Thursday, February 21, 2013

គុណ​វិបត្ដិ​​​នៃ​​ជំងឺ​​ទឹក​នោម​​ប្រៃ​​មាន​​​អ្វីខ្លះ​?

យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ថា​ទឹកនោម​ធម្មតា​គឺ​ប្រៃ ប៉ុន្តែ​ពាក្យ​ថា​ជំងឺ​ទឹកនោមប្រៃ​នេះ​គឺ​ចង់​សម្តៅ​ទៅលើ​ជាតិ​ប្រៃ​ដោយ សារជាតិ​ប្រូតេអ៊ីន​ក្នុង​ឈាម​ចេញ​ទៅ​តាម​ទឹក​នោម​​ច្រើន​រហូត​ដល់​ច្រើនជាង ៣,៥​ក្រាម​ក្នុង​មួយថ្ងៃ​។ ហើយ​ជំងឺ​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​នៅ​ពេល​អ្នកជំងឺ​មកជួប​គ្រូពេទ្យ ដោយមាន អា​ការៈហើម និង​មាន​បញ្ហា​ទៅលើ​តម្រងនោម​។​
​ទន្ទឹមនឹងនេះ​ជំងឺ​ទឹកនោមប្រៃ​ក៏មាន​ផលវិបាក​មួយចំនួន​គួរអោយកត់សម្គាល់​ផងដែរ​ដូចជា​៖
•​    ​កំណក​ឈាម​៖ សរសៃឈាម Glomeruli ដែល​អសម្តត្ថភាព​ក្នុង​ការច្រោះ​ទឹកនោម​អាច​នឹង​ធ្វើអោយ​បាត់បង់​ប្រូតេអ៊ីន ពី​ក្នុង​ឈាម​។ ប្រូតេអ៊ីន​ក្នុង​ឈាម​មាន​តួរ​នាទី​ជួយ​ការពារ​កុំអោយ​ឈាមកក​ក្នុង​សរសៃឈាម ដូច្នេះ​កាលណា​បាត់បង់​ប្រូតេអ៊ីន​កាន់តែច្រើន ការ​ប្រឈម​នឹង​កំណក​ឈាម​ក្នុង​សរសៃឈាម​វ៉ែន​ក៏​កាន់តែ​ខ្លាំង​ដែរ​។​
•​    ​ជាតិ​ខ្លាញ់ កូ​ឡេ​ស្តេ​រ៉ុល និង Triglycerides កើនឡើង​៖ នៅពេល​កម្រិត​ប្រូតេអ៊ីន​ក្នុង​ឈាម​ត្រូវ​បាន​ថយចុះ​ថ្លើម​ត្រូវ​ការបង្កើន​ ប្រូតេអ៊ីន​ឡើងវិញ​អោយបាន​ច្រើន​។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ថ្លើម​ក៏​បាន​បញ្ចេញ​ជាតិ​ខ្លាញ់ កូ​ឡេ​ស្តេ​រ៉ុល និង Triglycerides មក​ជាមួយ​ដែរ​។​
•​    ​កង្វះ​អាហារ​រូបត្ថ​ម្ភ​៖ ការបាត់បង់​ប្រូតេអ៊ីន​ច្រើនពេក​អាច​បណ្តាលអោយ​អ្នកជំងឺ​មាន​ស្ថានភាព​កង្វះ ​អាហារ​រូបត្ថ​ម្ភបា​ន​។ ពេលនោះ​វា​នឹង​ធ្វើអោយ​ស្រក​ទម្ងន់ ប៉ុន្តែ​មាន​សភាព​ហើម​ទៅវិញ​។​
•​    ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​៖ ការខូចខាត​សរសៃឈាម Glomeruli និង​ការ​សំណល់​ក្នុង​ឈាម​កើនឡើង​អាច​ធ្វើអោយ​សម្ពាធ​ឈាម​កើន​ឡើង​ដែរ​។​
•​    ​ខ្សោយតម្រងនោម​ស្រួចស្រាវ​៖ ជំងឺ​ទឹកនោមប្រៃ​ប្រហែល​ជា​បណ្តាលអោយ​តម្រងនោម​របស់​អ្នក​ខូច​មុខងារ​បន្តិច ម្តងៗ​។ ប្រសិនបើ​មុខងារ​តម្រងនោម​បាត់បង់​ច្រើនណាស់​ហើយ អ្នក​ប្រហែលជា​ត្រូវ​ព្យាបាល​ដោយ​ការលាង​ឈាម ឬ​ប្តូរ​តម្រងនោម​ថ្មី​។​
•​    ​ឆ្លង​ជំងឺ​៖ អ្នកជំងឺ​ទឹកនោមប្រៃ​ច្រើន​តែ​ប្រឈមមុខ​ខ្ពស់​នឹង​ការឆ្លង​ជំងឺ​ផ្សេងៗ​៕

(ប្រភព៖វាយោអេហ្វអឹម)