Thursday, December 27, 2012

គុណ​ប្រយោជន៍​៦​យ៉ាង​នៃ​គ្រាប់​ផ្កា​ឈូក​រ័ត្ន​

ផ្កា​ឈូក​រ័ត្ន​ត្រូវ​បាន​ចាប់​ផ្តើម​ប្រើ​ប្រាស់​ដំបូង​ដោយ​ជន​ជាតិ​ដើម ​អាមេរិក​ ប្រមាណ​ជាង​៥០០០​ឆ្នាំ​កន្លង​ទៅ​ហើយ​ក្រោយ​មក​បាន​រីក​សាយ​ភាយ​ទូទាំង​ពិភព​ លោក។​ បច្ចុប្បន្ន​ គ្រាប់​ផ្កា​ឈូក​រ័ត្ន​ត្រូវ​បាន​ផលិត​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​នៅ​ប្រទេស​ រុស្ស៊ី ​ប៉េរូ ​អាហ្សង់ទីន​ អេស្ប៉ាញ ​បារាំង​ និង​ចិន។​
យោង​តាម​ការ​ស្រាវ​ជ្រាវ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​គេហ​ទំព័រ​សុខភាព​ www.healthdiaries.com ​បាន​បញ្ជាក់​ថា​គ្រាប់​ផ្កា​ឈូក​រ័ត្ន​មាន​គុណ​ប្រយោជន៍​ដល់​សុខភាព​ដូច​ ខាង​ក្រោម៖​
១.​សុខភាព​បេះ​ដូងៈ ​គ្រាប់​ផ្កា​ឈូក​រ័ត្ន​សម្បូរ​ដោយ​វីតាមីន​ E ​ដែល​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ការពារ​ជំងឺ​បេះដូង​ហើយ​វា​ក៏​ជា​សារ​ ធាតុ​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​ ដែល​ជួយ​ដល់​ការ​ទប់​ស្កាត់​ខូលេស្តេរ៉ូល​ផង​ដែរ​។​ វា​ជួយ​ការពារ​មិន​ឲ្យ​មាន​ការ​ស្ទះ​សរសៃ​ឈាម​ធំ​ក្នុង​បេះដូង​ ជំងឺ​គាំង​បេះដូង​ ឬ​ការ​ដាច់​សរសៃ​ឈាម​ដល់​ទៅ​៩០%​ ប្រសិន​បើ​អ្នក​ពិសា​វា​(វីតាមីន​E) ​បាន​១/៤ ​កែវ​នៃ​គ្រាប់​ផ្កា​ឈូក​រ័ត្ន​រៀង​រាល់​ថ្ងៃ។​
២.​ប្រឆាំង​នឹង​ការ​រលាក​រោលៈ​ ដោយសារ​គ្រាប់​ផ្កា​ឈូក​រ័ត្ន​សម្បូរ​ទៅ​ដោយ​វីតាមីន​E ដូច្នេះ​ហើយ​វា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រំលាយ​ជាតិ​ខ្លាញ់​ និង​ម៉ូលេគុល​ផ្សេងៗ​ ដូចជា​ ភ្នាស​កោសិកា​ កោសិកា​ខួរ​ក្បាល​ និង​ខូលេស្តរ៉ូល​នៅ​ក្នុង​សព៌ាង្គកាយ​ទាំង​មូល។​ ផ្កា​ឈូក​រ័ត្ន​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រលាក​រោល​ ផ្សេងៗ​ ដែល​បណ្តាល​មក​ពី​រោគ​សញ្ញា​នៃ​ជំងឺ​ហឺត​ និង​ជំងឺ​សន្លាក់​ឆ្អឹង​ផ្សេងៗ។​
៣.​ការពារ​ពី​ជំងឺ​មហារីកៈ​ តាម​សិក្សា​បាន​បង្ហាញ​ថា​ក្នុង​ផ្កា​ឈូក​រ័ត្ន​មាន​សេលេ​ញ៉ូម​ច្រើន​ដែល​ អាច​ជួស​ជុល​ADN​ និង​ផលិត​កោសិកា​ដែល​ខូច​ឡើង​វិញ។​ វា​ជួយ​កាត់​បន្ថយ​ជំងឺ​មហារីក​ផ្សេងៗ​ បាន​ដល់​ទៅ​៣០%​ បើ​អ្នក​ពិសា​វា​រៀង​រាល់​ថ្ងៃ​ ដូចជា​ មហារីក​ពោះវៀនធំ​ មហារីក​ផ្លោកនោម​ និង​មហារីក​ក្រពេញ​ឈ្មោល​(គ្រន្ថី)។​
៤.​សុខភាព​ឆ្អឹងៈ​ នៅ​ក្នុង​ផ្កា​ឈូក​រ័ត្ន​សម្បូរ​ដោយ​ម៉ាញ៉េស្យូម​ ដែល​វា​ជួយ​ពង្រឹង​ឆ្អឹង​ឲ្យ​លូតលាស់​មាន​សុខភាព​ល្អ​ប្រសើរ។​ ចំណែក​ឯ​ជាតិ​ទង់ដែង​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្កា​ឈូក​រ័ត្ន​ដែរ​ ដែល​មាន​សារ​សំខាន់​ដល់​តួនាទី​នៃ​ដំណើរ​ការ​អង់ស៊ីម​ក្នុង​ការ​បញ្ជ្រាប​ តាម​សរសៃ​ទឹក​ប្រូតេអ៊ីន​ដើម្បី​ឲ្យ​ឆ្អឹង​រឹងមាំ​បាន​ល្អ។​
៥.​ល្អ​ដល់​សរសៃ​ប្រសាទៈ​ ម៉ាញ៉េ​ស្យូម​ជួយ​ឲ្យ​សរសៃ​ប្រសាទ​ខួរ​ក្បាល​ សរសៃ​ឈាម​ និង​សាច់ដុំ​បាន​សម្រាក។​ ខ្វះ​ម៉ាញ៉េ​ស្យូម​នាំ​ឲ្យ​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ចុក​សាច់ដុំ ​ឈឺ​ក្បាល​មួយ​ចំហៀង​ និង​អស់​កម្លាំង​ល្ហិតល្ហៃ។​
៦.​ជួយ​ស្បែកៈ​តាម​ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​វីតាមីន​E ដែល​មាន​នៅ​ក្នុង​គ្រាប់​ផ្កា​ឈូក​រ័ត្ន​មាន​សារ​សំខាន់​ណាស់​ក្នុង​ការ​ជួយ ​ដល់​កោសិកា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​ ជាពិសេស​គឺ​ការ​ខូច​ដោយ​សារ​កំដៅ​UV ​ផ្ទាល់​៕​