Wednesday, December 12, 2012

លេង​ប្រដាប់ភេទ

ជូន​ចំពោះ​លោកគ្រូ លី ចេងហ៊ុយ! ជម្រាប​សួរ​លោកគ្រូ! តើ​លោកគ្រូ​សុខសប្បាយ​ឬទេ? ចំណែក​ខ្ញុំវិញ​សុខសប្បាយ​ធម្មតា​ទេ។ តើខ្ញុំ​អាចសួរ​លោកគ្រូ​នូវ​សំណួរ​ខ្លះៗបាន​ឬទេ? ខ្ញុំមាន​សំណួរ​មួយចំនួន​ចង់សួរ​លោកគ្រូ​ពេទ្យ។ ខ្ញុំបាទ​ចូលចិត្ដ​មើលខ្សែ​វីដេអូ ឬ ភាពយន្ដ​សិច តើខ្ញុំ​អាចបញ្ឈប់​វាបាន​ដែរទេ? ហើយ​ពេលខ្លះ​ខ្ញុំសម្រេច​តណ្ហា​ដោយខ្លួនឯង តើធ្វើ​ដូច្នេះ​ល្អឬក៏​អត់? មួយរយៈ​ខ្លះខ្ញុំ​អាចធ្វើ​រៀងរាល់​ថ្ងៃ​តែម្ដង។ សូម​ជួយឱ្យ​យោបល់​ខ្ញុំផង ព្រោះ​ខ្ញុំចង់​បញ្ឈប់វា។ តើ​លោកគ្រូ​មានថ្នាំ​ដើម្បី​បញ្ឈប់វា​ដែរឬទេ​លោកគ្រូ? ពេលខ្លះ​ខ្ញុំសម្រួល​វាដោយ​ដៃរបស់​ខ្ញុំណា​លោកគ្រូ។ ខ្ញុំបាន​ឮគ្រូពេទ្យ​មួយចំនួន​ប្រាប់ថា ការលេង​ដោយ​ខ្លួនឯង​ញឹកញាប់​ពេកអាច​ប៉ះពាល់​ដល់​សុខភាពឬ? អរគុណ​ទុកជា​មុនណា​លោកគ្រូ។ ខ្ញុំ​រងចាំ​ដំបូន្មាន​ពីលោកគ្រូ។
លោក ក. ណ. អ អាយុ២៥ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូម​ជម្រាបសួរ​ប្អូនប្រុស និង​អរគុណ​ដែលបាន​ចោទជា​សំណួរ​ដ៏មាន​សារៈប្រយោជន៍​នេះមក​កាន់ខ្ញុំបាទ។ ដើម្បី​ឱ្យងាយ​យល់ ខ្ញុំបាទ​សូមធ្វើការ​បកស្រាយ​ម្ដង១​សំណួរ​បែបសង្ខេប​បន្ដិច។
1 . ចំណង់​ចំណូលចិត្ដ​មើលខ្សែ​វីដេអូ ឬ​ភាពយន្ដ​សិច ជាសិទ្ធិ​សេរីភាព​របស់ប្អូន ហើយ​ជាទូទៅ​មិនមាន​ផល​ប៉ះពាល់​អ្វីដល់ សុខភាព​នោះទេ។ ប៉ុន្ដែ​អ្វីដែល​ត្រូវ​ប្រឈម គឺពេល​ដែលប្អូន​ឃើញរូបភាព​ផ្លូវភេទ ប្រាកដ​ជាមាន​ស្ថានភាព​ស្រើបស្រាល​ជាមិនខាន។ បើប្អូន​មានដៃគូ​នៅក្បែរ ពិតជា​ល្អ តែបើ​គ្មានទេ ការ​អុចរោល​កាមតណ្ហា​នេះដើម្បី​ប្រយោជន៍​អ្វី? ព្រោះថា​រឿងស្រើបស្រាល​បែបនេះ ជាការ​ជួយដាស់​អារម្មណ៍​សម្រាប់​ជួយអ្នក​ខ្សោយ​ផ្លូវភេទ និង​មនុស្ស​វ័យចំណាស់ ដែល​ចង់ធ្វើការ​រួមភេទ​តាមបំណង។
2 . ចំពោះ​ការលើក​ឡើង​ដែលថា ការ​លេងប្រដាប់​ភេទអាច​ប៉ះពាល់​ដល់​សុខភាពនេះ​មិនពិតទេ។ ការ​អះអាង​របស់​គ្រូពេទ្យ​មួយចំនួន​ប្រាប់ប្អូន​នោះ ប្រហែល​ជាសំដៅ​លើរឿង​ផ្សេង និង​គោលដៅ​ផ្សេង​ទេដឹង។ ព្រោះថា​កន្លងមក មាន​ទស្សនៈ និងការ​យល់ឃើញ​ថា ការ​លេងប្រដាប់​ភេទ​អាចធ្វើ​ឱ្យថ្លង់ ឬ​ធ្វើឱ្យ​ងងឹតភ្នែក​ជាដើម នេះគឺ​ជាការ​យល់ខុស និង​ជាទស្សនៈ​មនុស្ស​ជំនាន់មុន។ ជាទូទៅការ​ប្រាប់យុវវ័យ​ថា លេងប្រដាប់​ភេទ​ប៉ះពាល់​សុខភាព គឺជា​លេស​សម្រាប់ការ​អប់រំ​ក្នុងរឿង​ផ្លូវភេទ​នោះទេ។ ប៉ុន្ដែ​នៅសម័យ​ព័ត៌មាន​វិទ្យា​ទៅហើយ ការ​អប់រំ​ដែលគ្មាន​មូលដ្ឋាន​វិទ្យាសាស្ដ្រ​ពិតប្រាកដ មិនទទួល​ផលវិជ្ជ​មាននោះ​ឡើយ។
3 . ការ​លេងប្រដាប់​ភេទនេះ មិនមាន​តែប្អូន​ប្រុសម្នាក់​ឯងនោះទេ​ដែល​ប្រព្រឹត្ដ។ តាមការ​អង្កេត​ស្រាវជ្រាវ មាន​មនុស្ស ប្រុស និង​មនុស្សស្រី​មួយភាគធំ​ធ្លាប់ធ្វើ​សកម្មភាព​បែបនេះ​ក្នុងជីវិត​របស់ខ្លួន។ តែអ្នក​ជំនាញខ្លះ​បានលើក​ឡើងថា ក្នុងមួយ​ជីវិត​របស់ មនុស្ស​ម្នាក់ យ៉ាងហោច​ណាស់​ក៏ធ្លាប់​លេងប្រដាប់ភេទ​ម្ដងដែរ។ ហេតុនេះ កាលដែល​ប្អូនលេង​ប្រដាប់ភេទ​ដោយ​ខ្លួនឯង ពិតជា​មិនខុសគ្នា​នោះទេ។ ប៉ុន្ដែ​ការលេង​ប្រដាប់ភេទ​រាល់ថ្ងៃ​របស់ប្អូន គួរតែ​កាត់បន្ថយ​ទើបប្រសើរ។ សូម​បញ្ជាក់​ថា រហូតមក​ដល់សព្វថ្ងៃ​នេះ មិនទាន់​មានការ​កំណត់ថា គួរ​លេងប្រដាប់​ភេទ​ប៉ុន្មានដង​ក្នុងមួយ​សប្ដាហ៍ ឬ​១ខែ​នេះទេ។
4 . ចំពោះ​សំណួរ​ប្អូនថា តើមាន​ថ្នាំបញ្ឈប់​ការលេង​ប្រដាប់ភេទ​បានឬក៏​អត់នោះ? មិនមាន​ថ្នាំ​បែបនេះ​សម្រាប់​ឱ្យប្អូន​ប្រើ នោះ​ទេ។ ដោយសារ​ប្អូននៅ​ក្មេង តម្រេក​តណ្ហា​របស់ប្អូន​នៅមាន​កំសួល​ខ្លាំង ហេតុនេះ​ពិបាក​ទប់ទល់​ណាស់។ ពេលប្អូន​មានវ័យ​រាង ចាស់​បន្ដិច ឬ​ពេលមាន​ប្រពន្ធ​ត្រឹមត្រូវ ចំណង់ភេទ​នេះនឹង​អាចថមថយ​មកនៅ​សភាព​ធម្មតា ឬ​រង្វើល​វិញ។
សង្ឃឹម​ថា ការ​បកស្រាយ​ប៉ុណ្ណេះ​គ្រប់គ្រាន់ និង​ឆ្លើយទៅ​នឹងចម្ងល់​របស់ប្អូន​បានហើយ។ សូម​រម្លឹកថា អត្ថបទ​ដែល​ទាក់ទង នឹងការ​លេងប្រដាប់ភេទ​នេះបាន​ផ្សព្វផ្សាយ​ក្នុង​ទស្សនាវដ្ដី សុខភាព​យើង ចំនួន៥​លេខមក​ហើយ គឺ​ចាប់តាំង​ពីលេង​០៣៥​ប្រចាំខែធ្នូ ឆ្នាំ​២០០៨ មក​ម្ល៉េះ។ សូម​ប្អូនប្រុស​មាន​សំណាងល្អ និង​សុខភាពល្អ។