ភ្នំពេញ៖
យ៉ាងហោចណាស់មានស្ត្រីកម្ពុជាប្រមាណជា៤០០០នាក់បានកើតជំងឺមហារីក
មាត់ស្បូនជារៀងរាល់ឆ្នាំ។
ជំងឺនេះកំពុងឈរនៅលំដាប់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមជំងឺមហារីក
ដទៃទៀតក្នុងប្រទេស។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែតមានប្រសាសន៍ថាជា រៀងរាល់ថ្ងៃមានអ្នកជំងឺមហារីក៣០នាក់មកទទួលការពិនិត្យព្យាបាលក្នុង មន្ទីរពេទ្យក្នុងនោះប្រហែលជា៨នាក់ជាអ្នកជំងឺមហារីកមាត់ស្បូន។
លោកបានឱ្យដឹងបន្តថាស្ថានភាពជំងឺនេះមិនមានលក្ខណៈល្អប្រសើរឡើយ ចាប់តាំងពីជាង១០ឆ្នាំមុនមកហើយមានប្រហែល៤០០០ករណីក្នុង១ឆ្នាំៗ
«មហារីកមាត់ស្បូននៅតែជាជំងឺមហារីកដែលជួបប្រទះញឹកញាប់ជាងគេ ១០ឆ្នាំជាងហើយខ្ញុំឃើញថាទំនោរហ្នឹងអត់ទាន់ឃើញល្អជាងមុនសោះ ពីព្រោះអីប្រជាជនយើងមកដល់មន្ទីរពេទ្យច្រើននៅដំណាក់កាលធ្ងន់ធ្ងរ ដែលការព្យាបាលឱ្យជាសះស្បើយមិនអាចធ្វើទៅបាន»។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា បានឱ្យដឹងបន្ថែមថាអ្នកជំងឺមហារីកមាត់ស្បូនចំនួន៧២ ភាគរយមកមន្ទីរពេទ្យនៅដំណាក់កាលទី៣និងទី៤ដែលជាដំណាក់កាលឈានដល់ ភាពធ្ងន់ធ្ងរនិងពិបាកក្នុងការព្យាបាល។
ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត គួយ សំណាង ប្រធានផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតបានឱ្យដឹងដែរថាភាគច្រើនអ្នកកើតជំងឺមហារីកមាត់ស្បូនក្នុង ប្រទេសកម្ពុជាស្ថិតនៅក្នុងវ័យក្មេង។
«ប្រទេសគេគឺគិតពី៣៥ទៅ៤០ហើយដល់ប្រទេសយើងតាមការសិក្សាថ្មីៗដែល យើងធ្វើទៅមានពីអាយុ២៨ឆ្នាំ។ ធម្មតាទេក្មេងបែបនេះកំពុងតែមានសកម្មភាពនៅក្នុងសង្គមសម្រាប់ រកលុយតែបែរជាឈឺវិញមានពេលឯណារកលុយមិនមានត្រឹមតែមិនបានរកលុយទេ អស់លុយទៀតខាងពេទ្យរដ្ឋក៏ត្រូវចំណាយលើក្មេងៗនេះដែរ»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលដែលបានផ្សព្វផ្សាយកាលពីឆ្នាំ២០០៨
បង្ហាញឱ្យដឹងថាជំងឺមហារីកមាត់ស្បូនមានអត្រាច្រើនជាងគេបំផុត ក្នុងចំណោមជំងឺមហារីកដែលកើតមានលើស្ត្រីនៅកម្ពុជា។ របាយការណ៍បន្ថែមថាស្ត្រីដែលមានជំងឺស្ទើរទាំងអស់បានស្លាប់ក្នុង វ័យក្មេង។
លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសមាគមថែទាំសុខភាពគ្រួសារកម្ពុជាហៅកាត់ថារ៉ាក់បានឱ្យដឹង ថាចំនួនអ្នកកើតជំងឺមហារីកមាត់ស្បូននៅប្រទេសកម្ពុជាគឺជាចំនួនមួយ គួរឱ្យព្រួយបារម្ភនិងត្រូវមានវិធានការឱ្យមានប្រសិទ្ធភាពក្នុងការ ទប់ស្តាត់ជំងឺនេះ។
«ចាត់ទុកថាវាជាបញ្ហាមួយដែលយើងគួរកង្វល់ពីព្រោះដោយសារតែជំងឺ មហារីកបើសិនយើងបានធ្វើការស្រាវជ្រាវវានៅដំណាក់កាលទាន់ពេលវេលាគឺ អ្នកនោះមិនមានជំងឺមហារីកទេពីព្រោះយើងទៅព្យាបាលបានហើយ»។
លោកស្រីវេជ្ជបណ្ឌិត ប្រាក់ ពិសិដ្ឋរង្សី ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា មូលហេតុដែលនាំឱ្យស្ត្រីកម្ពុជាប្រឈមមុខនឹងគ្រោះថ្នាក់នៃការកើត មហារីកមាត់ស្បូនច្រើនបែបនេះកត្តាសំខាន់គឺកង្វះអនាម័យ កង្វះព័ត៌មាន ការយល់ដឹង និងភាពអៀនខ្មាស់របស់ស្ត្រីខ្មែរ។
«អត្តចរិករបស់ស្ត្រីយើងវិញគឺគាត់មិនចង់ទៅឱ្យគេបើកមាត់ស្បូន គាត់មើលទេ ហេតុ ដូច្នេះទោះបីជាយើងខំផ្សព្វផ្សាយយ៉ាងណាក៏ដោយក៏ជួនកាលទៅគាត់មាន ការខ្មាស់អៀនច្រើនគាត់មិនបានមកតាមការផ្សព្វផ្សាយរបស់យើងទេហើយ ក្រសួងសុខាភិបាលក៏ចេះតែខិតខំប្រឹងប្រែងតាមគ្រប់រូបភាពទាំងអស់។ បច្ចុប្បន្នកាលនេះគឺយើងចង់ឱ្យស្ត្រីទាំងអស់ដែលចាប់ពីអាយុ៣០ ដល់៤៩ឆ្នាំឱ្យគាត់អញ្ជើញមកមន្ទីរពេទ្យដើម្បីធ្វើការស្រាវជ្រាវរក ជំងឺមហារីកមាត់ស្បូននេះ»។
លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍ថាដើម្បីកាត់បន្ថយជំងឺមហារីក មាត់ស្បូននេះ ក្រសួង បានធ្វើការបណ្តុះបណ្តាលមន្ត្រីជំនាញតាមមន្ទីរពេទ្យឱ្យចេះស្វែងរក ជំងឺនេះទាន់ពេលវេលាមានការចុះ អប់រំស្ត្រីនៅតាមភូមិ និងតាមមន្ទីរពេទ្យ ពេលស្ត្រីមកទទួលយកសេវាផ្សេង។ ម្យ៉ាងវិញទៀតលោកស្រីវេជ្ជបណ្ឌិតបានទទួលស្គាល់ថាការផ្សព្វផ្សាយ អំពីជំងឺនេះនៅមានកម្រិតនៅឡើយពីព្រោះថវិកាក្នុងការចំណាយនៅមាន ការខ្វះខាតជាច្រើន។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលដដែលបានឱ្យដឹងបន្ថែមថានៅលើ សាកលលោកក្នុង១ឆ្នាំស្រី្តច្រើនជាង៤៦ម៉ឺននាក់បានកើតជំងឺនេះដែល ក្នុងនោះជាង២៣ម៉ឺននាក់បានស្លាប់ហើយជិត៩៥ភាគរយកើតនៅក្នុង ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាជាដើម។
ក្រុមគ្រូពេទ្យជំនាញបានផ្តល់ដំបូន្មានថាជាទូទៅស្ត្រីដែលធ្លាប់ ឆ្លងកាត់ការរួមភេទរួចហើយត្រូវពិនិត្យរកជំងឺមហារីកមាត់ស្បូនឱ្យ បានម្តងក្នុង១ឆ្នាំ៕
(ប្រភព៖VOAKhmer)