Thursday, January 10, 2013

៩ ចំណុច ស្ត្រី​គួរ​យល់​ដឹង​ពី​មហារីក​​សុដន់


១. ដុំសាច់ក្នុងសុដន់ ៨០% ពុំមែនជាមហារីកសុដន់៖
ភាគ​ច្រើន​ជា​សភាព​ដែល​ហៅ​ថា ដុំ​សាច់ (Fibrosystic Change) ​ ដែល​បណ្តាល​​មក​ពី​ភាព​ចុះ​ខ្សោយ​នៃ​សាច់​សុដន់ និង​មាន​ការ​នៃ​ដក់​ជាតិ​ទឹក ក៏​ក្លាយ​ជា​ថង់​ទឹក ក្នុង​​សុដន់ ពី​ទំហំ​តូច រហូត​ដល់​ធំ អាច​មាន​អារម្មណ៍​ឈឺ​ៗ ធម្មតា​តែង​តែកើត​ឡើង​ចំពោះ​ស្ត្រី វ័យ ៤០​ឆ្នាំ​ឡើង​ទៅ រហូតដល់អស់រដូវ។
ក្រៅពីនោះ ក៏​នៅមានដុំសាច់ដុះ ហ្វៃប្រដេណូម៉ា (Fibroadenoma) ដែលតែងតែ ​កើតឡើងច្រើន ចំពោះស្ត្រីអាយុ​ចាប់​ពី ១៥-២៥ឆ្នាំ ដែលមិនមានគ្រោះ​ថ្នាក់ និងមិនចាំបាច់ត្រូវព្យាបាល ប្រសិនបើដុំសាច់ មិនមានទំហំធំ ឬបង្កនូវទុក្ខកង្វល់អ្វី។ ប៉ុន្តែ នៅ​ពេល​​ចម្រើនវ័យឡើង គ្រូពេទ្យអាច​ណែ​នាំឱ្យវះកាត់ចេញ។
វិធីសង្កេតជំហានដំបូង គឺដុំសាច់ដែលមានគ្រោះថ្នាក់ តែងតែ​មាន​​លក្ខណៈរឹង និង មានទ្រង់ទ្រាយវៀចខុស ពេលសង្កត់មើល ឃើញដុំសាច់មិនកម្រើក ខណៈដែលដុំសាច់ ធម្មតា ជាដុំមូលៗ ពេលយកម្រាមដៃសង្កត់ក្បែរនោះ ដុំសាច់​នោះ នឹងមានចលនាទៅមកបាន ប៉ុន្តែ ក៏មិនមែនទាំងអស់ដែរ។ ទោះជាយ៉ាងនោះក្តី នៅពេលរកឃើញដុំសាច់ បែបណាក៏ដោយ ក៏គួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យឱ្យ​លម្អិត​។

២. គួរពិនិត្យសុដន់ដោយខ្លួនឯង រាល់ខែ៖
ស្ត្រីគ្រប់រូប អាចពិនិត្យរាវរកមហារីកសុដន់ ដំណាក់កាលដំបូងបាន ដោយខ្លួនឯង។ នៅពេលជួបដុំសាច់ក្នុងដំណាក់កាលដំបូងហើយ នឹងធ្វើឱ្យឆាប់ទទួលការព្យាបាល បាន លទ្ធផលខ្ពស់ជាងការរកឃើញមហារីក នៅដំណាក់កាលរាលដាលទៅហើយ។
ស្ត្រីអាយុចាប់ពី ២០ឆ្នាំឡើងទៅ គួរពិនិត្យសុដន់ ដោយខ្លួនឯង ជាប្រចាំ រាល់ខែ និង​ទៅជួបគ្រូពេទ្យ រៀងរាល់ ៣ឆ្នាំម្តង។ ចំពោះស្ត្រីអាយុចាប់ពី ៤០ឆ្នាំឡើងទៅ គួរ ទៅ​ជួប​គ្រូពេទ្យ ពិនិត្យមហារីកសុដន់ រៀងរាល់ឆ្នាំ និងចាប់ផ្តើមពិនិត្យបែបម៉េមម៉ូក្រាម ព្រោះអត្រាគ្រោះថ្នាក់ នៃជំងឺនេះ នឹងកើនឡើងតាមអាយុ។

៣. ៨០% នៃស្ត្រីកើតមហារីកសុដន់ មិនបានដឹងពីកត្តាប្រឈម៖ គួរឧស្សាហ៍ពិនិត្យសុដន់របស់ខ្លួន ឱ្យបានជាប់លាប់ និងប្រព្រឹត្តល្អចំពោះសុខភាព ឱ្យបានច្រើន ដោយ​ចៀស​វាងកត្តាប្រឈមនឹងជំងឺ ដែលអ្នកអាចចៀសវាងបាន ដូចជា ការទទួលទានគ្រឿងស្រវឹង ១ថ្ងៃ ២-៥កែវ ទម្ងន់ខ្លួនលើសកំណត់ (ជាពិសេស ស្ត្រីវ័យ អស់រដូវ) ការ​ទទួល​ទានអាហារមានជាតិខ្លាញ់ខ្ពស់ និងសាច់សត្វ ការប្រើប្រាស់អ័រម៉ូនភេទស្ត្រី ជំនួសអ័រម៉ូនធម្មជាតិ និងការមិនបានហាត់ប្រាណ។
ក្រៅពីនេះ ក៏មានកត្តាគ្រោះថ្នាក់​ដែល​អ្នកមិនអាចគ្រប់គ្រងបាន ដូចជា អាយុដែល លើសពី ៥០ឆ្នាំ សមាជិកក្នុងគ្រួសារមានប្រវត្តិកើតជំងឺមហារីកសុដន់ តាំងពីអាយុនៅ​តិច ការមានរដូវ មុនអាយុ ១២ឆ្នាំ មានហ្សែនមហារីកសុដន់ ពុំមានកូន ឬមានកូន នៅពេលអាយុ ៣០ឆ្នាំឡើង។

៤. ពិនិត្យរកហ្សែនមហារីក ក្នុងខ្លួន៖
ទោះជាបច្ចុប្បន្ន មានបច្ចេកវិទ្យាដែលជួយពិនិត្យរកហ្សែនមហារីកសុដន់បានក្តី ប៉ុន្តែ ស្ត្រីដែលកើតជំងឺមហារីកសុដន់ មានត្រឹមតែ ៥-១០%ប៉ុណ្ណោះ ដែលបណ្តាល មក​ពី​តំណពូជ ដោយមានសមាជិកក្នុងគ្រួសារ កើតជំងឺមហារីកសុដន់ ជាច្រើននាក់ និងច្រើនជំនាន់ មានហ្សែនបង្ហាញពីមហារីកសុដន់ ដូចជា BRCA 1 និង BRCA 2 មួយ ហ្សែន ឬច្រើនហ្សែន។ ប្រសិនបើអ្នកមានហ្សែនទាំងនេះ នៅក្នុងខ្លួន ឱកាសកើតជំងឺមហារីកសុដន់ នឹងមានច្រើនដល់ទៅ ៨០%។
ការពិនិត្យរកហ្សែនមហារីក អាចមាន​ទាំង​គុណសម្បត្តិ និងគុណវិបត្តិ ដូចជា បើពិនិត្យរកឃើញថា មានហ្សែនខាងលើ ធ្វើឱ្យអ្នកនិងគ្រួសារ អាចមានអារម្មណ៍ភ័យព្រួយ និងយកចិត្តទុក​ដាក់ថែទាំខ្លួនឯងយ៉ាងហ្មត់ចត់ជាងមុន ដូចជា ទៅពិនិត្យម៉េមម៉ូក្រាម ញឹកញាប់ជាងមុន ទទួលទានថ្នាំតាម៉ុកស៊ីហ្វេន (Tamoxifen) ដែលជួយបន្ថយអត្រា ប្រឈមបានជាងពាក់កណ្តាល។ ប៉ុន្តែ ប្រសិនបើរកឃើញថា ពុំមានហ្សែនមហារីកសុដន់ អាចធ្វើឱ្យអ្នកមានការធ្វេសប្រហែសក្នុងការការពារខ្លួន។ ដូច្នេះ គួរពិគ្រោះ​ជាមួយគ្រូពេទ្យសិន មុននឹងធ្វើការពិនិត្យរកហ្សែនមហារីក។

៥. ការទទួលទានថ្នាំពន្យារកំណើត គឺជាកត្តាប្រឈមមួយ៖
សព្វថ្ងៃ នៅមានការអះអាងថា ការទទួលទានថ្នាំពន្យារកំណើត ជាការបង្កើនអត្រា ប្រឈមនឹងជំងឺមហារីកសុដន់ ដែរឬទេ ហើយទោះបីជានៅមិនទាន់មានភ័ស្តុតាង ច្បាស់​លាស់ថា ស្ត្រីដែលទទួលទានថ្នាំពន្យារកំណើត មានកត្តាប្រឈមនឹងជំងឺមហារីកសុដន់ កើនឡើងក្តី ប៉ុន្តែ បើមានសមាជិកក្នុងគ្រួសារ ធ្លាប់មានប្រវត្តិកើតជំងឺនេះ ឬមាន ហ្សែនជំងឺនេះ គួរពិចារណាប្រើការពន្យារកំណើត បែបផ្សេងវិញ ប្រសើរជាង ដើម្បី ចៀសវាងកត្តាប្រឈមនេះ។

៦. ទំហំដើមទ្រូងមិនពាក់ព័ន្ធកម្ពស់ និងទម្ងន់ ទើបជាកត្តាប្រឈម៖
ទម្ងន់ដែលច្រើនលើសកម្រិត បានបង្កើតនូវកត្តាប្រឈមចំពោះការកើតជំងឺមហារីកសុដន់ និងចំពោះការបាត់បង់ជីវិត ដោយសារជំងឺនេះ ពិសេស ចំពោះស្ត្រីអស់រដូវ ដោយ​មិនពាក់ព័ន្ធនឹងទំហំដើមទ្រូងឡើយ។ ក្រៅពីនេះ ការបណ្តែតបណ្តោយខ្លួនឱ្យធាត់ ហួសកម្រិត ក៏បង្កើនអត្រាប្រឈមនឹងមហារីក ប្រភេទផ្សេងៗ ចំនួនពី ៣០-៥០%។
ជាតិ​ខ្លាញ់ ជាសារធាតុដើមដំបូង នៃការបង្កើតអ័រម៉ូនអេស្ត្រូចេន (Estrogen) ដូច្នេះ ស្ត្រីធាត់ មានការបង្កើតអ័រម៉ូនប្រភេទនេះ កាន់តែច្រើនឡើង ជាពិសេស វ័យអស់រដូវ ដែល​ជា​ការបង្កើនអត្រាប្រឈមនឹងមហារីកសុដន់។ ម៉្យាងទៀត ស្ត្រីវ័យអស់រដូវ ដែល មានទម្ងន់ខ្លួនលើស (ធាត់) តែងតែស្ទាបមិនឃើញដុំសាច់នៅក្នុងសុដន់ ទម្រាំតែរកឃើញ មហារីក ក៏ឈានដល់ដំណាក់កាលរាលដាលទៅហើយ។
អត្រាប្រឈមនឹងការបាត់បង់ជីវិត ដោយសារមហារីកសុដន់ ក៏ពាក់ព័ន្ធនឹងកម្ពស់ ផងដែរ ព្រោះកម្ពស់ ជាការបង្ហាញនូវអត្រាការលូតលាស់ដ៏ឆាប់រហ័ស។ ស្ត្រីដែលមាន កម្ពស់មិនលើសពី ១៥២សង់ទីម៉ែត្រ ប្រឈមនឹងមហារីកសុដន់ តិចជាង អ្នកដែលមាន កម្ពស់លើសពីនេះ។

៧. ការហាត់ប្រាណ ជួយបន្ថយអត្រាប្រឈម និងបង្ការមហារីកសុដន់៖
ចំពោះស្ត្រីដែលមិនទាន់អស់រដូវ ការហាត់ប្រាណ នឹងជួយបន្ថយកម្រិតអ័រម៉ូន- អេស្ត្រូចេន និងប្រូចេស្ទើរ៉ូន ទើបអាចជួយបន្ថយអត្រាប្រឈមនឹងជំងឺមហារីកសុដន់ បាន។ ចំណែកស្ត្រីដែលមានកម្រិតអ័រម៉ូនអេស្ត្រូចេន ក្នុងកម្រិតខ្ពស់ អស់មួយជីវិត តាម-រយៈការឆាប់មានរដូវ តាំងពីអាយុនៅតិច ការមិនមានផ្ទៃពោះ និងការក្រអស់រដូវ នឹង មានអត្រាប្រឈមខ្ពស់។ ស្ត្រីវ័យអស់រដូវ ដែលទទួលទានអ័រម៉ូនបំពេញបន្ថែម ទាំងអេស្ត្រូចេន និងប្រូចេស្ទើរ៉ូន មានការប្រឈមនឹងជំងឺមហារីកសុដន់ ច្រើនជាងអ្នក​ដែល​ទទួលទានអ័រម៉ូន អេស្ត្រូចេន តែមួយមុខ។ ការហាត់ប្រាណបន្តិចបន្តួច ក៏មានឥទ្ធិពលជួយបង្ការការកើតជំងឺមហារីកសុដន់ បានដែរ។ តាមការស្រាវជ្រាវរកឃើញថា ការដើរលឿន ត្រឹមតែ១សប្តាហ៍ ១ម៉ោង និង ១៥នាទី រហូតដល់ ២ម៉ោង នឹងអាចជួយបន្ថយអត្រាប្រឈមបាន១៨%។

៨. ស្ត្រីអាយុច្រើន តែសុដន់មិនជ្រាយ មិនយារ នៅហាប់ណែនល្អ មានអត្រាប្រឈមខ្ពស់៖
ស្ត្រីអាយុតិច ភាគច្រើនមានសាច់សុដន់ នៅហាប់ណែនល្អ ប៉ុន្តែ នៅពេលអាយុ កាន់តែច្រើន សាច់សុដន់ នឹងចុះខ្សោយ និងមានជាលិកាខ្លាញ់ជំនួសវិញ។ ប៉ុន្តែ ប្រសិនបើ អាយុ ៤០ឆ្នាំឡើងទៅ ហើយនៅមានសាច់សុដន់ក្រាស់ហាប់ណែនទៀត នឹងមានការ ប្រឈមនឹងជំងឺមហារីកសុដន់ខ្ពស់ ព្រោះនៅមានក្រពេញទឹកដោះ និងកោសិកា​ផ្សេង​ៗ ច្រើនជាងសុដន់ដែលមានតែជាតិខ្លាញ់ ធ្វើឱ្យឱកាសកើតមហារីក មានច្រើន។ ការវាស់ដង់- ស៊ីតេភាពហាប់ណែនរបស់សាច់សុដន់ អាចធ្វើបាន តាមរយៈការពិនិត្យ​ម៉េមម៉ូក្រាម។

៩. បើមានអត្រាប្រឈមខ្ពស់ គួរពិនិត្យអេកូ បន្ថែមពីលើការពិនិត្យម៉េមម៉ូក្រាម៖
ចំពោះស្ត្រីដែលដឹងខ្លួនថា មានអត្រាប្រឈមនឹងការកើតជំងឺមហារីកសុដន់ខ្ពស់ ឬស្ត្រីអាយុ ៤០ឆ្នាំឡើងទៅ ដែលមានសាច់សុដន់ នៅហាប់ណែនល្អ អាចត្រូវពិនិត្យអេកូ (Ultrasound) ទន្ទឹមគ្នានឹងការធ្វើម៉េមម៉ូក្រាម។ ការពិនិត្យអេកូ នឹងជួយពិនិត្យរកមហារីកសុដន់ ទំហំតូច (១ស.ម) ដោយសារ ការធ្វើម៉េមម៉ូក្រាម ពិបាកនឹងរកឃើញនូវ​ចំណុច​ខុសប្រក្រតី នៅក្នុងសុដន់ដែលមានសាច់ហាប់ណែន។ ហេតុនេះ ទើបគ្រូពេទ្យផ្នែកវិទ្យុសាស្ត្រ ធ្វើការពិនិត្យទាំង២វិធីផ្គួបគ្នា ដើម្បីឱ្យបានទិន្នន័យច្រើន និងជាក់​លាក់​បំផុត៕