Tuesday, January 1, 2013

ដំណោះស្រាយ​សម្រាប់​ទារក​ពេល​ចាប់ផ្តើម​ដុះ​ធ្មេញ​

ធ្មេញរបស់ទារកចាប់ផ្តើមដុះពន្លកតាំងពីមិនកើតម្ល៉េះ គឺតាំងពីសប្តាហ៍ទី ៧ នៃគភ៌។
ពេលដែលទារកកើត ពួកគេមានឫសធ្មេញ ២០ ទៅហើយ។ ជាធម្មតា វាចាប់ផ្តើមដុះ
ចេញមកក្រៅនៅចន្លោះ ៤ ទៅ ៨ ខែ ក្រោយពេលកើត។ ពេលនោះអញ្ចាញធ្មេញនឹង
ហើមហើយទន់ ដែលធ្វើឱ្យទារកឈឺ។ វិធីសាស្ត្រខាងក្រោមអាចដោះស្រាយបញ្ហានេះបាន។
ធ្វើឱ្យធ្មេញនោះត្រជាក់៖
គ្រូពេទ្យ Linda Jonides និយាយថា “ឱ្យទារកខាំឧបករណ៍ក្មេងលេងរាងរង្វង់ទន់ៗ ឬ មានទឹកពីក្នុង (teething rings)
(ព្រោះឧបករណ៍រឹងអាចនឹងបែក) ជាពិសេសឧបករណ៍ដែលអាចដាក់ក្នុងទូរទឹកកកដើម្បីរក្សាភាពត្រជាក់បាន
ព្រោះវាអាចជួយឱ្យមានអារម្មណ៍ប្រសើរជាងមុន និងជួយអញ្ចាញធ្មេញបាន។ ចំពោះទារកអាយុចាប់ពី ៦ ខែឡើង
អាចឱ្យទំពារក្រណាត់ត្រជាក់ ព្រោះវាក៏អាចជួយឱ្យមានអារម្មណ៍ប្រសើរជាងមុនដែរ។ បន្ថែមពីនេះទៀត
មិនត្រូវចងខ្សែឧបករណ៍ជាប់នឹងករបស់ទារកនោះទេ ព្រោះវាអាចរឹតកទារកបាន។

ជូតទឹកមាត់ដែលហៀរ៖
ពេលដុះធ្មេញអាចបង្ករឱ្យទារកហៀរទឹកមាត់ច្រើន
ដូច្នេះអ្នកត្រូវឧស្សាហ៍ប្រើក្រណាត់ជ្រលក់ទឹកឧណ្ហៗជូតទឹកមាត់ចេញពីមុខរបស់ពួកគេ ដើម្បីចៀសវាងការរោលមុខ។

ម៉ាស្សានិងសម្អាតអញ្ចាញធ្មេញ៖
 ពេទ្យធ្មេញណែនាំឱ្យសម្អាតមាត់ទារកមុននឹងធ្មេញដុះចេញមក។ ប្រើបន្ទះ ឬក្រណាត់ទន់ស្តើងហើយសើម
រុំជំវិញដៃកណ្តាលដើម្បីម៉ាស្សាអញ្ចាញធ្មេញ។ ការធ្វើបែបនេះអាចលាងសម្អាតមិនឱ្យមានបាក់តេរី
ហើយក៏ជួយឱ្យទារកស៊ាំនឹងការប៉ះទង្គិចក្នុងមាត់ពួកគេដែរ។

ប្រើថ្នាំដែលទិញបានដោយគ្មានវេជ្ជបញ្ជាសម្រាប់ការឈឺឬហើម៖
វេជ្ជបណ្ឌិត Bogert ណែនាំឱ្យប្រើផលិតផលសម្រាប់ទារក ដូចជា Tylenol, Motrin, Babe Orajel ឬ Zilaction Baby។

ហាមប្រើដបទឹកដោះគោ៖
មិនមែនហាមគ្រប់ពេលនោះទេ ប៉ុន្តែមិនត្រូវទុកឱ្យទារកគេងលក់ពេលកំពុងបៅនោះទេ ព្រោះទឹកដោះគោអាចបង្ករឱ្យធ្មេញទារកពុកបាន។


(ប្រភព៖ KhmerHealth.net)