Monday, June 24, 2013

ជាប់​ចិត្ត​នឹង​ត្រី​សាលម៉ុង​ចិញ្ចឹម ដែល​ជា​ប្រភព​ដ៏​ល្អ​នៃ​អូមេហ្កា ៣ (Omega-3)


យោង​តាម​សមាគម​ជាតិ​វារីវប្បកម្ម ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង Pine Bluff រដ្ឋ Arkansas គ្រឿង​សមុទ្រ​ប្រហែល ៨៥% ដែល​បរិភោគ​ដោយ​ជនជាតិ​អាមេរិក​ត្រូវ​បាន​នាំ​ចូល​ពី​ខាងក្រៅ ហើយ​ប្រហែល ៥០% នៃ​គ្រឿង​សមុទ្រ​ទាំងនោះ​ត្រូវ​បាន​ចិញ្ចឹម​នៅ​កសិដ្ឋាន​តាម​រយៈ​ដំណើរការ​មួយ​ហៅ​ថា «វារីវប្បកម្ម» ។ នៅ​ឆ្នាំ​២០១១ សហរដ្ឋអាមេរិក​បាន​នាំចូល​គ្រឿងសមុទ្រ​ដែល​មាន​តម្លៃ ១៦,៦​ពាន់​លាន​ដុល្លា និង​នាំចេញ​តម្លៃ ៥,៤​ពាន់​លាន​ដុល្លា ដែល​មាន​កម្រិត​ខុសគ្នា​ដល់​ទៅ ១១,២ ពាន់​លាន​ដុល្លា ។
ខណៈ​ដែល​ប្រជាជន​ពិភពលោក​កើន​ឡើង ហើយ​តម្រូវការ​គ្រឿងសមុទ្រ​ក៏​កើន​ឡើង គ្រឿង​សមុទ្រ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​នេសាទ​ហួស​កម្រិត ឬ​ធ្វើ​អាជីវកម្ម​ពេញ​បន្ទុក ។ មាន​ន័យ​ថា​មហាសមុទ្រ​នានា​នៅ​ទូទាំង​ពិភពលោក​មិន​អាច​ផលិត​ត្រី​ឲ្យ​លើស​ពី ​សមត្ថភាព​បច្ចុប្បន្ន​ទេ ។ ខណៈ​ដែល​គ្រឿងសមុទ្រ​ដែល​ធម្មជាតិ​អាច​ផលិត​បាន​ឈាន​ដល់​កម្រិត​កំពូល អ្នក​ចិញ្ចឹម​ត្រី​សមុទ្រ​តាម​កសិដ្ឋាន​កំពុង​តែ​ខិតខំ​បំពេញ​តម្រូវការ​ គ្រឿងសមុទ្រ​ដែល​ចេះ​តែ​កើន​ឡើង​តាម​វិធី​មួយ​ប្រកប​ដោយ​និរន្តរភាព ។ វារីវប្បកម្ម​គឺ​ជា​ដំណើរការ​មួយ​ក្នុង​ការ​ចិញ្ចឹម​មច្ឆជាតិ ទាំង​ទឹកសាប និង​ទឹកប្រៃ នៅ​ក្នុង​បរិស្ថាន​បង្ខាំង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ។

ត្រី​សាលម៉ុង​ជា​ប្រភព​ជីវជាតិ​ដ៏​សំខាន់

អ្នកវិទ្យាសាស្ត្រ​នៃ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) នៅ​មជ្ឈមណ្ឌល Grand Forks ស្រាវជ្រាវ​អាហារូបត្ថម្ភ​របស់​មនុស្ស (GFHNRC) ស្ថិត​ក្នុង​រដ្ឋ North Dakota បាន​ធ្វើ​ការសិក្សា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ត្រី​ចិញ្ចឹម​ពេញ​និយម​មួយ​ ប្រភេទ​នៅ​សហរដ្ឋអាមេរិក​គឺ ត្រី​សាលម៉ុង​អាត្លង់ទិក ។ អ្នកវិទ្យាសាស្ត្រ​ទាំងនោះ​ចង់​ស្វែងយល់​បន្ថែម​អំពី​អាស៊ីត​ខ្លាញ់​អូមេហ្កា​៣ នៅ​ក្នុង​ត្រី​ប្រភេទ​នេះ ។
អាស៊ីត​ខ្លាញ់​អូមេហ្កា​៣ ចំនួន​ពីរ​ប្រភេទ​គឺ Eicosapentaenoic acid (EPA) និង Docosahexaenoic acid (DHA) មាន​ច្រើន​នៅ​ក្នុង​ត្រី​សម្បូរ​ខ្លាញ់ ដូចជា សាលម៉ុង ធ្យូណា ម៉ាកើរ៉ែល និង​ហ៊េរីង ជាដើម ។ ទិន្ន័យ​មួយ​ចំនួន​បាន​បង្ហាញ​ថា ការ​បរិភោគ EPA និង DHA ចំនួន ២៥០​មីលីក្រាម [បរិមាណ​តិច​ជាង​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត (PUFA) ចំនួន ៣ កាឡូរី] ក្នុង​មួយ​ថ្ងៃ គឺ​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺ​បេះដូង ។
អ្នកវិទ្យាសាស្ត្រ​នៃ​មជ្ឈមណ្ឌល GFHNRC និង​សហការី បាន​បោះពុម្ពផ្សាយ​នូវ​អត្ថបទ​វិទ្យាសាស្ត្រ​ចំនួន​ពីរ​ដែល​ពិនិត្យ​មើល​ តួនាទី​នៃ​ការ​បរិភោគ​ត្រី​សាលម៉ុង​អាត្លង់ទិក​ជា​មធ្យោបាយ​មួយ​ដើម្បី​ ស្រូប​យក​អាស៊ីត​ខ្លាញ់​អូមេហ្កា​៣ ក្នុង​ចំណោម​អ្នក​បរិភោគ​នានា ។ ការសិក្សា​ទាំង​នេះ​ដឹកនាំ​ដោយ​អ្នកស្រី Susan Raatz ជា​អ្នកឯកទេស​អាហារូបត្ថម្ភ​ និង​លោក Matthew Picklo ជា​សរីរៈវិទូ​នៃ​មជ្ឈមណ្ឌល GFHNRC ។ អ្នក​ទាំង​ពីរ​នេះ​បាន​សហការ​ជាមួយ​លោក William Wolters ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​វារីវប្បកម្ម​ទឹកប្រៃ​ត្រជាក់​របស់ ARS នៅ​ក្រុង Franklin រដ្ឋ Maine ។
អ្នកស្រី Susan Raatz មាន​ប្រសាសន៍​ថា «ត្រី ​សាលម៉ុង​អាត្លង់ទិក​គឺ​ជា​ប្រភព​នៃ EPA និង DHA ដ៏​ល្អ​បំផុត ហើយ​មនុស្សម្នា​អាច​បង្កើន​ការ​បរិភោគ​អូមេហ្កា​៣ PUFA បាន​យ៉ាង​ងាយ​ដោយ​គ្រាន់​តែ​បង្កើន​គ្រឿងសមុទ្រ​នៅ​ក្នុង​របប​អាហារ​របស់​ ពួកគេ» ។ ការ​សិក្សា​ថ្មីៗ​ទាំងនេះ​ផ្ដល់​នូវ​ទិន្ន័យ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​ អ្នក​ដែល​ព្រួយ​បារម្ភ​ថា ត្រី​សាលម៉ុង​ចិញ្ចឹម​មាន​បរិមាណ​អូមេហ្កា​៣ តិច​ជាង​ត្រី​សាលម៉ុង​ធម្មជាតិ ។

ការ​រក្សា​គុណភាព​អូមេហ្កា​៣ នៅ​ក្នុង​ត្រី

គេ​បាន​ដឹង​ថា នៅ​ពេល​បរិភោគ​គ្រឿងសមុទ្រ​ដែល​សម្បូរ​អាស៊ីត​ខ្លាញ់​អូមេហ្កា​៣ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ជំងឺ​បេះដូង ប៉ុន្តែ​គេ​ពុំ​ទាន់​ដឹង​ថា​តើ​ដំណើរការ​ដុត​ត្រី​សាលម៉ុង​អាត្លង់ទិក​ ចិញ្ចឹម​អាច​បណ្ដាល​ឲ្យ​បាត់បង់​អូមេហ្កា​៣ ដែរ​ឬ​ទេ ។ ការ​ស្រាវជ្រាវ​នៅ​ក្រុង Grand Forks បាន​បង្ហាញ​ថា ការ ​ដុត​ត្រី​សាលម៉ុង​នៅ​សីតុណ្ហភាព​សមស្រប​មិន​បាន​កាត់​បន្ថយ​បរិមាណ​អាស៊ីត​ ខ្លាញ់​អូមេហ្កា​៣ ដែល​មាន​ប្រយោជន៍​នៅ​ក្នុង​ត្រី​សាលម៉ុង​ទេ ។
ការ​សិក្សា​នេះ​ក៏​បាន​ពិនិត្យ​មើល​ពី​ទំហំ​ដែល​ដំណើរការ​ដុត​ត្រី​ សាលម៉ុង​អាត្លង់ទិក​ធ្វើ​ឲ្យ​អាស៊ីត​ខ្លាញ់​ធ្វើ​អុកស៊ីតកម្ម ។ លោក Matthew Picklo មាន​ប្រសាសន៍​ថា «មនុស្ស​មួយ​ចំនួន​ គិត​ថា នៅ​ពេល​អ្នក​ដុត​ត្រី អាស៊ីត​ខ្លាញ់​ដែល​មាន​ប្រយោជន៍​សម្រាប់​សុខភាព​អាច​ធ្វើ​អុកស៊ីតកម្ម ដែល​បន្សល់​នូវ​តែ​សមាសធាតុ​មិន​ល្អ​សម្រាប់​សុខភាព ដូចជា អនុផល​អុកស៊ីតកម្ម​អូមេហ្កា​៣ មាន​ជាតិ​ពុល​ជាដើម ។ យើង​បាន​ពិនិត្យ​មើល​ទំហំ​ដែល​ការ​ដុត​ធ្វើ​ឲ្យ​អាស៊ីត​ខ្លាញ់​មាន​ការ​ ប្រែប្រួល​នៅ​ក្នុង​ត្រី​សាលម៉ុង» ។
អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ដុត​ពិត​ជា​កាត់​បន្ថយ​វត្តមាន​នៃ​ផលិតផល​អុកស៊ីតកម្ម​អាស៊ីត​ខ្លាញ់ ។ អ្នកស្រី Susan Raatz មាន​ប្រសាសន៍​ថា «ការ​ រៀបចំ​ត្រី​អនុលោម​តាម​បែប​បទ​ភោជនីយដ្ឋាន និង​គោលការណ៍​ណែនាំ​អំពី​សុវត្ថិភាព ក្នុង​សីតុណ្ហភាព​ទាប​សាច់​ត្រី​ទន់ តែ​មាន​សុវត្ថិភាព ១៤៥ °F (ប្រហែល ៦៣ °C) ប្រសើរ​ជាង​ឆ្អិន​ជ្រុល​ពេក​រហូត​ដល់​សាច់​ត្រី​ស្វិត​គឺ​ជា​គន្លឹះ» ។ អត្ថបទ​ឆ្នាំ​២០១១ អំពី​លទ្ធផល​នេះ​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ វិទ្យាសាស្ត្រ​គីមី​កសិកម្ម និង​ម្ហូបអាហារ (Journal of Agricultural and Food Chemistry) ។

ការ​វាស់​កម្រិត​ឈាម​នៃ​អូមេហ្កា​៣

នៅ​ក្នុង​ការ​សិក្សា​មួយ​ផ្សេង​ទៀត អ្នកវិទ្យាសាស្ត្រ​បាន​វាយ​តម្លៃ​អ្នកស្ម័គ្រ​ចិត្ត​មួយ​ក្រុម​ចំនួន​១៩​នាក់​ ដែល​មាន​សុខភាព​ល្អ និង​ដែល​បាន​ផ្ដល់​បរិមាណ​ទម្ងន់​ចំនួន​៣​នៃ​ត្រី​សាលម៉ុង​អត្លង់ទិក​ ចិញ្ចឹម ។ អ្នកស្ម័គ្រ​ចិត្ត​ម្នាក់ៗ​តម្រូវ​ឲ្យ​បរិភោគ​បរិមាណ​១​នៃ​បរិមាណ​ទាំង​៣​ ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ក្នុង​រយៈ​ពេល​៤​សប្ដាហ៍ ។ បន្ទាប់​ពី​សម្រាក «សម្អាត​ឈាម» រយៈពេល​៤​ទៅ​៦​សប្ដាហ៍ បរិមាណ​ត្រី​១​ក្នុងទម្ងន់​មួយ​ទៀត ត្រូវ​បាន​ផ្ដល់​ឲ្យ​បរិភោគ សម្រាក​ម្ដង​ទៀត បន្ទាប់​មក​បរិមាណ​ត្រី​ក្នុង​ទម្ងន់​ទី​៣​ត្រូវ​បាន​ដាក់​ឲ្យ​បរិភោគ ដូចនេះ​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់ៗ​បាន​បរិភោគ​បរិមាណ​ទាំង​៣​ទម្ងន់​ ទាំងអស់ ។ ទម្ងន់​ត្រី​ឆៅ​ដែល​បាន​បរិភោគ​ដោយ​អ្នកស្ម័គ្រ​ចិត្ត​គឺ​ ៩០​ក្រាម ១៨០​ក្រាម និង ​២៧០​ក្រាម ។
វិទ្យាស្ថាន​វិជ្ជសាស្ត្រ និង​បទដ្ឋាន​របប​អាហារ​សម្រាប់​ជនជាតិ​អាមេរិក​ បាន​ណែនាំ​ឲ្យ​បរិភោគ​គ្រឿងសមុទ្រ ២២៦,៨​ក្រាម​ ក្នុង​មួយ​សប្ដាហ៍ ប៉ុន្តែ​នៅ​បច្ចុប្បន្ន​នេះ វិទ្យាស្ថាន​វិជ្ជសាស្ត្រ​មិន​ទាន់​បាន​បោះពុម្ព​ផ្សាយ​អំពី​បទដ្ឋាន​បរិមាណ ​របប​អាហារ​សម្រាប់ EPA ឬ DHA ទេ ។
ឈាម​ត្រូវ​បាន​ប្រមូល​ពី​អ្នកស្ម័គ្រ​ចិត្ត​ទាំង​១៩​រូប​ ដើម្បី​កំណត់​ពី​កម្រិត​អាស៊ីត​ខ្លាញ់ និង​សូចនាករ​គ្រោះថ្នាក់​ជំងឺ​បេះដូង​ នៅ​ពេល​ចាប់​ផ្ដើម និង​ចុង​បញ្ចប់​នៃ​ការ​ធ្វើ​តេស្ត​សាកល្បង ។
លទ្ធផល​បង្ហាញ​ថា កម្រិត EPA នៅ​ក្នុង​ឈាម​កើន​ឡើង​២​ដង​បន្ទាប់​ពី​អ្នកស្ម័គ្រ​ចិត្ត​បរិភោគ​ត្រី​ចំនួន ១៨០​ក្រាម និង​កើន​ឡើង​ជិត​៣​ដង​បន្ទាប់​បរិភោគ​ត្រី ២៧០​ក្រាម ។ ដោយ​ផ្អែក​លើ​សូចនាករ​ឈាម កម្រិត DHA កើន​ឡើង​ប្រហែល​៥០% ចំពោះ​បរិមាណ​ត្រី​ទាំង​៣​ទម្ងន់ ។
អ្នកស្រី Susan Raatz មាន​ប្រសាសន៍​ថា «យើង​រក​ឃើញ​ថា​ ការ​បរិភោគ​ត្រី​សាលម៉ុង​ចំនួន​ ១៧០​ក្រាម​ ២​ដង​ក្នុង​មួយ​សប្ដាហ៍​ គឺ​គ្រប់គ្រាន់​ប្រសិនបើ​ចង់​បង្កើន​កម្រិត EPA និង DHA នៅ​ក្នុង​ឈាម ។ អ្នកស្ម័គ្រចិត្ត​ទាំងអស់​មិន​ចាំបាច់​បរិភោគ​ត្រី​ក្នុង​បរិមាណ​ច្រើន​លើស​ ពី​នេះ​ទេ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍» ។
លោក Matthew Picklo មាន​ប្រសាសន៍​ថា «យើង​ បាន​បង្ហាញ​ថា ការ​បរិភោគ​ត្រី​សាលម៉ុង​ចិញ្ចឹម​គឺ​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​បង្កើន​ អាស៊ីត​ខ្លាញ់​អូមេហ្កា​៣​នៅ​ក្នុង​ឈាម​ឲ្យ​ដល់​កម្រិត​ដែល​អាច​កាត់​បន្ថយ​ គ្រោះថ្នាក់​ជំងឺ​បេះដូង» ។
សមាគម​បេះដូង​អាមេរិក​បាន​ណែនាំ​ឲ្យ​បរិភោគ​ត្រី​២​ដង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ជំងឺ​បេះដូង ។
បច្ចុប្បន្ន​នេះ នៅ​ក្នុង​សហរដ្ឋអាមេរិក មាន​តែ​រដ្ឋ Maine និង​រដ្ឋ Washington ប៉ុណ្ណោះ​ដែល​បាន​ចិញ្ចឹម​ត្រី​សាលម៉ុង​តាម​កសិដ្ឋាន នេះ​បើ​យោង​តាម​លោក Sebastian Belle នាយក​ប្រតិបត្តិ​នៃ​សមាគម​វារីវប្បកម្ម​រដ្ឋ Maine មាន​មូលដ្ឋាន​នៅ​ក្រុង Hallowell រដ្ឋ Maine ។ លោក Sebastian Belle មាន​ប្រសាសន៍​ថា «ជា ​មធ្យម​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក​នេះ រដ្ឋ Maine បាន​ផលិត​ត្រី​សាលម៉ុង​តាម​កសិដ្ឋាន​បាន​ប្រហែល ២៦​លាន​ផោន (ប្រហែល​១២​លាន​គីឡូក្រាម)» ។ គួរ​កត់​សម្គាល់​ថា នៅ​ឆ្នាំ​២០១១ ទាំង​ត្រី​សាលម៉ុង​ធម្មជាតិ​នាំចូល​សហរដ្ឋអាមេរិក និង​ត្រី​សាលម៉ុង​ចិញ្ចឹម​បាន​កើន​ឡើង​ជិត ៤០០​លាន​ផោន (ប្រហែល​១៨១​លាន​គីឡូក្រាម) ។
លោក William Wolters ដែល​ជា​អ្នក​សហការ​ជាមួយ​មជ្ឈមណ្ឌល GFHNRC នៅ​ក្នុង​ការ​សិក្សា​អំពី​ត្រី​សាលម៉ុង មាន​ប្រសាសន៍​ថា «សំខាន់ ​គឺ​ត្រូវ​យល់​ពី​សារប្រយោជន៍​ផ្នែក​សុខភាព​នៃ​ត្រី​សាលម៉ុង​អត្លង់ទិក​ដែល​ ផលិត​តាម​រយៈ​វារីវប្បកម្ម ។ អ្នក​បរិភោគ​គ្រឿងសមុទ្រ​ជាច្រើន​អាច​រក​ជាវ​ត្រី​ចិញ្ចឹម​បាន​នៅ​តាម​ហាង​ លក់​គ្រឿងទេស​តាម​តំបន់​ដែល​ពួក​គេ​រស់​នៅ» ។
លទ្ធផល​នៃ​ការ​សិក្សា​ខាងលើ​នេះ បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​បណ្ឌិតសភា​អាហារូបត្ថម្ភ និង​របប​អាហារ (Journal of the Academy of Nutrition and Dietetics) នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ។
 អត្ថបទ​ដោយ Rosalie Marion Bliss មន្ត្រី​ព័ត៌មាន​នៃ ARS
បកប្រែ​ និង​ផ្សព្វផ្សាយ​ដោយ​មាន​ការ​អនុញ្ញាត​ពី USDA Agricultural Research/​May-June 2013
ត្រី​សាលម៉ុង​អត្លង់ទិក​គឺ​ជា​ពូជ​ត្រី​ដ៏​សំខាន់​មួយ​ដែល​អាច​ធំ​លូតលាស់​នៅ​ក្នុង​វារីវប្បកម្ម ដែល​ជា​ដំណើរការ​ចិញ្ចឹម​មច្ឆជាតិ​នៅ​ក្នុង​បរិស្ថាន​បង្ខាំង​ស្ថិត​ក្រោម​លក្ខខណ្ឌ​គ្រប់គ្រង
ត្រី ​សាលម៉ុង​អត្លង់ទិក​គឺ​ជា​ពូជ​ត្រី​ដ៏​សំខាន់​មួយ​ដែល​អាច​ធំ​លូតលាស់​នៅ​ ក្នុង​វារីវប្បកម្ម ដែល​ជា​ដំណើរការ​ចិញ្ចឹម​មច្ឆជាតិ​នៅ​ក្នុង​បរិស្ថាន​បង្ខាំង​ស្ថិត​ក្រោម​ លក្ខខណ្ឌ​គ្រប់គ្រង ។ ថ្មីៗ​នេះ ការ​សិក្សា​របស់ ARS អាច​ជួយ​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​ថា​តើ​ត្រី​សាលម៉ុង​ចិញ្ចឹម​នៅ​ កសិដ្ឋាន​មាន​បរិមាណ​អូមេហ្កា​៣​តិច​ជាង​ត្រី​សាលម៉ុង​ដែល​ចាប់​ពី​ធម្មជាតិ ​ឬ​ទេ
នៅ​មជ្ឈមណ្ឌល Grand Forks ស្រាវជ្រាវ​អាហារូបត្ថម្ភ​របស់​មនុស្ស (GFHNRC) ស្ថិត​ក្នុង​រដ្ឋ North Dakota សរីរៈវិទូ Matthew Picklo ធ្វើ​ការ​វិភាគ​អាស៊ីត​ខ្លាញ់​នៃ​សំណាក​ប្លាស្មា​ឈាម​របស់​មនុស្ស​ដើម្បី​កំណត់​ពី​ឥទ្ធិពល​នៃ​ការ​បរិភោគ​ត្រី​សាលម៉ុង
នៅ ​មជ្ឈមណ្ឌល Grand Forks ស្រាវជ្រាវ​អាហារូបត្ថម្ភ​របស់​មនុស្ស (GFHNRC) ស្ថិត​ក្នុង​រដ្ឋ North Dakota សរីរៈវិទូ Matthew Picklo ធ្វើ​ការ​វិភាគ​អាស៊ីត​ខ្លាញ់​នៃ​សំណាក​ប្លាស្មា​ឈាម​របស់​មនុស្ស​ដើម្បី​ កំណត់​ពី​ឥទ្ធិពល​នៃ​ការ​បរិភោគ​ត្រី​សាលម៉ុង
អ្នកឯកទេស​អាហារូបត្ថម្ភ​នៃ ARS អ្នកស្រី Susan Raatz (ស្ដាំ) និង​ចុងភៅ Doris Zidon រៀបចំ​ភ្លាស់​ត្រី​សាលម៉ុង​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​អាហារូបត្ថម្ភ Grand Forks
អ្នកឯកទេស ​អាហារូបត្ថម្ភ​នៃ ARS អ្នកស្រី Susan Raatz (ស្ដាំ) និង​ចុងភៅ Doris Zidon រៀបចំ​ភ្លាស់​ត្រី​សាលម៉ុង​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ អាហារូបត្ថម្ភ Grand Forks