Saturday, December 29, 2012

ជម្ងឺ​អាឡែកស៊ី​ច្រមុះ

ការតឹង​ច្រមុះ រមាស់​ច្រមុះ ហៀរ​សម្បោរ រមាស់​ក្រអូមមាត់ រមាស់​ក ឈឺក មាន​ស្លេស្មច្រើន ឈឺក្បាល នេះអាចជា​រោគសញ្ញា​នៃជម្ងឺ​អាឡែកស៊ី​ច្រមុះ។ ជម្ងឺ​អាឡែកស៊ី​ច្រមុះ​នេះ គេសង្កេត​ឃើញថា​២ភាគ៣​នៃអ្នក​ជម្ងឺ ច្រើនតែ​កើតមាន​ឡើងមុន​អាយុ​៣០ឆ្នាំ ហើយ​ក្មេងៗ​ឧស្សាហ៍​កើតជាង​មនុស្ស​ចាស់។ ជម្ងឺនេះ​ភាគច្រើន​បង្កឡើង​ដោយសារ​បរិស្ថាន ឬ​អាច​បណ្ដាល​មកពី​តំណពូជ​ក៏ថាបាន។

ទស្សនាវដ្ដី សុខភាព​យើង បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ឯកទេស​ច្រមុះ​បំពង់ក​ត្រចៀក នៅ​មន្ទីរពេទ្យ​ព្រះអង្គឌួង លោកនឹង​ធ្វើការ​បកស្រាយ​អំពី​ប្រធានបទ​ជម្ងឺ​អាឡែកស៊ី​ច្រមុះ ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បាន​ជ្រាបកាន់តែ​ច្បាស់​អំពីបញ្ហា​នេះ។
ជម្ងឺ​អាឡែកស៊ី​ច្រមុះ​ជាអ្វី?
ជម្ងឺ​អាឡែកស៊ី​ច្រមុះ​គឺជា​ប្រភេទ​ជម្ងឺ​ដែល​បណ្ដាល​មកពី​ការ​រលាក​ ច្រមុះ ឬ​ផ្លូវដង្ហើម​លើ ដោយសារ​សារធាតុ​ផ្សេងៗ ជាពិសេស​សារធាតុ​ដែលមាន​ក្នុង​ខ្យល់​ធូលី លម្អង​ផ្កា ដែលគេ​ហៅថា អាឡែក​ស្សែន។ នៅពេល​ដែលម​នុស្ស​បញ្ចេញនូវ​គ្រឿង ការពារ​ដែល​ហៅថា​អង់ទីគ័រ ដើម្បី​ប្រឆាំង​ទប់ទល់​នឹងអាឡែកស្សែន​ដែលមាន​នៅក្នុង​ខ្យល់​រួចក៏​បង្កើតបាន ​ជាជម្ងឺ​អាឡែកស៊ី​ច្រមុះ​នេះតែម្ដង។
មូលហេតុ​បង្កអាឡែកស៊ី​ច្រមុះ
មូលហេតុ​ដែល​បណ្ដាលឱ្យ​លោកអ្នក​កើតមាន​ជម្ងឺ​អាឡែកស៊ី​ច្រមុះនេះ​ដោយសារ​តែកត្ដាធំៗ​ពីរគឺ ៖
1 . តាម​រដូវកាល ដល់ពេល​មានការ​ផ្លាស់ប្ដូរ​រដូវ​ទើបមាន​អាឡែកស៊ី​ច្រមុះ​កើតមាន​ឡើង ហើយ​ច្រើនតែ​កើតមាន​ឡើង ដោយសារ​ការចេញ​លម្អងផ្កា ឬ​លម្អង​ឈើផ្សេងៗ​ជាដើម។
2 .មកពី​ធូលី រោមសត្វ តំណពូជ និង​សារធាតុ​ផ្សេងៗ ដែលមាន​នៅក្នុង​ផ្ទះ​របស់​លោកអ្នក ជាហេតុ​ដែលធ្វើឱ្យ​លោកអ្នក​កើតមាន​ជម្ងឺ​អាឡែកស៊ី​ច្រមុះ​បាន។
រោគ​សញ្ញា និង​រោគវិនិច្ឆ័យ​ជម្ងឺ​អាឡែកស៊ី​ច្រមុះ
រោគ​សញ្ញា​ដែលបង្ហាញ​ឱ្យដឹងថា​ជាជម្ងឺ​អាឡែកស៊ី​ច្រមុះ មាន​ដូចជា​ក្អកក្រដាស​ច្រើន​នៅពេលព្រឹក តឹង​ច្រមុះ រមាស់​ច្រមុះ ហៀរ​សម្បោរ ហើយការ​ហៀរសម្បោរ​ដំបូង​ជាទឹកថ្លា ក្រោយមក​អាចទៅជា​ខាប់។ ការខាប់​ដោយសារ​តែមាន​ការ​រលាក​បន្ថែម វា​ធ្វើឱ្យ​រមាស់ភ្នែក រមាស់ក្រអូម​មាត់ រមាស់ក ឈឺក អាច​មានស្លេស្ម​ច្រើន អាចមាន​ឈឺក្បាល នេះ​សុទ្ធសឹង​ជារោគសញ្ញា​ជម្ងឺ​អាឡែកស៊ី​ច្រមុះ។
ក្នុងការ​ធ្វើរោគវិនិច្ឆ័យ​ត្រូវ​សាកសួរ​អំពី​ប្រវត្ដិ​របស់​អ្នកជម្ងឺ ថាតើ​គាត់​ចាប់ផ្ដើម​ធ្វើទុក្ខនៅពេល​ណា នៅកន្លែង​ណា។ ហើយ​ការធ្វើ​ទុក្ខនៅតាម​រដូវ ឬក៏​ធ្វើទុក្ខ​រាល់ថ្ងៃ ហើយ​ការធ្វើ​ទុក្ខ​ដូចបាន​រៀបរាប់​ខាងលើ​នេះដែរ​ឬអត់។ ប៉ុន្ដែ​ជួនកាល​រោគសញ្ញា​របស់​អ្នកជម្ងឺ​អាចធ្វើឱ្យ​លោកអ្នក​ដឹងថា​ជាជម្ងឺ​ អាឡែកស៊ី​បាន ជួនកាល​អាច​ពិនិត្យ ហើយ​ការពិនិត្យ​នេះត្រូវ​ពិនិត្យ​ទៅលើមាត់ បំពង់ក ត្រចៀក ជាពិសេស​ច្រមុះ​អាចមាន​បញ្ហា​សើម រីក ឬ​មានដុះសាច់​ក្នុងច្រមុះ ដែលហៅថា​ឫសដូង​ច្រមុះ ឬក៏មាន​បញ្ហាខ្លះៗ ដូចជា​វៀច ខ្ទង់ច្រមុះ​ជាដើម។ ការ​វៀចខ្ទង់​ច្រមុះនេះ​មិនមែន​ធ្វើឱ្យ​មានអាឡែកស៊ី​ទេ គ្រាន់តែ​ថាមានការ​វៀចខ្ទង់​ច្រមុះផង និង​អាឡែកស៊ី​ផង វាធ្វើឱ្យ​អ្នកជម្ងឺ​ពិបាក​ក្នុងការ​ដកដង្ហើម។ កត្ដា​ភាគច្រើន​ដែល​ទាក់ទង​នឹងអាឡែកស៊ី​ច្រមុះ សំខាន់​ជាងគេ​គឺបណ្ដាល​ឱ្យកើត​មានជម្ងឺ​ឫសដូង​ច្រមុះ​ទៅថ្ងៃ​ក្រោយ។ ក្នុ្នងការ​ធ្វើរោគ​វិនិច្ឆ័យ​ផ្សេងៗ​ទៀត ដូចជាការ​ធ្វើតេស្ដ​នៅលើ​ស្បែកអ្នក​ជម្ងឺ ឬ​មួយក៏ធ្វើ​តេស្ដ ដោយយក​ឈាម​ទៅពិនិត្យ​ក៏បាន​ហើយមាន​ប្រសិទ្ធភាព​ជាង។
ផល​ប៉ះពាល់​របស់ជម្ងឺ​អាឡែកស៊ី​ច្រមុះ
ផល​ប៉ះពាល់​នៃជម្ងឺ​អាឡែកស៊ី​ច្រមុះ​គឺមាន​ច្រើន ប្រសិនជា​លោកអ្នក​មិនយក​ចិត្ដទុកដាក់​ក្នុងការ​ព្យាបាល​ទេអាចមាន​ផលវិបាក​ ជាមិនខាន។ ឧទាហរណ៍​ករណី​ការរលាក​ច្រមុះ ហើយ​ការ​រលាក​ច្រមុះ​អាចធ្វើ​ឱ្យរលាក​ដល់ទីនីស ព្រោះ​ទីនីស​គឺជាឆ្អឹង​ប្រហោង​ក្នុងដែល​ស្ថិតនៅ​ជុំវិញ​ច្រមុះ​របស់​មនុស្ស​ ដែលមាន​ទីនីស​ច្រើន មាន​ដូចជា​នៅថ្គាម ថ្ងាស នៅចន្លោះ​ភ្នែកច្រមុះ និង​ស្ថិតពីក្រោ​យ​ច្រមុះ។ នៅពេល​ដែលមាន​ការរលាក​ច្រមុះ ឬរលាក​ទីនីស​អាចធ្វើឱ្យ​កើតជា​ឫសដូង​ច្រមុះ ដែលអាច​ប៉ះពាល់​ទៅដល់​ត្រចៀក រហូត​ធ្វើឱ្យ​រលាក​ត្រចៀក​កើតជាអំបៅ​អំបែក អាច​ប៉ះពាល់​ដល់ភ្នែក ប៉ះពាល់​ទៅដល់​សើស្បែក បង្កទៅជា​កន្ទាល​ក្រហម ជាំ ជួនកាល​អាចកើតជា​ហឺតបាន​ដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណឹងទេ កាលណា​ដែល​លោកអ្នក​កើតមាន​ជម្ងឺនេះ វាអាច​ធ្វើឱ្យ​មានផល​ប៉ះពាល់​ទៅដល់​ការងារ​ប្រចាំថ្ងៃ ការ​សិក្សា​រៀនសូត្រ ព្រោះ​វាធ្វើឱ្យ​លោកអ្នក​អស់កម្លាំង ឈឺក្បាល ទទួលទាន​ដំណេក​មិនបាន ហើយ​ផលវិបាក​មួយទៀត​គឺខាង​ថវិកាទៀត។
វិធី​ការពារ​ជម្ងឺ​អាឡែកស៊ី​ច្រមុះ
វិធី​ការពារ​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​បំផុតនោះ លោកអ្នក​គួរ​ចៀសវាង មិនត្រូវ​ប៉ះពាល់​ឬស្រូប​នូវសារធាតុ​ផ្សេងៗ ដែលបង្ក​ឱ្យកើតជម្ងឺ​អាឡែកស៊ី​នេះ។ ពេលចេញ​ដើរ​ទៅណាមកណា​ត្រូវ​ពាក់ម៉ាស​ការពារ​ឱ្យបាន​ខ្ជាប់ខ្ជួន នៅផ្ទះ​ត្រូវ​បិទបង្អួច​ដើម្បីកុំ​ឱ្យ​សារធាតុ​ផ្សេងៗ ឬធូលី​ចូលបាន​តាមរយៈ​ខ្យល់ ត្រូវ​សម្អាតផ្ទះ​ឱ្យបាន​ស្អាតបាត។ ហើយ​សម្រាម​នៅពេល​ដែល​លោកអ្នក​បោស​ត្រូវខ្ចប់​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​ត្រូវមាន​អនាម័យខ្លួន​ជានិច្ច។
ដំបូន្មាន​របស់​អ្នកប្រឹក្សា
ដើម្បី​រក្សាសុខភាព​ឱ្យបាន​ល្អ លោកអ្នក​ត្រូវ​ចៀសវាង​នូវ​ប្រការខ្លះៗ​ដូចបាន​រៀបរាប់​ខាងដើម និង​កត្ដា​មួយចំនួន​ទៀត ដូចជា​ត្រូវចៀសវាង​នូវ​សារធាតុ​ផ្សេងៗ​ដែលធ្វើ​ឱ្យលោកអ្នក​កើតអាឡែកស៊ី និង​ត្រូវមាន​អនាម័យ​តាំងពី​ការបោស ទុកដាក់​សម្រាម​ការសម្អាត​ទីលំនៅ​សព្វគ្រប់បែបយ៉ាង​ទាំងអស់។
បច្ចុប្បន្ននេះ​ប្រទេសកម្ពុជា​មានថ្នាំ​សម្រាប់​ព្យាបាល​ដោយ​ខ្លួនឯង​បាន ប៉ុន្ដែ​ក្នុងករណី​ខ្លះ​លោកអ្នក​មិនត្រូវ​ព្យាបាល​ដោយ​ខ្លួនឯង​ទេ ត្រូវតែ​ទៅជួប និង​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទើបជាការ​ប្រសើរ។

ប្រភព៖ទស្សនាវដ្ឋីសុខភាពយើង