Sunday, December 23, 2012

​មនុស្ស​ជំទង់​គេង​មិន​គ្រប់​អាច​នាំអោយ​មាន​ជំងឺ​ទឹកនោម​ផ្អែម​?

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការ​គេ​ង​បាន​ច្រើន​អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​មនុស្ស​វ័យ​ជំទង់​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោម​ផ្អែម​នៅ​ថ្ងៃ​អនាគត​។​

​ក្នុង​រយៈពេល​មួយ​សប្តាហ៍​, អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​បរិមាណ​នៃ​ការ​គេង និង​កម្រិត​នៃ​ភាពស៊ាំ​នៃ​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​លើ​សិស្ស​វិទ្យាល័យ​ចំនួន​២៤៥​នាក់​។ ជា​សរុប​, សិស្ស​ជា​មធ្យម​បាន​គេង​៦,៤​ម៉ោង​ក្នុង​មួយ​យប់ ប៉ុន្តែ​មិន​សូវ​ជា​បាន​គេង​នៅ​ថ្ងៃ​សិក្សា​ជាង​ថ្ងៃ​ចុង​សប្តាហ៍​។​

​ការថយចុះ​កម្រិត​នៃ​ការ​គេង​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ភាពស៊ាំ​នឹង​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​ខ្ពស់​ដែល​ត្រូវបាន​កំណត់​ដោយ​ការ​ធ្វើតេស្ត​ឈាម សូម្បី​តែ​បាន​មើល​ទៅលើ​ជាតិ​សាសន៍​, អាយុ​, ភេទ​, ទំហំ​ចង្កេះ និង​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​របស់​សិស្ស​ក៏ដោយ​។ នេះ​ដោយយោង​តាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Sleep​។​

​ខា​រេ​ន ម៉ា​ស៊ូ​វ (Karen Matthews) ដែល​មកពី​សាកលវិទ្យាល័យ Pittsburgh បាន​និយាយថា កម្រិត​ខ្ពស់​នៃ​ភាពស៊ាំ​នៃ​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​អាច​នាំអោយ​មាន​ការវិវត្ត​នៃ​ជំងឺ​ទឹកនោម​ផ្អែម​។ យើង​បាន​រកឃើញថា ប្រសិនបើ​មនុស្ស​វ័យ​ជំទង់​ទាំងនោះ​គេង​បាន​៦​ម៉ោង​ជាធម្មតា​ក្នុង​មួយ​យប់ៗ​នោះ ហើយ​គេង​បន្ថែម​មួយ​ម៉ោង​នៅ​ពេល​ថ្ងៃនោះ​, ពួកគេ​នឹង​មាន​ភាពប្រសើរឡើង​នូវ​ភាពស៊ាំ​នឹង​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​ដល់​ទៅ​៩%​។​

​ការស្រាវជ្រាវ​នេះ​គឺជា​ការស្រាវជ្រាវ​ដំបូង​ចំពោះ​មនុស្ស​វ័យ​ជំទង់​ក្នុង​ការបង្ហាញ​ពី​ការផ្សារភ្ជាប់​គ្នា​រវាង​បរិមាណ​នៃ​ការ​គេង និង​ភាពស៊ាំ​នឹង​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​, នេះ​ដោយ​យោង​តាម ម៉ា​ស៊ូ​វ​។​

​អ្នកស្រាវជ្រាវ​បាន​សរុប​ថា កម្ម​វិធី​ដើម្បី​ផ្តល់​ភាព​ប្រសើរ​ឡើង​នៃ​សុខភាព​មនុស្ស​វ័យ​ជំទង់​គួរតែ​រាប់បញ្ចូល​លើ​សកម្មភាព​ដែល​បង្កើន​ទៅលើ​កម្រិត​នៃ​ការ​គេង​របស់​ក្មេង​ជំទង់​ទាំងនោះ​។ ដោយយោង​តាម​American Academy of Sleep Medicine បានអោយដឹងថា មនុស្ស​វ័យ​ជំទង់​ភាគច្រើន​បំផុត​ត្រូវកា​រគេង​អោយបាន​យ៉ាងហោច​ណាស់​៩​ម៉ោង​ក្នុង​មួយ​យប់ៗ​៕