Tuesday, February 19, 2013

របៀប​ថែ​រក្សា​ ប្រដាប់​ភេទ​ស្ដ្រី​ ឱ្យ​មាន​អនាម័យ​ល្អ

ធម្មជាតិ តាក់តែងឱ្យរាងកាយ របស់ស្ដ្រីមានលក្ខណៈ ជីវសាស្ដ្រខុសពីបុរស ក្នុងនោះប្រដាប់ បន្ដពូជមានលក្ខណៈខុស គ្នាទាំងស្រុង។ ការខុសគ្នាបែបនេះ ទាមទារឱ្យការថែរក្សា និងការធ្វើអនាម័យ ក៏ខុសគ្នាដែរ។ ប្រដាប់បន្ដពូជ របស់ស្ដ្រី មាន សភាពស្មុគស្មាញ ជាច្រើន ដែលត្រូវមានការ ថែទាំជាពិសេស។ បើការថែរក្សាមិនបានដិតដល់នោះ ស្ដ្រីងាយ ប្រឈមមុខនឹងជម្ងឺផ្សេងៗដែលឆ្លងតាម ប្រដាប់បន្ដពូជ។


របៀបធ្វើអនាម័យប្រដាប់ភេទស្ដ្រី
ការសម្អាតប្រដាប់ភេទជារឿងសំខាន់ដែលត្រូវធ្វើជាប្រចាំ។ ដោយសារប្រព័ន្ធបន្ដពូជរបស់ស្ដ្រីមានលក្ខណៈស៊ាំញ៉ាំ ហើយ អ្វីដែលសំខាន់នោះ គឺនៅក្នុងប្រព័ន្ធបន្ដពូជរបស់ស្ដ្រីមានទំនាក់ទំនងតភ្ជាប់គ្នា ទាំងអស់។ ហេតុនេះទើបបើក ឱកាសឱ្យអតិសុខុមប្រាណ ដែលបង្កឱ្យកើតជម្ងឺផ្សេងៗ ជួនកាលជម្ងឺនោះអាចឆ្លងរាលដាលដល់កន្លែងដទៃទៀត ដូចជា អាង ត្រគាកជាដើម។ ជាទូទៅ នៅពេល ចូលដល់វ័យដែលមានរដូវ(គ្រប់ការ) នោះរាងកាយស្ដ្រីមានការប្រែប្រួល ខុស ប្លែកពីពេលមុន នោះហើយដែលស្ដ្រីត្រូវយល់ដឹងពីវិធីសាស្ដ្រមួយចំនួន ដើម្បីថែរក្សាអនាម័យខ្លួនប្រាណ។ មិនមែន ការថែរក្សា នេះធ្វើបានចំពោះតែស្ដ្រីមានស្វាមី ឬក៏ស្ដ្រីដែលមានការរួមភេទនោះទេ។
1. ស្ដ្រីនៅក្រមុំ ឬមិនទាន់ឆ្លងកាត់ការរួមភេទ ៖ ថ្វីត្បិតតែមិនទាមទារឱ្យមានការថែរក្សាពិសេស ប៉ុន្ដែមិនមែនបាន ន័យថា មិនថែទាំសោះនោះទេ។ ព្រោះមានជម្ងឺមួយចំនួនអាចកើតមានទ្បើងនៅលើប្រដាប់បន្ដពូជរបស់ស្ដ្រី ដែល មិនធ្លាប់ឆ្លងកាត់ការរួមភេទ ដូចជាធ្លាក់ស រលាកអវៈយវៈភេទ រមាស់ជាដើម។ ដូចនេះចំពោះស្ដ្រីនៅក្រមុំ ឬនៅលីវមិន ចាំបាច់មានអ្វីច្រើនទេ ដោយគ្រាន់តែ សម្អាតប្រដាប់ភេទដោយទឹកស្អាតធម្មតារៀងរាល់ពេលបន្ទោរបង់រួច ដោយមិន ត្រូវលូកសម្អាតទៅដល់ខាងក្នុងទេ ព្រោះអាចបណ្ដាល ឱ្យប៉ះពាល់ដល់សន្ទះព្រហ្មចារី ឬក៏ភ្នាសស្បូន។ ម្យ៉ាងទៀត នៅក្នុងប្រដាប់បន្ដពូជរបស់នារី តែងតែបញ្ចេញសារធាតុសម្រាប់សម្អាត ផ្នែកខាងក្នុងដោយស្វ័យប្រវត្ដិ។ ស្ដ្រីដែល នៅក្រមុំ ឬនៅលីវមិនគួរប្រើប្រាស់ទឹកអនាម័យសម្រាប់លាងសម្អាតទេ លើកលែងតែមាន វេជ្ជបញ្ជាពីគ្រូពេទ្យ។
2. ស្ដ្រីមានស្វាមី ឬឆ្លងកាត់ការរួមភេទ ៖ ក្នុងដំណាក់កាលនេះ គ្រប់ស្ដ្រីទាំងអស់ជាស្វ័យប្រវត្ដិ តែងតែមានការហ្មត់ ចត់ក្នុង ការធ្វើអនាម័យប្រដាប់ភេទ។ ដោយហេតុថាដើម្បីឱ្យទំនាក់ទំនងផ្លូវភេទប្រព្រឹត្ដទៅដោយរលូន អនាម័យជា ប្រការមួយមិនអាច មើលរំលងបាន។ មានគូស្វាមីភរិយាមួយចំនួនរកាំរកូសគ្នាដោយការមិនយល់ពីការថែរក្សា អនាម័យ ក្នុងជីវភាពជាប្ដីប្រពន្ធ។ ទំនាក់ ទំនងផ្លូវភេទរវាងប្ដី និងប្រពន្ធជារឿងដែលមិនអាចខ្វះបាន។ មុនពេលរួមភេទ គ្រប់ស្ដ្រីទាំងអស់ត្រូវតែសម្អាតអវៈយវៈភេទឱ្យបានល្អ ដើម្បីបង្ការការចម្លងរោគតាមផ្លូវភេទ ក៏ដូចជាក្លាហានក្នុង ការ និយាយទៅកាន់ស្វាមី ឬក៏ដៃគូរបស់ខ្លួនពីបញ្ហានេះដែរ។ បើលោក ស្រីអ្នកនាងសម្អាតតែម្នាក់ឯង ហើយភាគី ម្ខាងទៀតមិនសម្អាត ជម្ងឺផ្សេងៗនៅតែអាចមានឱកាសរាតត្បាតដដែល។ ក្នុងករណីដែល មានជម្ងឺ ដែលបង្កតាម ការរួមភេទ ចាំបាច់ត្រូវតែព្យាបាលទាំងពីរនាក់ ទោះបីជាភាគីខាងប្រុសមិនមានជារោគសញ្ញា ឬក៏ការឈឺចាប់ អ្វីក៏ដោយ ។ បើមិនដូច្នោះទេ អ្នកទាំងពីរនឹងចម្លងឱ្យគ្នាទៅវិញទៅមកមិនមានថ្ងៃជាសះស្បើយឡើយ ថែមទាំងអាចបណ្ដាល ឱ្យក្លាយ ទៅជាជម្ងឺផ្សេងៗទៀតជាច្រើន ហើយមានគ្រោះថ្នាក់ទៀតផង ដូចជាជម្ងឺមហារីកស្បូនជាដើម។ ការព្យាបាល ជម្ងឺនោះទៀតសោត សូមមេត្ដាប្រុងប្រយ័ត្ន មិត្ដនារីទាំងអស់មិនមែនសុទ្ធតែអាចឱ្យគ្រូពេទ្យបើកស្បូនពិនិត្យ បានគ្រប់ ពេលនោះទេ ព្រោះអាចឆ្លងរោគតាម ឧបករណ៍សម្រាប់បើកស្បូន បើមិនមានអនាម័យគ្រប់គ្រាន់ និងជួនកាលអាច ធ្វើឱ្យរលាកស្បូនទៀតផង។
ប្រការគួរប្រតិបត្ដិ ពេលព្រឹត្ដិការណ៍ពិសេស រាងកាយស្ដ្រីតែងតែមានការប្រែប្រួលជាប្រចាំ ដូចជាពេលមានរដូវ ពេល មាន ផ្ទៃពោះ ពេលសម្រាលកូនជាដើម។
1. នៅពេលមានរដូវ ៖ ជាធម្មតាក្នុងមួយខែមានរយៈពេលពី៣ទៅ៧ថ្ងៃ ដែលស្ដ្រីមានធ្លាក់ឈាមរដូវ ដោយគ្រាន់តែស្ដ្រី ខ្លះ មានរដូវទៀងទាត់ និងមិនទៀងទាត់តែប៉ុណ្ណោះ។ គ្រប់ស្ដ្រីទាំងអស់ត្រូវ តែរក្សាអនាម័យឱ្យបានច្រើន ជាងពេល មិនមានរដូវ ព្រោះ នៅពេលនេះសរីរាង្គបន្ដពូជរបស់ស្ដ្រីខ្សោយជាងពេលធម្មតា ហើយងាយឆ្លងរោគផ្សេងៗ។ ការប្រើប្រាស់ សំឡីអនាម័យនោះទៀត សោត ចាំបាច់តម្រូវឱ្យសុភាពនារីទាំងអស់ ចេះជ្រើសរើសសំឡី អនាម័យ ដែលមាន សភាពទន់ ហើយឆាប់ជក់ទឹកបានល្អ។ គប្បីប្ដូរសំឡី អនាម័យរៀងរាល់៣ ឬ៤ម៉ោងម្ដង ព្រោះថាបើទុក រយៈពេលយូរ អាចធ្វើឱ្យក្ដៅ និងបង្កជាស្នាមកន្ទួលរមាស់ទៀតផង។
2. នៅពេលមានផ្ទៃពោះ ៖ កំឡុងពេលនេះ ដោយសារតែការប្រែប្រួលនៃអ័រម៉ូន ជួនកាលស្ដ្រីមានធ្លាក់ នូវវត្ថុរាវ ពណ៌សថ្លា ចេញពីទ្វារមាសដែលទាមទារឱ្យស្ដ្រីសម្អាតឱ្យបានញឹកញាប់ យ៉ាងហោចណាស់ឱ្យបានពីរដងក្នុងមួយថ្ងៃ ប៉ុន្ដែមិនត្រូវលូកលាងទៅដល់ ផ្នែកខាងក្នុងទេ។ បើមានបញ្ហាមិនប្រក្រតីណាមួយ គប្បីត្រូវប្រញាប់រកគ្រូពេទ្យជំនាញ មិនអាចប្រើថ្នាំព្យាបាលដោយខ្លួនឯងបានទេ ព្រោះមានថ្នាំប្រភេទខ្លះអាចបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។
3. ក្រោយពេលសម្រាល ៖ ជាធម្មតាតែងតែមានធ្លាក់ឈាម ហេតុនេះគ្រប់ស្ដ្រីទាំងអស់ត្រូវសម្អាតអវៈយវៈភេទជាមួយ នឹងទឹកក្ដៅឧណ្ហៗ និងឧស្សាហ៍ផ្លាស់ប្ដូរសម្លៀកបំពាក់ ឬសំឡីអនាម័យឱ្យបានញឹកញាប់។ សម្លៀកបំពាក់ ឬឧបករណ៍ ប្រើប្រាស់ ផ្សេងៗ ដែលទាក់ទងនឹងអវៈយវៈភេទ ត្រូវសម្អាតឱ្យបានហ្មត់ចត់ ព្រមជាមួយនឹងការសម្លាប់មេរោគឱ្យបានល្អ មុននឹងប្រើប្រាស់។
ការពារខ្លួនឯង ប្រសើរជាងព្យាបាល
មានតែសុភាពនារីខ្លួនឯងទេ ដែលអាចជួយខ្លួនឯងបានពីបញ្ហាអនាម័យនេះ។ ប្រការមួយចំនួនដែលសុភាព នារីចាំបាច់ ត្រូវ តែដឹងរួមមាន៖
  • សូមជ្រើសរើសខោទ្រនាប់ពីសាច់ក្រណាត់កូតុង និងផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ។
  • ក្រោយពេលបន្ទោរបង់ ត្រូវលាងសម្អាតប្រដាប់ភេទឱ្យបានស្អាត ដោយជូតសម្អាតចាប់ពីមុខមកក្រោយ ដើម្បីកុំឱ្យមាន ការនាំយកមេរោគពីផ្នៃកចុងនៃពោះវៀនធំ(ទ្វារលាមក)មកកាន់ប្រដាប់បន្ដពូជ។
  • រៀងរាល់៦ខែ ឬ១ឆ្នាំម្ដង ទោះមិនមានបញ្ហាអ្វីក៏ដោយ ក៏ស្ដ្រីត្រូវតែទៅត្រួតពិនិត្យសុខភាពឱ្យបានទៀងទាត់ ក្រែងមាន បញ្ហាមួយចំនួនដែលមិនស្ដែងចេញជារោគសញ្ញា។
  • ព្យាយាមថែទាំសម្អាតអវៈយវៈភេទផ្នែកខាងក្រៅកុំឱ្យមានអាការរលាក ពីព្រោះបើមានការរលាក ហើយមិនបានថែទាំ ឱ្យបានដិតដល់នោះ នាំឱ្យបាក់តេរីវាយលុករាតត្បាតទៅស្បូន ដៃស្បូនជាដើម។
  • ត្រូវមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសទឹកអនាម័យសម្រាប់សម្អាត អវៈយវៈភេទ ជាពិសេសត្រូវផ្ដោតសំខាន់ទៅលើ តុល្យភាពរវាងបាស និងអាស៊ីដ និងប្រតិកម្មផ្សេងៗ ដែលបង្កឡើងពីការប្រើប្រាស់ទឹកអនាម័យដែលគ្មានគុណភាព។
ដំបូន្មានអ្នកជំនាញ
អនាម័យអវៈយវៈភេទជារឿងដែលមិនអាចខ្វះបាន ហើយក៏មិនមានអ្នកណាអាចធ្វើជំនួសបានដែរ។ សូមព្យាយាម ជួយខ្លួន ឯងក្នុងរឿងនេះ។ ធ្វេសប្រហែសតែបន្ដិច ជួនកាលឱកាសធ្វើជាម្ដាយ ក៏សុភាពនារីមិនអាចទទួលបានដែរ៕

(ប្រភព៖HealthCambodia)