Wednesday, December 19, 2012

កុមារ​មើល​ទូរទស្សន៍​ច្រើន​បង្កើន​បញ្ហា​របប​អាហារ

ក្រុង​ញូវយ៉ក : ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ក្មេងៗ​ដែល​ចូល​ចិត្ត​មើល​ទូរទស្សន៍​ច្រើន​ អាច​មាន​របប​អាហារ​មិន​ប្រក្រតី​។ អ្នក​ស្រី លា លីបស្កាយ ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​នៃ​វិទ្យាស្ថាន​ជាតិ​អឺនីក ខេនណឺឌី ស្រឺវឺ សម្រាប់​សុខភាព​កុមារ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​បាន​និយាយ​ថា៖ «​កាល​ណា​មើល​ទូរទស្សន៍​ច្រើន បាន​ធ្វើ​ឲ្យ​ការ​ទទួល​ទាន​អាហារ​នានា​ដូចជា​ផ្លែ​ឈើ បន្លែ​ប្រចាំ​ថ្ងៃ​មាន​ការ​ថយ​ចុះ​ ហើយ​កុមារ​បែរ​ជា​ចង់​ញាំ​អាហារ​ផ្ដេសផ្ដាស​ដូចជា​ស្ករ​គ្រាប់ ទឹក​សូដា​ និង​អាហារ​ឆាប់ឆ្អិន​ ឬជូន​កាល​ភ្លេច​ទាំង​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទៀត​ផង​»។
សហការី ​ស្រាវជ្រាវ​អ្នក​ស្រី ឡាណូទី បាន​និយាយ​ថា៖ «​មាន​ភស្តុតាង​ច្រើន​បាន​បញ្ជាក់​ពី​កត្តា​នៃ​ផល​ប៉ះ​ពាល់​មិន​ល្អ​ សម្រាប់​ក្មេង​ៗ​ដែល​មើល​ទូរទស្សន៍​នេះ។ វា​អាច​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ របស់​ពួកគេ​​ថយ​ចុះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​មិន​ល្អ​ផ្សេង​ទៀត​ដែរ»។
ការ​សិក្សា​ នេះ បាន​ចាប់​ផ្តើម​ស្រាវ​ជ្រាវ​លើ​ក្រុម​ក្មេងៗ របស់​អាមេរិក​ចំនួន ១២៦០០ នាក់​នៅ​កម្រិត​ថ្នាក់​ទី​៥​ដល់​ទី​១០ មាន​វ័យ​ជា​មធ្យម ១៣ ឆ្នាំ ចាប់​ពី​ឆ្នាំ​សិក្សា​២០០៩-២០១០ មក។ ការ​សិក្សា​នោះ បាន​ចេញ​ជា​លទ្ធផល​ក្នុង​ព្រឹត្តិបត្រ​ផ្សាយ Archives of Pediatrics & Adolescent Medicine របស់​អាមេរិក​នា​ខែ​ឧសភា​នេះ​៕