Monday, January 14, 2013

ជំងឺ​ភ្នែក និង​​មនុស្ស​​វ័យ​​ធ្វើការ

ក្នុង​វ័យ​ធ្វើការ ជា​វ័យ​ដែល​ត្រូវ​ការ​ប្រើ​ប្រាស់​កែវ​ភ្នែក ជា​ចាំបាច់ ដូច្នេះ ​អ្នក​គួរ​ថែ​ទាំ​កែវ​ភ្នែក ឱ្យ​បាន​ល្អ ដើម្បី​ចៀស​ផុត​ពីជំងឺ​តម្កាត់​ទាំង​ពួង។ ជំងឺ​ភ្នែក ដែល​តែង​តែ​កើត​ឡើង​ញឹក​ញាប់ អ្នក​គួរ​ដឹង គឺ​ខ្សែ​ភ្នែក​ខុស​ប្រក្រតី បញ្ហា​ពី​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ និង​ជំងឺ​កន្ទុយ​ថ្លែន ឬ​ឧប្បត្តិ​ហេតុ​ចំពោះ​កែវភ្នែក​...។

-បញ្ហាខ្សែភ្នែកខុសប្រក្រតី ៖
គឺសភាពដែលធ្វើឱ្យភ្នែកព្រិល ស្រវាំង មានលក្ខណៈស្រដៀង នឹងការថត រូបភាពមិនច្បាស់ ឬ​ឃើញ​រូបភាពព្រិល អាចជាម្ញ៉ូបជិត ម្ញ៉ូបឆ្ងាយ ឬខ្សែភ្នែកផ្អៀង។

ដំណោះស្រាយបញ្ហាខ្សែ​ភ្នែក​ខុស​ប្រក្រតី គឺ ៖
១. ការប្រើវ៉ែនតា ៖
ជាវិធីដ៏ងាយស្រួល និងមានសុវត្ថិភាព។ ពេលទៅវាស់ខ្សែភ្នែកលើកដំបូង គួរជួបជាមួយចក្ខុពេទ្យ ដើម្បី ពិនិត្យ និងវិនិច្ឆ័យថា គ្មានជំងឺភ្នែកធ្ងន់ធ្ងរ និង​គួរ​ប្តូរវ៉ែនតា នៅពេលចាប់ផ្តើមមើលលែងច្បាស់ ឬនៅពេលវ៉ែនតានោះ ធ្វើឱ្យអ្នកមានអារម្មណ៍ឈឺភ្នែក ឬឈឺក្បាល។
២. ការប្រើកញ្ចក់ភ្នែក (Contact Lens) ៖
ជាវិធីដែលមានការនិយមច្រើន ចំពោះអ្នកមានបញ្ហាខ្សែភ្នែក។ កញ្ចក់ភ្នែក មានទាំងប្រភេទប្រើប្រាស់បណ្តោះ- អាសន្ន រួចបោះចោល និងប្រភេទដែលអាចប្រើបាន ១-២ ឆ្នាំ។ ជាទូទៅ កញ្ចក់ភ្នែកគ្រប់ៗប្រភេទ ត្រូវប្រើតែពេលចាំបាច់ប៉ុណ្ណោះ មិនគួរពាក់គេងនោះទេ និងគួរថែទាំអនាម័យឱ្យបានល្អត្រឹមត្រូវផង ព្រោះការប្រើប្រាស់ កញ្ចក់ភ្នែកខុសវិធី អាចប្រឈមនឹងការឆ្លងមេរោគនៅភ្នែក ដែល អាចធ្វើឱ្យខ្វាក់ភ្នែកបាន។
៣. ការប្រើឡាស៊ែរព្យាបាល ៖
ជាបច្ចេកវិទ្យាថ្មី ដែលបានទទួលការនិយមច្រើន ជាទូទៅ តែងតែធ្វើចំពោះអ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ ដែលកម្រិតខ្សែភ្នែក ចាប់ផ្តើមមានការប្រែប្រួល និងមិនមានជំងឺប្រចាំកាយមួយចំនួន។ ដូច្នេះ អ្នកដែលមានបញ្ហាខ្សែភ្នែកខុសប្រក្រតី ដែលចាប់អារម្មណ៍ប្រើ- ប្រាស់កាំរស្មីឡាស៊ែរ ក្នុងការព្យាបាល គួរពិគ្រោះជាមួយ ចក្ខុពេទ្យ ដើម្បីពិនិត្យមើលសភាពភ្នែក និងទទួលការណែនាំ មុននឹងធ្វើការសម្រេចចិត្ត។


-បញ្ហាពីការប្រើប្រាស់កុំព្យូទ័រ ៖
បច្ចុប្បន្ន កុំព្យូទ័រ មានតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើការ ដែលអ្នកខ្លះចាំបាច់ត្រូវប្រើកុំព្យូទ័រយូរ ដល់ទៅ ៨-១០ម៉ោង ក្នុង១ថ្ងៃ ដែលអាចធ្វើឱ្យកើតមានបញ្ហាឈឺភ្នែក ពីការប្រឹងមើល ផ្សាភ្នែក ដោយសារបញ្ហាស្ងួត ភ្នែក និងព្រិលភ្នែក ដោយសារការប្រឹងសម្លឹង។

-ការណែនាំក្នុងការប្រើកុំព្យូទ័រ គឺ ៖
១. ដើម្បីចៀសវាងបញ្ហាឈឺភ្នែក ពីការផ្ចង់មើល ឬ ព្រិលភ្នែក ដោយសារការប្រឹងមើល គួរមានការសម្រាកខ្សែភ្នែកខ្លះ ជារៀងរាល់ ៣០នាទី នៃការប្រើប្រាស់កុំព្យូទ័រ ដោយការសម្លឹងមើលទៅបរិវេណឆ្ងាយៗ ដូចជា ក្រៅបង្អួច យ៉ាងតិច ៣-៥នាទី មុននឹងត្រឡប់មកធ្វើការជាមួយកុំព្យូទ័រវិញ នឹងជួយបន្ថយអាការឈឺភ្នែក និងព្រិលភ្នែក បាន។
២. ដើម្បីចៀសវាងការផ្សាភ្នែក ដោយសារភ្នែកស្ងួត គួរចៀសវាងអង្គុយធ្វើការមុខកុំព្យូទ័រ នៅកន្លែងដែលមានខ្យល់បក់ផាត់ ទាំងខ្យល់ពីកង្ហារ ឬម៉ាស៊ីនត្រជាក់ និងគួរ ប៉ប្រិចភ្នែក ឱ្យបានញឹកញាប់ផង នៅពេលមានអារម្មណ៍ផ្សាភ្នែក បើអាការធ្ងន់ធ្ងរ អាចត្រូវប្រើទឹកភ្នែកសិប្បនិម្មិត (ថ្នាំបន្តក់) ជាជំនួយបាន។

-ជំងឺពកកែវភ្នែក និងជំងឺកន្ទុយថ្លែន ៖
ជំងឺពកកែវភ្នែក (Pinguecula) និងជំងឺកន្ទុយថ្លែន បណ្តាលមកពីជាលិកាកែវភ្នែកពណ៌ស រងប៉ះទង្គិច ដូចជា ត្រូវខ្យល់ធូលី ឬកម្តៅថ្ងៃខ្លាំង រយៈពេលយូរ ធ្វើឱ្យមាន ការ​ឡើងកម្រាស់ និងរលាកជាលិកាកែវភ្នែកស ការឡើងកម្រាស់នេះ ហៅថា ជំងឺពកកែវភ្នែក។ ក្រោយមក ប្រសិនបើអាការជំងឺធ្ងន់ធ្ងរជាងមុន អាចរាលដាលចូល ដល់​បរិវេណប្រសីភ្នែក ហៅថា ជំងឺកន្ទុយថ្លែន។
អាការនៃជំងឺពកកែវភ្នែក និងជំងឺកន្ទុយថ្លែននេះ គឺ នឹងធ្វើឱ្យភ្នែកមានអាការក្រហាយផ្សា ក្រហមបរិវេណកន្ទុយថ្លែន នៅពេលប៉ះជាមួយធូលី ខ្យល់ ឬកម្តៅថ្ងៃខ្លាំង ដែល​ក្រៅពីធ្វើឱ្យកើតមានការរលាកនៃកន្ទុយថ្លែន ថែមទាំងធ្វើឱ្យរាលដាលកាន់តែខ្លាំង។
ដូច្នេះ អ្នកជំងឺពកកែវភ្នែក និងកន្ទុយថ្លែន គួរចៀសវាងការប៉ះពាល់ធូលី ខ្យល់ និងកម្តៅខ្លាំង ហើយមិនគួរ ទិញថ្នាំបន្តក់ភ្នែក ពីឱសថស្ថានដោយខ្លួនឯង ព្រោះថ្នាំ មួយចំនួន អាចមានសមាសធាតុផ្សំរបស់ជាតិស្តេរ៉ូអ៊ីដ ដែលអាចធ្វើឱ្យប៉ះពាល់ដល់​ភ្នែក ដោយសារជំងឺជ្រៀតជ្រែក នៃជំងឺភ្នែកឡើងបាយ បាន។

-គ្រោះថ្នាក់ចំពោះកែវភ្នែក ៖
កែវភ្នែក ជាសរីរាង្គដែលទាមទារការថែទាំយ៉ាងល្អ ព្រោះគ្រោះថ្នាក់ផ្សេងៗ អាចធ្វើឱ្យបាត់បង់កែវភ្នែក អស់មួយជីវិតបាន។

វិធីបង្ការគ្រោះថ្នាក់ចំពោះកែវភ្នែក ក្នុងវ័យធ្វើការ គឺ ៖
១. នៅពេលមានវត្ថុចម្លែកហុយមក ឬខ្ទាតចូលភ្នែក ក្នុងករណីជាធូលីហុយចូលភ្នែក ហាមប្រើដៃញី- ភ្នែក ព្រោះនឹងធ្វើឱ្យធូលីកប់ណែននៅក្នុងកញ្ចក់ភ្នែក គួរបិទភ្នែក និងប៉ប្រិចភ្នែកវិញ ទឹកភ្នែកនឹងលាងសម្អាត ធូលីចេញពីកែវភ្នែក ឬអាចបើកភ្នែកដាក់ក្នុងទឹកស្អាត ក៏អាចធ្វើឱ្យធូលីចេញពីកែវភ្នែកបាន។
ករណីវត្ថុចម្លែកធ្ងន់ធ្ងរ ខ្ទាត ចូលភ្នែក ដូចជា កម្ទេច ដែកគោលខ្ទាតចូលភ្នែក ឬត្រូវសារធាតុគីមីខ្ទាតចូលភ្នែក គួរប្រញាប់ទៅជួបចក្ខុពេទ្យភ្លាមៗ។ ក្នុងពេលធ្វើការ ដែលអាចប្រឈមនឹងការមានគ្រោះថ្នាក់ចំពោះកែវភ្នែក គួរប្រើឧបករណ៍ការពារ។
២. គ្រោះថ្នាក់ពីកញ្ចក់រថយន្ត ជាហេតុការណ៍ ដែលកើតឡើងច្រើនបំផុត នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ប្រសិនបើអ្នកបើកបរ ឬទៅទង្គិចនឹងកញ្ចក់រថយន្ត ធ្វើឱ្យ​មុតភ្នែក បណ្តាលឱ្យខ្វាក់ភ្នែកបាន។ ដូច្នេះ ទាំងអ្នកបើកបរ នឹងអ្នកដំណើរ គួរដាក់ខ្សែក្រវាត់សុវត្ថិភាព ដើម្បីការពារការត្រូវកម្ទេចកញ្ចក់ខ្ទាតចូលភ្នែក បង្ការការខ្វាក់​ភ្នែក​៕

(ប្រភព៖អង្គរធំ)