Thursday, January 3, 2013

ធ្មេញ​ទឹកដោះ ហេតុអ្វី​បាន​ជា​ពេល​ខ្លះ​មាន​ពណ៌​លឿង ?

នៅ​ក្នុង​នាទី​សុខភាព​និង​អនាម័យ​ថ្ងៃ​នេះ អៀង សុខម៉ិញ បាន​អញ្ជើញ​វេជ្ជបណ្ឌិត Christophe Azevedo សូម​ជំរាប​ជូន​លោក​អ្នក​នាង អំពី​សុខភាព​ធ្មេញ​របស់​កុមារ។ ហេតុ​អ្វី​បាន​ជា​ធ្មេញ​ក្មេង​មាន​ពណ៌​លឿង ? ធ្មេញ​ទឹក​ដោះ​មាន​ប្រយោជន៍​យ៉ាង​ណា​ខ្លះ ? តើ​ត្រូវ​ចាប់​ផ្តើម​ដុស​​សម្អាត​ធ្មេញ​ដោយ​ប្រើ​ច្រាស ​ពេល​ណា ? និង​គួរ​ជ្រើសរើស​ថ្នាំ​ដុះ​ធ្មេញ​ប្រភេទណា ?

១- ហេតុ​អ្វី​បាន​ជា​ធ្មេញ​ទឹក​ដោះ​របស់​កូន​ក្មេង​ មាន​ពណ៌​ឡើងលឿង ? ជា​ធម្មតា​ម្តាយ​គ្រប់​រូប​គិត​ថា​ធ្មេញ​លឿង​គឺ​បណ្តាល​មក​ពី​កុមារ​នោះ​បាន ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​ច្រើន តើ​គំនិត​នេះ​សម​ហេតុ​ផល​ដែរឬទេ ?!

វេជ្ជបណ្ឌិត Christophe Azevedo  ៖ និយាយ​ដោយ​ស្មោះ​ត្រង់ គំនិត​ដែល​ចោទ​ថ្នាំ​ផ្សះ​ថា​ជាបុព្វហេតុ​នាំ​ធ្មេញ​លឿង លែងសម​ហេតុ​ផល​​ហើយ​ ! សូម​កុំ​ភ្លេច​ថា ធ្មេញ​ស្រុក​ នឹង​មាន​សភាពលឿង​ជាង​ធ្មេញ​ព្រៃ ឬ​ធ្មេញ​ទឹកដោះ ព្រោះ​ធ្មេញ​ស្រុកមាន​កា​រលូតលាស់ រចនា​សម្ព័ន្ធ និង​សាច់​ធ្មេញ​ខុស​ពី​ធ្មេញ​ទឹក​ដោះ។ ​កាលពី​មុន​គេ​អាច​គិត​ដូច្នោះ​បាន គិត​ថាលេប​​ថ្នាំ​ផ្សះច្រើន​នឹង​អាច​ធ្វើ​ឱ្យ​ធ្មេញ​លឿងខ្លាំង ប៉ុន្តែ​ពេល​សម័យ​បច្ចុប្បន្ន​នេះ អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បាន​ដឹង​ហើយ ព្រម​ទាំង​មាន​ការ​ប្រុង​ប្រយ័ត្ន​ មិន​ឱ្យ​មាន​ថ្នាំ​ផ្សះ​អង់ទីប៊ីយ៉ូទិច​ណា​បង្ក​ ឬរំខាន​ដល់​​សុខភាព​​ធ្មេញ​ទៀត​ទេ។ ពណ៌​លឿង​ជា​ញឹកញាប់​ច្រើន​បណ្តាលមកពី​កាល​សំណល់ សំអេក​​​ជាប់កក​លើ​ធ្មេញ​ប៉ុណ្ណោះ។


២- ចុះ​ធ្មេញ​ឡើង​ពណ៌​ខ្មៅ ?

- វេជ្ជបណ្ឌិត Christophe Azevedo ៖​ ក្នុង​ករណី​នេះ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​ធ្មេញ​ភ្លាម​។ ប្រសិន​បើ​សាច់​ធ្មេញ​ទឹក​ដោះ​ខាង​ក្នុង​មាន​ពណ៌​ខ្មៅ នោះ​អាច​ជា​ការ​ប្រែប្រួល​ជាលិកា ជាលិកា​រស់​របស់​ធ្មេញ​ដែល​រង​ការ​ប៉ះទង្គិច​ មាន​គ្រាំ​ សរសៃប្រសាទ​ដំណើរ​ការ​មិន​ស្រួល ទើប​ធ្វើ​ឱ្យ​សភាព​ខ្មៅៗ​លេច​ឡើងនៅ​ក្នុង​ធ្មេញ ដូច្នេះ​ត្រូវ​ទៅ​ព្យាបាល​ភ្លាម។

៣- កុមារ​ដែល​បាក់​ធ្មេញ​ព្រៃ​មុន​អាយុកាល តើ​អាច​មាន​ផលវិបាក​អ្វី​ទៅ​ថ្ងៃ​ក្រោយ​ដែរ​ឬទេ?

- វេជ្ជបណ្ឌិត Christophe Azevedo ៖ នោះ​វា​អាស្រ័យ​ទៅ​នឹង​ពេល​វេលា​នៃ​ការ​បាក់​ធ្មេញ។ បើ​បាក់​ឬ​បែក​​ជ្រុះ​ធ្មេញទឹក​ដោះ​​ ពេល​ជិត​ដល់​អាយុ​បាក់ជា​ធម្មជាតិ នោះ​វា​មិន​អី​ទេ។ ធ្មេញ​ស្រុក​នឹង​លូត​លាស់​ដុះ​ចេញ​មក​ជំនួស​កន្លែង​ធ្មេញ​ព្រៃ​លឿនៗ។ ផ្ទុយ​ទៅ​វិញ បើ​កុមារ បាក់​ធ្មេញ​ទឹក​ដោះ​ឆាប់​ពេក​ នៅអាយុ​តិច​ទើប​តែ​ពីរ​ឬ​បី​ខួប នោះ​ត្រូវ​សាក​ល្បង​យក​ធ្មេញ​បាក់​មក​ភ្ជាប់​វិញ ព្រោះ​ថា​ធ្មេញ​ព្រៃ​នេះ​មានតួនាទី​សំខាន់​ណាស់ ក្នុង​ការ​រក្សា​កន្លែង​។ ប្រសិន​បើ​គ្មាន​ធ្មេញ​ព្រៃ​ទេ ធ្មេញ​ផ្សេងៗ​ទៀត​អាច​យក​កន្លែង​ បិទ​មិន​ឱ្យ​ធ្មេញ​សុ្រក​ដុះ​លូត​លាស់​ចេញ​មក​ក្រៅ​បាន។ ម្យ៉ា​ង​ទៀត ចំពោះ​ធ្មេញ​កណ្តុរ​ខាង​មុខ​វិញ មាន​តួនាទី​សំខាន់​បន្ថែម​មួយ​ទៀត​ក្នុង​ការ​សិក្សា​និង​បញ្ចេញ​សំឡេង​រៀន​ ភាសានិយាយ។ ជា​ដំណោះស្រាយ​ បើ​មិន​អាច​ភ្ជាប់​ធ្មេញ​បាន​ទេ នោះ​ត្រូវ​តែ​ទៅ​ពេទ្យ​ដើម្បី​បំពេញ​​ចន្លោះ​ ធ្មេញ​នេះ ឱ្យ​រក្សា​កន្លែង​ទំនេរ​​សម្រាប់​ធ្មេញ​ស្រុក។


៤- ចាប់​អាយុ​ប៉ុន្មាន​ខែ​ ប៉ុន្មាន​ឆ្នាំ គួរ​ចាប់​ផ្តើម​ដុះ​ធ្មេញឱ្យ​កុមារ ? ព្រោះ​ថា​មិន​ជា​ការ​ងាយ​ស្រួល​ទេ​ដែល​ចាប់​បង្ខំ​ឱ្យ​ទារក​ កុមារ​បើក​មាត់​ ហើយ​ចាប់​ដុស​ធ្មេញ​ ម្តាយ​គ្រប់​រូប​តែង​តែ​ខ្លាច​ធ្វើឱ្យ​កូន​ឈឺ​ទៀត​ផង !

- វេជ្ជបណ្ឌិត Christophe Azevedo ៖ មិន​ត្រូវ​រុញ​រា​ ខ្លាច​ទេ ! នៅ​ពេល​ដែរ​កុមារ​មាន​ធេ្មញ​ដុះ​ចេញ​មក​ក្រៅ​ពេញ​រូប​រាង​ហើយ ពោល​គឺ​នៅ​អាយុ​ប្រមាណ​៦​ខែ ធ្មេញ​នោះ​អាច​រង​ការ​វាយ​ប្រហារ​ដង្កូវ​ស៊ី​បានគ្រប់​ពេលវេលា ដូច្នេះ​អ្នក​ជា​ឪពុកម្តាយ​ត្រូវ​តែ​ថៃទាំ​សម្អាត​ធ្មេញ​នោះ​ឱ្យ​កូន​ ដោយ​ជា​បឋម​ត្រូវ​ប្រើ​សំឡី​កុំប្រេស​ពេទ្យ​សើមៗ​យក​ទៅ​ជូត​ដុសលើ​ធ្មេញ។ ដល់​អាយុ​១៨​ខែ (មួយ​ឆ្នាំ​កន្លះ) នៅ​ពេល​ដែល​ចាប់​ផ្តើម​មាន​ធ្មេញ​មុន​ថ្គាម នោះ​យើងអាច​ចាប់​ផ្តើម​ដុះ​ធ្មេញ​ដោយ​ប្រើកូន​​ច្រាស និង​ដាក់​ថ្នាំ​ដុសធ្មេញ​បន្តិច​នៅ​ចុង​ច្រាស។ ដើម្បី​ការ​ពារ​កុំ​ឱ្យ​កុមារ​លេប​ថ្នាំ​ដុស​ធ្មេញ​អ្នក​ជា​ម្តាយ​ ឬ​ឪពុក​ត្រូ​វ​តែ​ជួយ​ដុសឱ្យ​កូន តែ​បើ​លេប​បន្តិច​បន្តួច​ក៏​មិន​អី​ដែរ។

៥- តើ​មាន​ក្បួន និង​ច្បាប់​វិធាន​នៃ​ការ​ដុស​សម្អាត​ធ្មេញ ?

- វេជ្ជបណ្ឌិត Christophe Azevedo ៖ ក្បួន​ដុស​សំខាន់​បំផុត​ ដែល​ត្រូវ​ទម្លាប់​កុមារ​ឱ្យ​ដឹង​ គឺ​ត្រូវ​ដុស​ធ្មេញ​ទាំង​អស់ ធ្មេញ​មាន​ច្រើន​ ជា​ទូទៅ​យើង​ច្រើន​តែ​ភ្លេច​ធ្មេញ​ដែល​នៅ​ក្នុងៗ ជ្រៅៗ។ ឆ្លុះ​កញ្ចក់​ដុះ​ឱ្យ​គ្រប់​ធ្មេញ​ តាម​សម្រួល​ មិន​បាច់​ប្រើ​កម្លាំង​ទេ តែ​គ្រប់​ធ្មេញ​ទាំង​អស់។ ហើយ​ក្នុង​វ័យ​នេះ​ មិន​ចាំ​បាច់​អ្វីត្រូវ​គោរព​របៀប​រប​ប​ដុស ពី​លើ​ចុះ​ក្រោម ពី​ក្រោម​ឡើង​លើ ឬ​ជា​រង្វង់​លើ​ធ្មេញទេ។ ច្រាស​ដុស​ធ្មេញ​ យក​ល្អ​​ត្រូវ​មាន​សរសែ​ទន់ៗ។ ច្រាស​ដុស​ធ្មេញ​ដាក់​ថ្ម ឬ​ដើរ​ដោយ​អគ្គិសនី គ្មាន​ប្រយោជន៍​សោះ​សំរាប់​កុមារ លើក​លែង​តែ​ក្មេង​ជំទង់ និង​មនុស្ស​ចាស់​ទើប​អាច​ទាញ​ផល​ល្អ​ពី​ច្រាស​ដុស​ធ្មេញ​ប្រភេទ​នេះ។

៦- តើ​ជា​ការ​ញឹកញាប់​ទេ​ដែល​ធ្មេញ​ទឹក​ដោះ​អាច​មាន​ដង្កូវ​ស៊ី​ ?

- វេជ្ជបណ្ឌិត Christophe Azevedo ៖ ធ្មេញ​ទឹក​ដោះ​ ក៏ដូចជា​ធ្មេញ​ផ្សេងៗ​ទៀត​ដែរ អាច​ទទួល​រក​ការ​វាយ​ប្រហារ​ពី​សំណាក់​សារធាតុ​អាស៊ីត ឬ​ដង្កូវ​ស៊ី បាន​គ្រប់​ពេលវេលា ! អាការៈ​នេះ អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​របៀប​របប​រស់​នៅ​ ការ​រក្សា​អនាម័យ​មាត់​ធ្មេញ​ មុន​នឹង​ចូល​គេង ត្រូវ​តែ​ដុះ​ធ្មេញ និង​ជាពិសេស​មាន​របប​​ចំណីអាហារ​ត្រឹម​ត្រូវ។ មិន​ត្រូវ​ឱ្យ​កូន​បៅ​ទឹកដោះគោ​ពេល​ចូល​គេង ហើយ​បៀម​ស្តឹមទាល់​តែ​​លក់​ទេ។ ទឹកគោ​នេះ​អាច​ធ្វើ​ឱ្យ​ដង្កូវ​ស៊ី​ធ្មេញ​ផ្នែក​ខាង​ក្រៅ​។


៧- ចាប់​ពី​អាយុ​ប៉ុន្មាន​ឡើង​ទៅ ដែល​ឪពុក​ម្តាយ​គួរ​នាំ​កុមារ​ទៅ​ពិនិត្យ​សុខភាព​មាត់ធ្មេញ?

-          វេជ្ជបណ្ឌិត Christophe Azevedo ៖ កាន់​តែ​ឆាប់​កាន់​តែ​ល្អ ដើម្បី​ទម្លាប់​កូន​ឱ្យ​ស្គាល់​ពេទ្យ ស្គាល់​ថ្នាំ​ ស្គាល់​​ក្លិន​ ហ៊ាន​ឡើង​គ្រែ ឱ្យ​ពេទ្យ​មើល​ធ្មេញ ។ល។ អាយុ​បី​ឆ្នាំ​ ការ​ពិនិត្យ​សុខភាព​ធ្មេញ​គួរ​តែ​ត្រូវ​ធ្វើ ដើម្បី​មើល​ការ​វិវត្តន៍​របស់​ធ្មេញ​ផង និង​ដើម្បី​វែក​រកធ្មេញ​មាន​ជំងឺ​ផង ព្រោះ​ជា​ញឹកញាប់​មាន​ដង្កូវ​ស៊ីធ្មេញ​តែ​ ម្តាយ​ឪពុក​មិន​បាន​ចាប់​អារម្មណ៍​។

ខាង​ក្រោម​នេះ​ជា​ការ​ជ្រើសរើស​ ថ្នាំ​ដុះ​ធ្មេញ​ សមស្រប​តាម​អាយុ​កុមារ

-          រហូត​ដល់​អាយុ​បីឆ្នាំ (ពី​១២ខែ ដល់​ ៣៦​ខែ) ត្រូវ​ជ្រើសរើស​ថ្នាំ​ដុស​ធ្មេញ​ដែល​មានសារធាតុ​ កំហាប់​ផ្លុយអ័រ ៥០០ ppm de Fluor - ដុស​ម្តង​ក្នុង​មួយ​ថ្ងៃ មុន​ពេល​ចូលគេង
-          ៣ ទៅ ៦​ឆ្នាំ ត្រូវ​ជ្រើសរើស​ថ្នាំ​ដុស​ធ្មេញ​ ក្នុង​កំរិត​ផ្លុយអ័រ ៥០០ ppm de Fluor ពីរ​ដង​ ក្នុង​មួយ​ថ្ងៃ
-          ចាប់​ពី​អាយុ​ ៦​ឆ្នាំ ឡើង​ទៅ អាច​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​កំហាប់​ជាតិ​ផ្លុយអ័រ ពី​១០០០ ដល់ ១៥០០ ppm de Fluor ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ម្តងៗ​រយៈ​ពេល​បី​នាទី​។

លេប​ថ្នាំ​ដុស​ធ្មេញ​បន្តិចបន្តួច​ចូល​ពោះ​មិន​ជា​ថ្វី​ទេ ប៉ុន្តែ​បរិមាណ​ជាតិ​ផ្លុយអ័រ​ គួរ​តែ​ត្រូវ​គោរព​ឱ្យ​បាន​ ព្រោះ​ហួស​ចំណុះ​ជាតិ​ផ្លុយអ័រ​ ក៏​អាច​ជា​បុព្វហេតុ​នាំ​ឱ្យ​ធ្មេញ​ឡើង​ពណ៌​ដែរ៕

(ប្រភព៖  ​វិទ្យុបារាំងអន្តរជាតិ )