Thursday, December 13, 2012

ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​ត្រូវ​ព្យាបាល​ដូចម្តេច​?

ជាធម្មតា ការព្យាបាល​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​តែងតែមាន​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិចស​ ម្រាប់​សម្លាប់​បាក់តេរី H. Pylori និង​ថ្នាំ​ផ្សេងៗ​ទៀត​សម្រាប់​កាត់បន្ថយ​កម្រិត​ជាតិ​អាស៊ីត​ក្នុង​ប្រព័ន្ធ ​រំលាយ​អាហារ​ដើម្បី​បន្ថយ​ការឈឺចាប់ ព្រមទាំង​អោយ​ដំបៅ​ឆាប់​ជា​ឡើងវិញ​។ អ្នក​ប្រហែលជា​ត្រូវ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​រហូតដល់ ពីរ​សប្តាហ៍ និង​ថ្នាំ​បន្ថយ​ជាតិ​អាស៊ីត​ប្រហែល ២​ខែ​ទៀត​។

​ប្រសិន​បើ​ជំងឺ​ ដំបៅ​ក្រពះ​ពោះវៀន​អ្នក​មិន​បង្ក​ដោយ​បាក់តេរី H. Pylori ទេ អ្នក​ក៏​ពុំ​ចាំបាច់​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ដែរ​។ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​ធ្វើការ​ព្យាបាល​តា​ម​ស្ថានភា​ពិសេសៗ​។ ឧទាហរណ៍ ប្រសិនបើ​ថ្នាំ​បំបាត់​ឈឺចាប់​បង្ក​អោយ​មាន​ដំបៅ គ្រូពេទ្យ​ប្រហែលជា​ចេញ​ថ្នាំ​ប្រភេទ​ផ្សេង​វិញ ឬ​មាន​កម្រិត​ថ្នាំ​ខុសគ្នា​។ គ្រូពេទ្យ​ក៏​ប្រហែល​ជា​អោយ​ថ្នាំ​បន្ថយ​អាស៊ីត​ដើម្បី​ជួយ​អោយ​ដំបៅ​នោះ​ ឆាប់​ជា​ឡើងវិញ ហើយ​ប្រហែលជា​ត្រូវ​ប្រើ​ចាប់​ពី​ពីរ​ខែ​ឡើង​ទៅ​។

​ការព្យាបាល​សម្រាប់​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​អាចមាន​៖

•ថ្នាំ ​អង់​ទី​បី​យ៉ូ​ទិចស​ម្រាប់​សម្លាប់ H. Pylori៖ ប្រសិនបើ​បាក់តេរី H. Pylori ត្រូវបាន​រក​ឃើញ​ក្នុង​ផ្លូវ​រំលាយ​អាហារ​អ្នក គ្រូពេទ្យ​ប្រហែលជា​ផ្សំ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ពីរ​បី​មុខ​ចូល​គ្នា​ ដើម្បី​សម្លាប់​វា​។ នៅ​សហរដ្ឋអាមេរិក អង់​ទី​បី​យ៉ូ​ទិច​ដែ​ល​ចេញ​សម្រាប់​ព្យាបាល H. Pylori រួមមាន Amoxicillin, Clarithromycin (Biaxin), metronidazole (Flagyl) និង Tetracycline​។ អ្នក​ទំនងជា​ត្រូវ​ប្រើ​ថ្នាំ​រហូត​ដល់​ពីរ​សប្តាហ៍​ឯណោះ​។

•​ថ្នាំ​ ទប់​ការផលិត​ជាតិ​អាស៊ី​ត និង​ជួយ​អោយ​ដំបៅ​ជាសះស្បើយ​៖ ថ្នាំ​ប្រភេទ Proton Pump Inhibitors អាច​កាត់បន្ថយ​អាស៊ីត​បាន តាមរយៈ​ការទប់ស្កាត់​សកម្មភាព​កោសិការ​ដែល​ផលិត​អាស៊ីត​។ ថ្នាំ​ទាំង​នេះ​អាច​មាន​វេជ្ជបញ្ជា និង​គ្មាន​វេជ្ជបញ្ជា Omeprazole (Prilosec), Lansoprazole (Prevacid), Rabeprazole (Aciphex), Esomeprazole (Nexium), និង Pantoprazole (Protonix)​។ ការប្រើ​ថ្នាំ Proton Pump Inhibitor រយៈពេល​យូរ ជាពិសេស​ក្នុង​កម្រិត​ខ្ពស់ ប្រហែល​ជា​ប្រឈម​កាន់តែខ្លាំង​នឹង​ការបាក់​ឆ្អឹងត្រគាក ម្រាមដៃ និង​ឆ្អ​ងក​ង​ខ្នង ដូច្នេះ​ចូរ​សួរ​គ្រូពេទ្យ​បន្ថែមទៀត​ថា​ត្រូវ​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​ កាល់ស្យូម​បន្ថែម ឬក៏​អត់​ដើម្បី​កាត់បន្ថយ​ការប្រឈមមុខ​នេះ​។

•​ ថ្នាំ​សម្រាប់​កាត់បន្ថយ​ការផលិត​អាស៊ី​ត​៖ ថ្នាំ​សម្រាប់​ទប់​ជាតិ​អាស៊ីត Histamin (H-2) Blockers អាច​កាត់បន្ថយ​ចំនួន​អាស៊ី​ត​ដែល​បញ្ចេញ​ទៅ​ក្នុង​ផ្លូវ​រំលាយ​អាហារ ព្រមទាំង​បន្ថយ​ការឈឺចាប់​ដោយសារតែ​មាន​ដំបៅ និង​អោយ​ដំបៅ​នោះ​ឆាប់​ជា​។ ថ្នាំ​នេះ​អាច​រក​ទិញ​បាន​ដោយ​ពុំ​ចាំបាច់​មាន​វេជ្ជបញ្ជា​ទេ នោះ​គឺ Ranitidine (Zantac), Famotidine (Pepcid), Cimetidine (Tagamet) និង Nizatidine (Axid)​។

•​ថ្នាំបន្សាប​ជាតិ​អាស៊ី​ត​៖ គ្រូពេទ្យ​ប្រហែលជា​អាច​ប្រើ​ថ្នាំបន្សាប​អាស៊ីត​ដែរ ព្រោះ​វា​អាច​ជួយ​បំបាត់​នូវ​ការឈឺចាប់​បាន​លឿន​។ ចំពោះ​ផល​រំខាន​របស់​វា​មាន ទល់​លាមក ឬ​រាគ អាស្រ័យ​ទៅលើ​ធាតុ​ផ្សំ​របស់​វា​។

•​ថ្នាំ​ការពារ​ភ្នាស​ខាងក្នុង​ របស់​ក្រពះ និង​ពោះវៀនតូច​៖ ករណីខ្លះ គ្រូពេទ្យ​ប្រហែលជា​ចេញ​ថ្នាំ Cytoprotective Agent ដើម្បី​ជួយ​ការពារ​ជាលិការ​នៅលើ​ភ្នាស​ខាងក្នុង​ក្រពះ និង​ពោះវៀនតូច ដែល​ថ្នាំ​ទាំងនោះ​មាន Sucralfate (Carafate) និង Misoprostol (Cytotec)​។ ថ្នាំ​ការពារ​ក្រពះ​ផ្សេងទៀត​មាន Bismuth Subsalicylate (Pepto-Bismol)​។

​ការតាមដាន​ក្រោយពី​ព្យាបាល​រួច​
​ ការព្យាបាល​សម្រាប់​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​ច្រើនតែ​ទទួលបាន​ជោគជ័យ ប៉ុន្តែ​ប្រសិនបើ​រោគសញ្ញា​របស់​អ្នក​ធ្ងន់ធ្ងរ ឬ​ចេះតែ​បន្ត​ព្យាបាល​រហូត គ្រូពេទ្យ​ប្រហែលជា​ត្រូវធ្វើ​ការថត​ក្នុង​ក្រពះ ដើម្បី​ទាត់ចោល​មូលហេតុ​ដែល​អាច​កើត​មាន​ផ្សេងទៀត​ចេញ​។ ករណី​ដំបៅ​ត្រូវបាន​រក​ឃើញ​ក្នុង​ពេល​ថត​ឆ្លុះ​ក្រពះ គ្រូពេទ្យ​អាច​នឹង​ត្រូវ​ថត​ឆ្លុះ​ក្រពះ​ផ្សេង​មួយទៀត​ក្រោយ​ដើម្បី​ ប្រាកដថា ដំបៅ​របស់​អ្នក​នោះ​ជា​ហើយ​ឬ​នៅ​។

​ដំបៅ​មិន​ជា​
​ដំបៅ​ក្រពះ​ពោះវៀន​ដែល​មិន​អា​ជា​ឡើងវិញ​គេ​ហៅ​វា​ថា Refractory Ulcers​។ ហេតុផល​ដែល​ធ្វើអោយ​ដំបៅ​នេះ​មិន​អាច​ជា​មាន​៖
•​មិន​ប្រើ​ថ្នាំ​តាម​គោលដៅ​ត្រឹមត្រូវ​
•​បាក់តេរី H. Pylori ស៊ាំ​នឹង​អង់​ទី​បី​យ៉ូ​ទិច​
•​ជក់បារី​ជាប្រចាំ​
•​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​ធ្វើអោយ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​ដំបៅ​ក្រពះ​
​អ្វី​ដែល​មិនសូវមាន​ចំពោះ​ដំបៅ​មិន​ជា​គឺ​៖
•​ជំងឺ Zollinger-Ellison Syndrome ដែល​ធ្វើអោយ​ក្រពះ​ផលិត​អា​ស៊ិត​ច្រើនពេក​
•​មាន​ការបង្ក​រោគ​ច្រើន​ជាង​ទៀត​
•មហារីកក្រពះ​
•​មាន​ជំងឺ​ផ្សេង​ទៀត​ដែល​ធ្វើ​អោយ​ឈឺចាប់​ដូច​ការ​មាន​ដំបៅ​ក្រពះ និង​ពោះវៀនតូច ដូចជា Crohn’s Disease​។​
​ ការព្យាបាល​ចំពោះ​ដំបៅ​មិន​ជា​ជាទូទៅ​ត្រូវ​លុបបំបាត់​កត្តា​ទាំងឡាយណា​ដែល​ រំខាន​ដល់​ការ​ជា​របស់​វា ជាមួយ​នឹង​ការប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ផ្សេង​៕


អត្ថបទត្រួតពិនិត្យដោយវេជ្ជ.ងួន​ សេរ័ត្ន​