជំងឺ។ លោកផូល សាក់ស៍ (Paul Sax) អ្នកដឹងនាំ ការសិក្សារស្រាវជ្រាវ មកពីសាលាវេជ្ជសាស្ត្រហារវ៉ាដ (Harvard Medical School) បាននិយាយថា “កាល មុន អ្នកជំងឺត្រូវលេបថ្នាំម្តងច្រើន ដែលធ្វើឱ្យអ្នក​ជំងឺ​ខ្ជិល  និងភ្លេចលេប នាំឱ្យវីរុសមានការស៊ាំថ្នាំ។ ដូច្នេះ របកគំហើញរបស់ពួកយើង បានផ្តល់នូវជម្រើសព្យាបាល ដែលងាយស្រួលមានសក្តានុពលខ្ពស់ និង បង្ហាញ ពីភាព​សាមញ្ញ នៃការព្យាបាល ជាលទ្ធផល ពីការរួមបញ្ចូលថ្នាំប្រឆាំងវីរុសហ៊ីវ ជាច្រើន ក្នុងគ្រាប់តែមួយ”។
គួរបញ្ជាក់ថ្នាំ Quad  ត្រូវបានផលិតដោយក្រុមហ៊ុនឱសថ ដ៏ធំរបស់អាមេរិក ឈ្មោះGilead Sciences