Thursday, December 27, 2012

គុណ​ប្រយោជន៍​នៃ​ការ​ពិសា​ទឹក​ផ្លែ​ត្របែក​

ផ្លែ​ត្របែក​គឺជា​ផ្លែ​ឈើ​ដែល​គេ​ និយម​ពិសា​បំផុត​នៅ​ក្នុង​ប៉ែក​អាស៊ី​នៃ​ពិភព​លោក​ ដោយ​ហេតុ​ថា​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ច្រើន​យ៉ាង​ជួយ​ដល់​សុខភាព​មនុស្ស។​ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​ជា​ផ្លែ​ឈើ​ដែល​មាន​រស​ជាតិ​ជូរ​អែម​ឆ្ងាញ់​គួរ​ឲ្យ​ចូល​ចិត្ត​ពិសា​ សម្រាប់​មនុស្ស​គ្រប់​វ័យ​ផង​ដែរ។​
យោង​តាម​គេហ​ទំព័រ​ healthyeatingfact.com ​បាន​បង្ហាញ​ថា​ផ្លែ​ត្របែក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ណាស់​ ដោយ​វា​ផ្តល់​ជា​ជំនួយ​ដល់​សុខភាព​ស្បែក​ សុខភាព​រាងកាយ​ ទប់​ស្កាត់​ការពារ​ជំងឺ​ផ្សេងៗ​ ព្រោះ​វា​មាន​វីតាមីន​មួយ​ចំនួន​ ដូចជា​ វីតាមីន​C ​វីតាមីន​ B, A ,​កាល់ស្យូម,​ ហ្វូសហ្វ័​ ,ធាតុ​ដែក​ និង​ប៉ិចទីន​ (Pectin)​។ ​ផ្លែ​ត្របែក​មាន​សារ​ធាតុ​សរសៃ​ខ្ពស់​ ដែល​ល្អ​ក្នុង​ការ​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ កម្ចាត់​ធាតុ​កខ្វក់​ផ្សេងៗ​ដែល​នៅ​ដក់​ជាប់​ក្នុង​ពោះវៀន។
​ចំណែកឯ​គេហ​ទំព័រ​ organicfacts.net ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ត្របែក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ​ទាំង​ស្លឹក​ និង​ផ្លែ​របស់​វា។​ គុណ​ប្រយោជន៍​នៃ​ត្របែក​ដែល​បាន​បង្ហាញ​នោះ​រួម​មាន៖​
​ការ​ព្យាបាល​ជំងឺ​រាគ​រូស​ ឬ​រាគ​មួល(​ដោយ​បុក​ចំរាញ់​យក​ទឹក​ក្នុង​ស្លឹក​មក​លាយ​នឹង​ទឹក​ស្អាត​ឬ​ទឹក​ ឆ្អិន​ពិសា) រោគ​ទល់​លាមក​(សម្អាត​ពោះវៀន)​ និង​ជំងឺ​ក្អក​ ឬ​ផ្តាសាយ​ ។ ​ការ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​(កាត់​បន្ថយ​ខូឡេស្តេរ៉ូល)។​ ជួយ​សម្រក​ទម្ងន់​ គ្រប់គ្រង​បញ្ហា​ទឹក​នោម​ផ្អែម​ ការពារ​ក្រពេញ​ប្រូស្តាត​(ក្រពេញ​មេ​ជីវិត​ឈ្មោល)​និង​ជួយ​ថែ​រក្សា​ស្បែក​ ឲ្យ​មាន​សំណើម​ស្រស់​ស្អាត​ក្មេង​ខ្ចី​ ​ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​A,B,C ​និង​ប៉ូតាស្យូម​ដែល​អាច​ជួយ​កម្ចាត់​ជាតិ​កខ្វក់​ និង​ទប់ស្កាត់​ភាព​ចាស់​ជ្រីវ​ជ្រួញ​ជាដើម។
ដូច្នេះ​ ដើម្បី​សុខភាព​សម្រស់​ សុខភាព​រាងកាយ​ និង​ការ​កាត់​បន្ថយ​ ក៏ដូចជា​ការពារ​ជំងឺ​ដង្កាត់​ផ្សេងៗ​ លោក​អ្នក​គួរ​តែ​អនុវត្ត​ពិសា​ទឹក​ផ្លែ​ត្របែក​ ឬ​ទឹក​ស្លឹក​របស់​វា​ឲ្យ​បាន​ញឹក​ញាប់ ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​ផង​ ថែម​ទាំង​មិន​សូវ​ចំណាយ​លុយ​កាក់​ច្រើន​ផង៕