ចំណីអាហារមានតួនាទីសំខាន់ណាស់សម្រាប់ទ្រទ្រង់រាងកាយរបស់ មនុស្សគ្រប់រូប។ ចំណីអាហារអាចជួយធ្វើឱ្យលោកអ្នកមានសុខភាពល្អមានសម្រស់ស្រស់ថ្លា និងមានកម្លាំងខ្លាំងក្លាខណៈណាដែលលោកអ្នកបរិភោគអាហារមានកាល កំណត់កម្រិតច្បាស់ លាស់ត្រឹមត្រូវ ហើយអាហារទាំងនោះប្រកបទៅដោយគុណភាព។ តែផ្ទុយ ទៅវិញ ប្រសិនបើយើងបរិភោគអាហារដែលគ្មានគុណ ភាព ហួសពេលកំណត់ ប្រើប្រាស់នោះ វានឹងអាចបណ្ដាលឱ្យកើតមានជម្ងឺផ្សេងៗ និងធ្វើឱ្យប្រព័ន្ធសរីរាង្គកាយធ្លាក់ចុះ មិន ខាន។
អាហារហួសពេលកំណត់ គឺជាប្រធានបទមួយដែលទស្សនាវដ្ដី សុខភាពយើងលើក យកមកធ្វើការបកស្រាយនៅក្នុងលេខ ថ្មីនេះ ដោយមានការចូលរួមបកស្រាយពីលោក លឹម រតនៈ អនុប្រធាននាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿង សម្អាងនៃក្រសួងសុខាភិបាល។
អាហារហួសពេលកំណត់ជាអ្វី?
អាហារហួសពេលកំណត់ គឺជាប្រភេទចំណីអាហារដែលហួសកាលបរិច្ឆេទក្នុងការប្រើប្រាស់ហួស ពេលកំណត់ក្នុងការ ថែរក្សាទុក និងមានការប្រែប្រួលគុណភាព ក្លិន និងរសជាតិនៃអាហារ។
ប្រភេទអាហារហួសពេលកំណត់
ចំណីអាហារដែលយើងបរិភោគរាល់ថ្ងៃមានច្រើនប្រភេទណាស់តែនៅពេល នេះយើងខ្ញុំសូមធ្វើការបែងចែកអាហារជាពីរប្រភេទ គឺប្រភេទអាហារផលិតភ្លាមៗ ឬអាហារដែលចម្អិនបរិភោគប្រចាំថ្ងៃ និងប្រភេទអាហារដែលធ្វើការវេចខ្ចប់ឬច្រកក្នុងកំប៉ុង ដើម្បីរក្សាទុកគុណភាពក្នុងរយៈពេលយូរ។
- ប្រភេទអាហារផលិតភ្លាមៗ ៖ ចំពោះ អាហារប្រភេទនេះ លោកអ្នកអាចធ្វើការសម្គាល់បានដោយងាយបំផុតតាមរយៈ ការមើលដោយភ្នែកផ្ទាល់ និងការហិតក្លិន។ ជាឧទាហរណ៍ អាហារហួសពេលកំណត់មានក្លិនជូរ ផ្អូមមានដុះផ្សិតផ្អួរតូចៗ និងមានការ ប្រែពណ៌ខុសពីធម្មតាជាដើម។
- ប្រភេទអាហារធ្វើការវិចខ្ចប់ ៖ជា ប្រភេទអាហារដែលគេយកវត្ថុធាតុដើមទៅបញ្ចូលក្នុងរោងចក្រដើម្បី ផលិតចេញជា ប្រភេទអាហារស្ងួត ឬអាហារមានជាតិទឹក ហើយអាចរក្សារសជាតិនៅក្នុងកញ្ចប់ និងកំប៉ុងបានរយៈពេលយូរ។ យើងអាចដឹងថាជាអាហារហួសពេលកំណត់ដោយពិនិត្យមើលកាលបរិច្ឆេទប្រើ ប្រាស់ ដែលមានសរសេរនៅលើសម្បកកញ្ចប់និងសម្បកកំប៉ុង។
ការពុលចំណីអាហារមិនមែនកើតឡើងដោយសារតែការបរិភោគអាហារដែល មានសារធាតុគីមីពុលប៉ុណ្ណោះទេតែវាក៏អាចកើតមានឡើងដោយសារការ បរិភោគអាហារដែលហួសកាលកំណត់ផងដែរ។
- ផលប៉ះពាល់ដល់សុខភាព ៖ ការបរិ ភោគអាហារដែលហួសឬគ្មានកាលកំណត់នូវពេលវេលាច្បាស់លាស់អាចបង្កឱ្យ មាន នូវជម្ងឺផ្សេងៗ ដូចជាជម្ងឺរាក ក្អួត ចុកពោះ គ្រុនពោះវៀន ឈឺក្រពះ រលាកប្រព័ន្ធរំលាយអាហារឬជម្ងឺមហារីក។ គ្រោះថ្នាក់ដែល បង្កឡើងក្រោយពីការបរិភោគអាហារទាំងអស់នេះហើយគឺជាហេតុផលដែលគួរ តែធ្វើការពិចារណាមុននឹងសម្រេចចិត្ដទិញចំណី អាហារយកមកបរិភោគ។
- ផលប៉ះពាល់ដល់សង្គម ៖ គិតមកដល់ ពេលបច្ចុប្បន្ននេះអាហារហួសពេលកំណត់នៅតែជាបញ្ហាយ៉ាងស្មុគស្មាញ និងកំពុង ធ្វើចរាចរនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ អាហារហួសពេលកំណត់មិនត្រឹមតែធ្វើឱ្យមានជម្ងឺប៉ុណ្ណោះទេតែវា ក៏ធ្វើឱ្យមានការខាតបង់ នូវថវិកា ពេលវេលា ឬអាចបាត់បង់នូវអាយុជីវិតថែមទៀតផងប្រសិនបើធ្វើការព្យាបាលមិន ទាន់ពេលវេលា។
ដើម្បីទប់ស្កាត់កុំឱ្យមាននូវប្រភេទអាហារហួសពេលកំណត់ចរាចរណ៍ នៅលើទីផ្សារនោះគឺត្រូវមានការសហការណ៍រវាង ក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មជាពិសេសផ្នែកកាំកុងត្រូលត្រូវពិនិត្យការ នាំចូលនូវចំណីអាហារពីបណ្ដាប្រទេសផ្សេងៗ ទាំងគុណភាព ទាំងអនាម័យឱ្យបានតឹងរ៉ឹង ហ្មត់ចត់ ដើម្បីការពារនិងលុបបំបាត់ប្រភេទអាហារដែលបណ្ដាលឱ្យមានការប៉ះ ពាល់សុខ ភាពរបស់ប្រជាពលរដ្ឋទាំងមូល។
ដំបូន្មានអ្នកប្រឹក្សា
សូមបងប្អូនអាជីវករទាំងអស់ចូលរួមស្វែងយល់ពីការណែនាំលើ បញ្ហាសុវត្ថិភាពចំណីអាហារតាមរយៈការផ្សព្វផ្សាយដូច ជាទូរទស្សន៍ វិទ្យុ ឯកសារ ឬការអប់រំផ្ទាល់ពីភ្នាក់ងារបុគ្គលិកក្រសួងសុខាភិបាល ឬអង្គការដែលពាក់ព័ន្ធ។ ជាពិសេសចំពោះអតិថិជន ត្រូវយកចិត្ដទុកដាក់ពិនិត្យមើលគុណភាពអាហារឱ្យបានត្រឹមត្រូវ មុននឹងទិញយកមកទទួលទាន។