Tuesday, May 21, 2013

ហេតុអ្វីបានជាយើងស្រវឹង?

នៅក្នុងពិភព​គីមីមាន​អាល់កុលជាច្រើនប្រភេទ ប៉ុន្តែអាល់កុលដែលយើងតែងតែ​និយមជាងគេនោះ​គឺ​អេតាណុល។  រូបរាង​ម៉ូលេគុល​របស់​អេតាណុល​គឺ​ជា​ភ្នាក់​ងារ​ដែល​ធ្វើឲ្យស្រា ឬក៏ស្រាបៀរដែលយើង​ពិសាជះឥទ្ធិពល​ដល់​ខួរក្បាល​ របស់​យើង។ ម៉ូលេគុល​របស់​អេតាណុល​គឺ​មាន​ទំហំតូចណាស់ ដែល​កកើត​ឡើង​ដោយ​ការ​រួមបញ្ចូល​គ្នា​រវាង អាតូម​កាបូន​២ អាតូម​អ៊ីដ្រូសែន៦ និង​អាតូម​អ៊ុកស៊ីសែន១។ អេតាណុល​គឺសារធាតុ​ដែលអាច​រលាយ​ក្នុងទឹក ​ជាហេតុ​ធ្វើ​ឲ្យ​វា​អាច​ជ្រាប​ចូល​ក្នុង​ចរន្ត​ឈាម និង​ធ្វើ​ការ​សាយភាយ​ទៅ​គ្រប់​ទី​កន្លែង​នៃ​សារពាង្គកាយ (សំខាន់​បំផុតគឺថ្លើម និង​ខួរក្បាល)។ វា​ក៏ជា​សារធាតុ​រលាយ​ក្នុង​ខ្លាញ់ផងដែរ  ដែលជាហេតុធ្វើ​ឲ្យ​វា​ជ្រាប​ចូល​ភ្នាសកោសិកាផ្សេងៗ និង​ទីកន្លែងដ៏ទៃទៀត​ដែលជា​ធម្មតា​មិនអាចជ្រាបទៅដល់។
បរិមាណ​អេតាណុលជាក់លាក់ណាមួយ​ដែល​អ្នក​បានបរិភោគ​ នឹងធ្វើដំណើរ​ឆ្លង​ទៅពោះវៀនតូច​របស់អ្នក បន្ទាប់​មកត្រូវ​បាន​ស្រូប​ចូលទៅ​ក្នុង​ចរន្តឈាម  រួច​បញ្ចូន​ទៅ​ខួរក្បាល។ យោងតាមការសិក្សាស្រាវជ្រាវ ​មិនទាន់​មានការ​សន្និដ្ឋាន​ជាក់លាក់​ណាដែលឆ្លើយ​នឹង​សំណួរថាតើ​អេតាណុល​ ជះឥទ្ធិពល​ដល់​ខួរក្បាល​ដោយ​របៀបណា​ឲ្យ​ប្រាកដនោះទេ។ ប៉ុន្តែ​មាន​ទ្រឹស្តី​មួយចំនួន​បាន​​ធ្វើការ​បកស្រាយ​ស្តី​ពី​បញ្ហានេះ។ កាយវិការ និងប្រតិកម្ម​យឺតៗ ការនិយាយ​ឡុលៗ និង​ការ​បាត់​បង់ការចងចាំ​នៅពេលដែលអ្នកស្រវឹងគឺអាច​បណ្តាល​មក​ពី​សារធាតុ​ អេតាណុលធ្វើការភ្ចាប់​ទៅនឹង​សរសៃ​ប្រសាទ​Glutamateដែលនៅក្នុង​ប្រព័ន្ធ​ ប្រសាទ​នៃ​ខួរក្បាល​របស់អ្នក។ សរសៃ​ប្រសាទ​ទាំងនេះ​ ដែលជាធម្មតា​ទទួល​សញ្ញា​គីមី(Chemical Signal)ពី​កន្លែង​ផ្សេងៗ​នៃ​ខួរ ​ក្បាល តែ​ផ្ទុយទៅវិញ​បែជា​​ទទួល​ម៉ូលេគុល​អេតាណុល ដែល​មូលហេតុនេះធ្វើឲ្យ​ដំណើរ​ការ​នៃការទទួលសញ្ញា​មាន​ការរំខាន ហើយជាលទ្ធផលនាំឲ្យ​ខួរក្បាល​ទាំងមូល​មាន​ដំណើរការ​យឺតយ៉ាវ។ អេតាណុលក៏ធ្វើការភ្ចាប់ខ្លួន​ជាមួយ​នឹង​សរសៃប្រសាទGABA( gamma-aminobutyric acid)ដែលជា​ធម្មតាវាមាន​មុខងារ​បន្ថយល្បឿន​សកម្មភាពខួរក្បាល។ ខុសគ្នា​នឹង​ Glutamate អេតាណុល​បានធ្វើ​ឲ្យ​សរសៃប្រសាទ​GABA ងាយ​រងឥទ្ធិពល ដែលជាហេតុនាំឲ្យ​សកម្មភាពខួរក្បាល​មាន​សកម្មភាព​កាន់តែ​យឺត ឬស្ពឹក។
ជាតិ​អាល់កុល​មិនមែនគ្រាន់​តែ​ជាភ្នាក់ងារ​ធ្វើឲ្យសកម្មភាព​ ខួរក្បាលរបស់អ្នកមាន​សកម្មភាពយឺតប៉ុណ្ណោះទេ  តែវាក៏ជា​ភ្នាក់​ងារ​ជួយ​ឲ្យ​សារធាតុ​ dopamine និង endorphins ផលិតឡើង ដែលទាំងពីរនេះគឺជាសារធាតុ​គីមី​ធ្វើឲ្យ​មនុស្ស​មាន​អារម្មណ៍​សប្បាយរីករាយ។

ប្រភព៖ How it works, Book of amazing answers to curious questions 2012 (ដោយ គំនិត)

Sunday, May 19, 2013

អាហារ​ជួយ​អោយ​សាច់ដុំ​រឹងមាំ​

វា​ជា​ការធម្មតា​នោះទេ ដែល​អ្នក​រាល់គ្នា​តែង​ចង់ អោយ​សាច់ដុំ​របស់​ពួកគេ​មាន​ភាពរឹងមាំ​បាន​យ៉ាង​លឿន ប៉ុន្តែ​វា​ក៏​មាន​សារសំខាន់​ផងដែរ ក្នុងការ​ដឹងថា តើ​អាហារ​ប្រភេទ​ណា ដែល​អ្នក​គួរ​ទទួល​ទាន ដើម្បី​អោយ​ពួកវា មាន​ភាពរឹងមាំ​បាន​។ ការ​ទទួលទាន​អាហារ​បាន​ត្រឹមត្រូវ និង ល្អឥតខ្ចោះ គឺ​ក៏មាន​អត្ថប្រយោជន៍​សំខាន់ ដូច​ជា​ការ ហាត់ប្រាណ​បាន​ត្រឹមត្រូវ​ផងដែរ​។ ដូច្នេះ វិធីសាស្ត្រ​ដ៏​សាមញ្ញ​ខាងក្រោម​នេះ គឺ​នឹង​អាច​ជួយ​អ្នក​អោយ​យល់​បាន​ពី ប្រភេទ​អាហា​រណា ដែល​អាច​ជួយ​អោយ​សាច់ដុំ​អ្នក រឹងមាំ​បាន​។​


១. បរិភោគ អាហារ​ដែល​មាន​បរិមាណ​កាឡូរី​ដ៏​ល្អ​
ប្រសិនបើ​អ្នក​ចង់​សាងសង់ សាច់ដុំ​របស់​អ្នក​អោយបាន​ល្អ ក្នុង​រយៈពេល​ដ៏​ខ្លី នោះ​វា​ជា​ការចាំបាច់​ដែល​អ្នក ត្រូវ​តែ​ប្រើប្រាស់​នូវ​ជាតិ​កាឡូរី អោយបាន​គ្រប់គ្រាន់​។ នៅពេលណា​ដែល​អ្នក​បាន ធ្វើ​ការងារ ឬ លំ​ហាត់ប្រាណ ក្នុង​កម្រិត​សកម្មភាព​ខ្លាំងក្លា​ណាមួយ នោះ​អ្នក​នឹង​ត្រូវការ​ថាមពល​បន្ថែម ដើម្បី​ជួសជុល​ដល់ ជាលិកា តាម​ដែល​វា ត្រូវបាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេល​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​នេះ​។  វា​គ្មាន​ជម្រើស​អ្វី​ផ្សេង​សម្រាប់​អ្នក ក្រៅ ពី ត្រូវ​ធ្វើការ​ទទួលទាន​ជាតិ​កាឡូរី​អោយបាន​គ្រប់គ្រាន់ ដើម្បី​ពង្រឹង​សាច់ដុំ​អ្នកនេះ​ទេ​។​
វា​ក៏​មាន​សារៈសំខាន់​ផងដែរ ក្នុងការ​ដឹងថា ការទទួល​អោយបាន​ច្រើន​តាម​ដែល​អ្នក​អាចធ្វើ​បាន​នោះ គឺ​មិន បាន​ផ្តល់​ផល​ល្អ ដល់​ការសាងសង់​សាច់ដុំ​របស់​អ្នក​នោះ​ទេ​។ ពីព្រោះ​អាហារ​នី​មួយៗ គឺ​នឹង​ផ្តល់​អោយ​អ្នក នូវ បរិមាណ​កាឡូរី​ផ្សេងៗ​គ្នា​។
ឧទាហរណ៍ ប្រសិនបើ​អ្នក​ចង់​បាន​កម្រិត​កា​ឡូរី ១៨០០ ក្នុង​មួយ​ថ្ងៃ ដើម្បី​ធ្វើ​ការពង្រឹង​សាច់ដុំ​អ្នក ហើយ​អ្នក បាន​ញុំ​ា នំ​ដំឡូងបារាំង អស់​៥​កញ្ចប់​ជា​រៀងរាល់ថ្ងៃ នោះ​តើ​អ្នក​នឹង​បាន​ទទួល​លទ្ធផល​បែបណា​? តើ​វា​អាចទៅរួច ទេ ដែល​អ្នក​អាច​នឹង​កើន​ទំងន់​? ចំលើយ​នោះ​គឺ​ថា​ទេ អ្នក​នឹង​មិន​អាច​ឡើង​ទំងន់​បាន ដោយសារ​ការ​ទទួលទាន បែបនេះ​ទេ​។ មូលហេតុ​ដ៏​សាមញ្ញ​នោះ​គឺ ដំឡូងបារាំង​គឺជា​អាហារ សម្រន់​ដែល​មិន​មាន​សារជាតិ​បំប៉ន​កាឡូរី​នោះ ទេ​។ ដូច្នេះ អ្នក​ត្រូវ​ទទួល​ទាន​អាហារ ដែល​អាច​ពង្រឹង​សាច់ដុំ​អ្នក​បាន  និង ផ្តល់​អោយ​អ្នក​ទាំង​កា​ឡូរី និង សារជាតិ​បំប៉ន ។​
២. បរិភោគ​អាហារ ដែល​មាន​ជាតិ​ប្រូតេអ៊ីន​អោយបាន​គ្រប់គ្រាន់​
ដើម្បី​ពង្រឹង​សាច់ដុំ​ថ្មី របស់​អ្នក​បាន ខ្លួនប្រាណ​របស់​អ្នកត្រូវការ បរិមាណ​ប្រូតេអ៊ីន ក្នុង​កម្រិត​ដ៏​ប្រសើរ​មួយ​។ ជាតិ​ប្រូតេអ៊ីន គឺ​មាន​សម្ថ​ភាព​ក្នុង​ការផ្តល់​អោយ​អ្នក​នូវ សារជាតិ​អាមីណូអាស៊ីត សម្រាប់​ការសាងសង់ និង ជួសជុល​សាច់ដុំ​បាន​ឆាប់​ហ័ស​ឡើងវិញ​។ អ្នក​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ ច​ណុ​ច​កណ្តាល​នៃ​អាហារ​របស់​អ្នក ដែល​នឹង​មាន​គុណភាព​ប្រូតេអ៊ីន​ខ្ពស់​។  ការសិក្សា​ផ្សេងៗ​គ្នា​ជា​ច្រើន បានបង្ហាញ​ថា នៅពេល​ដែល​អ្នក​បាន​ធ្វើ លំ​ហាត់ប្រាណ ក្នុង​កម្រិត​សកម្មភាព​ខ្លាំងក្លា នោះ​រាងកាយ​របស់​អ្នក នឹង​ត្រូវការ​សារជាតិ​អាមីណូអាស៊ីត​។ សារជាតិ​នេះ អាច​ផ្តល់អោយ​អ្នក នូវ​ការគាំទ្រ​ចំពោះ​ការជួសជុល និង ការរីកលូតលាស់​របស់​សាច់ដុំ​។ វា​ជា​ការពិត​ដែលថា ការ​រួមផ្សំ​គ្នា​រវាង របប​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង ការហ្វឹកហាត់​ដ៏​ខ្លាំងក្លា អាច ធ្វើអោយ​អ្នក​មាន​សាច់ដុំ​រឹងមាំ​។ ជាតិ​ប្រូតេអ៊ីន គឺជា​អាហារ​ដ៏​ប្រសើរ​បំផុត ក្នុង​ការពង្រឹង​សាច់ដុំ​អ្នក បាន ក្នុង រយៈ ពេល ដ៏​ខ្លី​។​

៣. បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​
ការពង្រឹង​សារជាតិ​អរ​ម៉ូ​ន គឺ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ចំពោះ ការរីកលូតលាស់ និង ផ្តល់​ថាមពល​ដល់​សាច់ ដុំ​។ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ គឺ​មាន​នាទី​ដ៏​ចំបង​ក្នុង ដំណើរការ​ផលិតផល​របស់​អរ​ម៉ូ​ន​។ មាន​ការយល់ច្រលំ​ថា ការ​ទទួលទាន​ខ្លាញ់​ច្រើន គឺ​ធ្វើអោយ​អ្នក​ធាត់​។ តែ​អ្នក​ត្រូវ​ធ្វើ​តាម​នូវ​ការណែនាំ​របស់ អ្នកជំនាញ​ផ្នែក​អាហារ ដែល​បាន​និយាយថា អ្នក​ត្រូវ​ទទួល​ទាន​អាហារ ដែល​មាន​ជាតិ​ខ្លាញ់​អោយបាន​ច្រើន​។ របប​អាហារ​ទាំងនោះ​មាន ដូចជា​៖ បឺរ និង ក្រែម​។ អត្ថប្រយោជន៍​ជា​ចំបង នៃ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​នោះ​គឺថា ពួកវា​អាច​បង្កើន​បរិមាណ នៃ​កម្រិត អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​។ ដូច្នេះ​អាហារ​ប្រភេទ​នេះ បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ ពង្រឹង​ថាមពល​សាច់ដុំ ហើយ​វា​ជា​ប្រភេទ​អាហារ​មួយ​ដ៏​សំខាន់ ក្នុង​ការសាងសង់​សាច់​ដុំ​បាន​ផង​ដែរ​។​
វា​ជា​ការ​ប្រសើរ​សម្រាប់​អ្នក ក្នុងការ​ទទួលទាន​នូវ ផ្លែ​ចេក​, ទឹក​យ៉ា​អួ​,​ត្រី , ស៊ុត​, ហ្វ្រូ​ម៉ាស​,​សណ្តែកដី ដែលមាន បឺរ នៅពេល​ដែល​អ្នកធ្វើការ​ហ្វឹកហាត់​លើក​ដុំ​ទំងន់​ធ្ងន់ៗ តាម​ដែល​អាហារ​ប្រភេទ​នេះ អាច​ធ្វើអោយ​សាច់ដុំ​អ្នក មាន​ភាពរឹងមាំ​បាន​ឆាប់រហ័ស ហើយ​វា​ក៏​មាន​ផ្ទុក​ធាតុ​ផ្សំ​សំខាន់​ផ្សេងៗ​ទៀត ក្នុង​ការសាងសង់​សាច់​ដុំ​អ្នក​បាន​ផង ដែរ​៕

Saturday, May 18, 2013

ស្រោមអនាម័យ បុរស

យោងតាម តួលេខផ្លូវ ការ​ របស់​អង្គការ​អន្ដរជាតិ ​បម្រើ​សុខភាព ​ប្រជាពលរដ្ឋ​កម្ពុជា បានបង្ហាញថា ក្នុងមួយឆ្នាំ ប្រជាជននៅកម្ពុជា​ បាន​ស្រោម​អនាម័យ​បុរស​ ប្រមាណ​ជា២១លាន ។


 តាមពិត​ទៅ វប្បធម៌​ប្រើប្រាស់ ​ស្រោម​អនាម័យ​មានរាប់​ សតវត្សរ៍មក​ហើយ ដើម ឡើយ​វាគ្រាន់តែ​ជាស្រោម​អនាម័យ​ដែលផលិត​ឡើង​ពីពោះវៀន​ ចៀម ហើយ​ត្រូវបាន​​ គេប្រើ​ដើម្បី​ការពារការ​ឆ្លងជម្ងឺ​ កាមរោគ តែប៉ុណ្ណោះ។ បច្ចុប្បន្ន ការ​ផលិត​ស្រោម​អនាម័យ​បានឈាន​មកដល់​កម្រិត ​មួយដែល​គ្មាន​ព្រំដែន ផលិត​ឡើង​មិនត្រឹមតែ​ដើម្បី ការពារ​ការឆ្លង​ជម្ងឺ​ កាមរោគ ជម្ងឺ​អេសដ៍ និង​បង្ការការ​មានផ្ទៃ​ពោះ​ប៉ុណ្ណោះទេ ថែមទាំង​ មានឥទ្ធិពល​ជំនួយ​ដល់ការ​រួមភេទ​ទៀត ផង។
ដើម្បី​រួមចំណែក​ទប់ស្ដាត់​ការរាលដាល​ជម្ងឺអេដស៍​នៅកម្ពុជា ទស្សនាវដ្ដី សុខភាពយើង បាន ​ជួប​សម្ភាសន៍​ជាមួយ លោកវេជ្ជ​បណ្ឌិត ណុប សុធារ៉ា ជាប្រធាន​ផ្នែក​ទំនាក់​ទំនង​សាធារណៈ នៃ​អង្គការ​អន្ដរជាតិ​បម្រើ​សុខភាព​ប្រជាពលរដ្ឋ ភីអេស អាយ។

ស្រោមអនាម័យ ជាអ្វី?

ស្រោម​អនាម័យ ​ជា​កៅស៊ូយឺត​​ មានជាតិ​ឡាតិច ផលិត​ឡើង​ដោយ ​ក្រុមហ៊ុន​ ជាច្រើន​នៅលើ​ពិភពលោក។
 ស្រោម អនាម័យ​មានច្រើន​ប្រភេទ ច្រើន​យីហោ ច្រើន​សណ្ឋាន មាន​ប្រយោជន៍ និង​តម្លៃ​ផ្សេងៗគ្នា ដូចជា​ស្រោម​អនាម័យ​គ្រើម ស្រោម អនាម័យ​ជាតិស្បែក​តិច​ជាដើម។ ស្រោម​អនាម័យ​ប្រើប្រាស់​ដើម្បី​បង្ការ​ការមាន​ផ្ទៃពោះ ការ​ឆ្លងមេ​រោគអេដស៍ ឬ​មេរោគឆ្លង តាមរយៈ​ការរួមភេទ។ ស្រោម​អនាម័យ​មានប្រសិទ្ធភាព​អាចបង្ការ​បានខ្ពស់ ប្រសិន​បើប្រើ​ប្រាស់​បាន​ត្រឹមត្រូវ។ ស្រោម​អនាម័យ​ដែលមាន​ស្ដង់ដា​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា គឺមុខ​កាត់៤៩បូក ឬ​ដក២​មីលីម៉ែត្រ និង​ឆ្លងកាត់​ការ​ធ្វើតេស្ដសាក​ល្បងពី លក្ខណៈ​ស្ដង់ដា​នោះ។
អត្ថប្រយោជន៍​របស់ស្រោម​អនាម័យ

តាមការ​សិក្សា​ស្ដីពី​ការប្រព្រឹត្ដ​ផ្លូវភេទ ស្រោម​អនាម័យ​អាចជួយ​បានច្រើន​យ៉ាង ដូចជា​ជួយការពារ​មិនឱ្យ​មាន​ផ្ទៃពោះ​រហូតដល់​ទៅ៨៩% ជួយ​ការពារ​មិនឱ្យ​ឆ្លងជម្ងឺ​កាមរោគ​បានរហូត​ដល់៩១%​ជាដើម។ មាន​ប្រជាពលរដ្ឋ​ប្រមាណជា​៩០% ដែល​បានដឹង​អំពីចំណេះ​ដឹង​ទាក់ទង​ទៅនឹង​ជម្ងឺ​អេដស៍។ បច្ចុប្បន្ន​នេះ សម្រាប់​អ្នកដែល​ស្វែងរក​ការសប្បាយ​នៅតាមផ្ទះ​បន ការ ប្រើប្រាស់​ស្រោម​អនាម័យ​មានសារៈ​សំខាន់​ការពារ​ខ្លួនកុំ​ឱ្យឆ្លង​ជម្ងឺកាម​ រោគ ពិសេស​គឺជម្ងឺ​អេដស៍​តែម្ដង។

បច្ចុប្បន្ន ការ​ប្រើប្រាស់​ស្រោម​អនាម័យ​មានការ​ទទួល​ស្គាល់​ច្រើន បើប្រៀប​ធៀប​នឹងប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ។ ទោះ បីជា​មានការ​យល់ឃើញ​ខ្លះថា​ស្រោម​អនាម័យ​មានការប៉ះ​ពាល់​ដល់​អារម្មណ៍​ ផ្លូវភេទ ឬ​សុខភាព​ផ្លូវភេទ តែមិន​ទាន់មាន​ការអះ អាង​ណាមួយ​អំពីកម្រិត​ប៉ះពាល់​យ៉ាង​ណាទេ។ ស្រោម​អនាម័យ​ធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​អ្នកប្រើ​នៅពេល​រួមភេទ។ ស្ដ្រីរក ស៊ីផ្លូវភេទ​ខ្លះបាន​ត្អូញត្អែរ​ថាការ​ប្រើប្រាស់​ស្រោម​អនាម័យ​បណ្ដាល​ ឱ្យពួកគាត់​មានអាការ​រមាស់។ មូលហេតុ គឺមក​ពីពួក​គាត់ ស្ងួតទឹក​រំអិល​ដោយ​សារការ​រួមភេទ​ច្រើនដង​ក្នុងមួយ​ថ្ងៃ តែសូម​ជ្រើសរើស​ស្រោម​ប្រភេទថ្មីៗ ដែល​មានបន្ថែម​ទឹករំអិល​ដែល អាចជួយ​បានមួយ​កម្រិត។

កម្រិតនៃ​ការប្រើស្រោម​អនាម័យ

មិនទាន់​មានចម្លើយ​សមស្រប​ដែលថា​តើហេតុអ្វី​បានជា​ពួកគាត់​ចូលចិត្ដ ឬ​មិនចូលចិត្ដ​ប្រើស្រោម​អនាម័យ​ទេ។ វាជា ការ​ទទួលខុស​ត្រូវ​មួយ​របស់​អ្នកដែល​ប្រព្រឹត្ដិ​ស្នេហា​ជាមួយ​ដៃគូច្រើន មាន​ជម្រើស​ពីរ គឺ​ប្រើ​ស្រោម​អនាម័យ​ពេលរួមភេទ ឬ ព្រម​ទទួល​យក​គ្រោះថ្នាក់​ឆ្លងជម្ងឺ​កាមរោគ ឬ​ជម្ងឺ​អេដស៍។ ទោះបី​ជាមាន​បុរសជា​ច្រើន​ទទួល​ស្គាល់​ថាអត្ថ​ប្រយោជន៍​របស់ ស្រោម​អនាម័យ​ក៏ដោយ តែ​ស្រោម​អនាម័យ​នៅតែ​ជាការ​ទើសទាល់។ ការ​ប្រើប្រាស់​ស្រោម​អនាម័យ​នឹងមាន​ការគាំទ្រ​ពី សំណាក់​អ្នកប្រើ​ប្រាស់ និង​សង្គម។ តាមការ​អង្កេត​ស្រាវជ្រាវ​ដែលធ្វើ​ឡើងដោយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ ជម្ងឺអេដស៍ និង​អង្គ ការ​ក្រៅ​រដ្ឋាភិបាល​ដទៃទៀត បាន​បញ្ជាក់​ពីការ​ប្រើប្រាស់​ស្រោម​អនាម័យ​ថានៅមាន​កម្រិត​ទាប​ក្នុងចំណោម​ ដៃគូ​ស្នេហា​ដែល មានការ​ជឿជាក់​លើគ្នា ដែលឆ្លុះ​បញ្ចាំង​ពីភាព​ប្រឈមមុខ​នឹងគ្រោះ​ថ្នាក់​នៅឡើយ។

របៀបប្រើស្រោមអនាម័យ

ទោះបីជា​មានការ​អប់រំ និង​ផ្សព្វផ្សាយ​ជាច្រើន​អំពី​ចំណេះដឹង​នៃការ​ប្រើប្រាស់​ស្រោម​អនាម័យ ក៏ការ​ប្រើប្រាស់​មិន ទាន់​បានត្រឹមត្រូវ​១០០%​ដែរ។ ការប្រើ​ប្រាស់​ដែល​ត្រឹមត្រូវ គឺត្រូវ​ពិនិត្យ​មើល​លក្ខណៈ​របស់​ស្រោម ចៀស​វាង​ប្រើស្រោមខូច ទ្រង់ទ្រាយ ហួស​កាល​បរិច្ឆេទ ឬ​ផុតកំណត់​នៃការ​ប្រើប្រាស់។ បើពិនិត្យ​ឃើញ​មានជាតិ​ប្រេង ឬ​ទឹករំអិល​ជាប់លើ​កញ្ចប់ បញ្ជាក់ ថាស្រោម​អាចមាន​បញ្ហា មិនគួរ​ជ្រើស​ប្រើទេ គួរប្ដូរ​ស្រោម​អនាម័យថ្មី​ដែលមិន​ខូចគុណ​ភាព។ វិធី​ប្រើប្រាស់​ស្រោម​អនាម័យ​ឱ្យ បាន​ត្រឹមត្រូវ​ជាកត្ដា​សំខាន់។​ សូមចាប់​ផ្ដើមដោយ​ហែក​កញ្ចប់​ស្រោម​ដោយ​ ប្រុងប្រយ័ត្ន ការពារ​ការដាច់​ដោច ឬ​ខូចទ្រង់ទ្រាយ​ស្រោម រួចពាក់​នៅ លើលិង្គ​ដែល​កំពុងរឹង​ខ្លាំង ពិសេស​ពេលរៀប​នឹងស៊ក​បញ្ចូល មិន​មែនពាក់​ហើយ​នៅប្រលែង​គ្នាលេងទេ ព្រោះ​វាអាចហួត​ទឹក រំអិល​ដែលជាប់នៅ​លើស្រោម​អនាម័យ។ ម្យ៉ាងទៀត ការ​ដែលពាក់​ហើយ​ទុកយូរ វាអាច​នាំឱ្យ​លិង្គស្រក ឬ​លែងរឹង​ដែលអាច បណ្ដាល​ឱ្យខ្យល់​ចូលក្នុង​ស្រោម​អនាម័យ​ដែលអាច​បែក រហែក ឬ​របូត​ពីលិង្គ។ សូមពាក់​ដោយ​យកដៃ​ម្ខាងកាន់​ចុងថ្នក់​ស្រោម អនាម័យ ហើយ​ដៃម្ខាង​ទៀត​ពន្លាត់វា​តាំង​ពីចុង​រហូតដល់​គល់លិង្គ ដោយ​ទុកតែថ្នក់​ខាងចុង​នៃស្រោម​អនាម័យ​បន្ដិចបាន​ហើយ។ នៅលើ​ស្រោម​អនាម័យ​តែងតែ​មានជាតិ​ទឹករំអិល​ដែលអាច​ជួយ​សម្រួល​ដល់ការ​ ស៊កបញ្ចូល និង​ការរួមភេទ។ បន្ទាប់​ពីចេញ​ទឹក កាម​ហើយ ឬក៏​លិង្គចាប់​ផ្ដើមស្រក ត្រូវ​ប្រញាប់​ដកលិង្គ​ចេញ ដោយ​យកដៃ​ម្ខាងកាន់​គល់​ស្រោម​អនាម័យ​ដោយ​ប្រុង​ប្រយ័ត្ន ចៀស​វាងការ​ហៀរ​កំពប់​ចេញ​ទឹកកាម​តាមស្រោម​អនាម័យ ឬ​របូត​ស្រោម​អនាម័យ។ ត្រូវ​ចោល​ស្រោម​អនាម័យ​ឱ្យមាន​របៀប ចៀស​វាងការ​ចោលពាស​វាលពាស​កាល ព្រោះ​នាំឱ្យ​ខូច​បរិស្ថាន។ ដូច្នេះ​គួរជ្រើសរើស​ការប្រើប្រាស់​ស្រោម​ អនាម័យ​នៅពេល​ដែល​លោកអ្នក​មានដៃ​គូរួមភេទ​ច្រើន ឬ​នៅពេល​មានការ រួមភេទ​ជាមួយ​នឹងស្ដ្រី​ដែល​រកស៊ី​ផ្លូវភេទ ដើម្បី​សុវត្ថិភាព​របស់​លោកអ្នក និង​ដៃគូស្នេហា​របស់​លោកអ្នក។ បុរស​ដែល​ចូលចិត្ដ ស្វែង​រកសេវា​ផ្លូវភេទ គួរមាន​ស្រោម​អនាម័យ​ជាប់នឹង​ខ្លួន និង​ប្រើប្រាស់​ស្រោម​អនាម័យ​ជាប់ជានិច្ច ព្រោះ​ពួកគាត់​ងាយ​ប្រឈម មុខនឹង​គ្រោះថ្នាក់​ខ្លាំងណាស់។ ស្រោម​អនាម័យ​អាចនឹង​មិនចាំបាច់​ប្រើនៅ​ពេលដែល​លោកអ្នក​សម្រេចចិត្ដ​ តមរួមភេទ ឬ​មានដៃ គូស្នេហា​ត្រឹមតែ​មួយ ដែលបាន​ធ្វើតេស្ដ​ឈាមរួច ថាគ្មាន​មេរោគ​អេដស៍។

Friday, May 17, 2013

តើ​គួរ​ហូប​អាហារ​ប្រភេទ​ណា​ផ្តល់​ប្រយោជន៍​ដល់​សុខភាព​ភ្នែក?

ភ្នែក​គឺជា​សរីរាង្គ​មួយ​ដ៏​សំខាន់​បំផុត សម្រាប់​ការ​សម្លឹង​មើល​នូវ​ទេសភាព​អ្វីៗ​គ្រប់​ទី​កន្លែង​និង​សម្រាប់​ប្រើ ​ប្រាស់​ក្នុង​ជីវិត​ដ៏​មាន​ន័យ ខណៈ​ពេល​វា​មាន​សុខភាព​ល្អ​ដោយ​សារ​ការ​ទទួល​ទាន​ចំណី​អាហារ​មាន​ជាតិ​ វីតាមីន​នោះ។ តើ​ជា​ធម្មតា​លោក​អ្នក​គួរ​ធ្វើ​ការ​ថែទាំ​យ៉ាង​ណា​ចំពោះ​សុខភាព​ភ្នែក​របស់ ​លោក​អ្នក​។

ការ​ហូប​ចុក​ជា​រឿង​សំខាន់​នៅ​ក្នុង​ការ​ជួប​ដល់​សុខភាព​ភ្នែក ដូច្នេះ​អាហារ​ទាំង​នេះ​ដែល​អាច​ដល់​ភ្នែក​អ្នក​បាន​មាន​ដូច​ជា​ប្រភេទ​ផ្លែ ​ឈើ បន្លែ​ជីរ គ្រឿង​ទេស និង​ត្រី​ជាដើម​ដែល​សុទ្ធ​តែ​បាន​ផ្តល់​នូវ ជាតិ​វីតាមីន​ច្រើន​យ៉ាង ផ្តល់​ជាតិ​ការ៉ូតេណូអ៊ីត ជាតិ​រ៉ែ និង​ជាតិ​អាស៊ីត​ខ្លាញ់​មួយ​ចំនួន​មាន​ប្រយោជន៍​សម្រាប់​ភ្នែក។
អាហារ​មាន​ជាតិ​សាច់​និង​ជាតិ​ស្ករ​ខ្ពស់​នោះ​មិន​មាន​ប្រយោជន៍​សម្រាប់​ សុខភាព​ភ្នែក​របស់​អ្នក​ឡើយ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​បែរ​ជា​អាច​បង្ក​ឲ្យ​មាន​ការ​ប្រឈម​មុខ​ចំពោះ​ជំងឺ​ភ្នែក​មួយ​ចំនួន​ទៅ​ វិញ​ដូច​ជា​ជំងឺ​សរសៃ​ឈាម​ភ្នែក​ជា​ដើម។ ពេល​ណា​មាន​ជាតិ​ស្ករ​ខ្ពស់​នៅ​ក្នុង​សរសៃ​ឈាម​នោះ​វា​នឹង​បង្ក​ឲ្យ​មាន​ ជំងឺ​ទឹក​នោម​ផ្អែម​ដែល​ពាក់​ព័ន្ធ​នឹង​ជំងឺ​ភ្នែក​នានា​ទៀត​និង​អាច​វិវត្ត ​ទៅ​រក​ជំងឺ​ភ្នែក​ឡើង​បាយ។
ទាំង​នេះ​គឺជា​អាហារ​ដែល​មាន​សារៈ​សំខាន់​សម្រាប់​សុខភាព​ភ្នែក​ដូច​ជា​ បន្លែ​បៃតង​រួម​មាន​ដូច​ជា​បន្លែ​ប្រូកូលី សណ្តែក​បារាំង ខាត់​ណា​ពណ៌​បៃតង សណ្តែក​ខៀវ ស្ពៃ​ក្តោប​បៃតង។ ចំណែក​បន្លែ​ជា​អាហារ​ផ្សេង​ទៀត​មាន​ការ៉ុត បន្លែ​ស៊ីលេរី ពោត​ខ្ចី សាឡាដ ដំឡូង​ជ្វា ប៉េងប៉ោះ បន្លែ​អាព្រីកូ​ក្រៀម ផ្លែ​បើរី​ពណ៌​ខៀវ ត្រសក់​ផ្អែម ក្រូច​ឆ្មារ ជីរ​ទឹក​អប់ ត្រី​សាល​ម៉ុន ត្រី​ធូណា ត្រី​សាឌីន​ជា​ដើម។
ផ្លែ​ឈើ​បន្លែ​និង​សាច់​ត្រី​ទាំង​ឡាយ​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​គឺ​ សុទ្ធ​តែ​មាន​សារៈ​សំខាន់​សម្រាប់​សុខភាព​ភ្នែក​របស់​មនុស្ស​ហើយ​វា​មាន​ លក្ខណៈ​ងាយ​រក​ផង​ដែរ៕

(ប្រភព៖ខ្មែរប៉ុស្តិ៏)

Wednesday, May 15, 2013

វ៉ាក់សាំង​ផ្តាសាយ​មាន​ប្រសិទ្ធភាព​ដូចម្តេច​?

​រហូតមកទល់​សព្វថ្ងៃ ពុំទាន់​មាន​ថ្នាំ​ព្យាបាល​ពិសេស​សម្រាប់​ផ្តាសាយ ហេតុនេះ​វិធានការ​តែ​១​គត់​សម្រាប់​ជំងឺ​នេះ​គឺ​ចាក់​វ៉ាក់សាំង​បង្ការ ។​

​ផ្តាសាយ​និយាយ​រួមនិង​ផ្តាសាយ​បក្ស​និយាយ​ដោយឡែក​តែង​ប្រែប្រួល​ស្មុគស្មាញ​បង្កប់​នូវ​ គ្រោះថ្នាក់​ឆ្លង​រាលដាល​ជាមួយនឹង​អត្រា​បាត់បង់​ជីវិត​ខ្ពស់ (​ផ្តាសាយ A/H1N1, A/H5N1 , A/H7N9...) ។ វ៉ាក់សាំង​ផ្តាសាយ​មាន​ប្រសិទ្ធភាព​បង្ការ​ល្អ​ចំពោះ​បណ្តា​មុខសញ្ញា​រំញោច ជួយ​ឆ្លង​ផុត​ពេលវេលា​គ្រោះថ្នាក​បំផុត គំរាមកំហែង​ការផ្ទុះ​ជំងឺ​ផ្តាសាយ ។​
-​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​បង្ការ​ផ្តាសាយ
​វ៉ាក់សាំង​ផ្តាសាយ​ត្រូវបាន​ផ្សំ​ពី​ វីរុស​ផ្តាសាយ ។ វា​ជា​ពពួក​វីរុស​បាន​គ្មាន​សកម្មភាព ឬ​ពពួក​វីរុស​បាន​ត្រូវធ្វើ​ឲ្យ​ថមថយ​លទ្ធភាព​បង្ក​ជំងឺ តែ​នៅ​ដូចដើម ។ ពេល​ចាក់​វីរុស​ក្នុង​វ៉ាក់សាំង​នេះ​ចូល​លក្ខណៈ​បង្កើត​អង្គ​បដិបក្ខ​ សរីរាង្គ វា​មិន​បង្ក​ជា​ជំងឺ​ផ្តាសាយ តែ​បែរជា​អាច​រំញោច​សរីរាង្គ​ផលិត​អង់ទីគ័រ​ដ៏​ខ្លាំង និង​ច្រើន​ដើម្បី​ប្រឆាំង​ទប់ទល់​ពេល​មាន​វីរុស​ពិត​ពី​ក្រៅ​ទន្ទ្រាន​ចូល ។​

​ធម្មតា​គេ​ជ្រើស​យក​វីរុស​ផ្តាសាយ​បក្សី B និង​វីរុស​បក្សី A ២​ប្រភេទ​ដើម្បី​ផលិត​វ៉ាក់សាំង​ផ្តាសាយ ។ បរិស្ថាន​ដើម្បី​ចិញ្ចឹម​ផ្សាំ​គឺ​ស៊ុតមាន់​ត្រូវបាន​បង្ក​កំណើត ។​
​វ៉ាក់សាំង​មាន​២​ប្រភេទ គឺ​សណ្ឋាន​ចាក់ និង​សណ្ឋាន​បាញ់​ច្រមុះ ។ សណ្ឋាន​ចាក់​ជា​វ៉ាក់សាំង​ផ្ទុក​វីរុស​ត្រូវ​សម្លាប់ រីឯ​សណ្ឋាន​បាញ់​ច្រមុះ​ជា​វ៉ាក់សាំង​ផ្ទុក​វីរុស​ផ្តាសាយរ​ស់ត្រូវ​បន្ថយ​ កម្លាំង​ពុល ។​
-​ថាមពល​មិន​រៀងរហូត​
​ទោះបីជា​ផលិត​វ៉ាក់សាំង​ក្រោម​សណ្ឋាន​នា វីរុស​រស់​បន្ថយ​កម្លាំង​ពុល ឬ​ជា​វីរុស​បាន​ត្រូវ​ងាប់ នោះ​វា​សុទ្ធ​តែមាន​រួម​លក្ខណៈពិសេស​១​គឺ​រំញោច​សរីរាង្គ​បង្កើត​ស្រទាប់​ អង់ទីគ័រ​មានតម្លៃ​១​ប្រឆាំង​ទប់ទល់​ផ្តាសាយ ។​
​ថាមពល​បង្ការ​របស់​វា​មិន​វែង និង​មិនមាន​លក្ខណៈ​យូរអង្វែង ។ ដោយសារ​វ៉ាក់សាំង​អាច​ផ្ទុក​តែ​១​ឬ​២​ប្រភេទ​អង់​ទី​ហ្សែ​ន​ពិសេស​សម្រាប់​ វីរុស ១​ឬ​២​ប្រភេទ ហេតុនេះ​វា​ពុំមាន​ប្រសិទ្ធភាព​បង្ការ​ចំពោះ​អម្បូរ​ផ្សេងៗ​គ្នា​ទាំងអស់ ។ ហើយ​វីរុស​ផ្តាសាយ​នោះ​មាន​ច្រើន​អនេក ត្រូវបាន​បង្កាត់​ពី​១៨​អម្បូរ H(H1-H17) និង ៩​អម្បូរ (N1-N9) ។ ដោយ​ត្រូវការ​តែ H មួយ​គួបផ្សំ​ជាមួយ N មួយ​នោះ​នឹង​បង្កើតជា​វីរុស​ថ្មី ។ ឧទាហរណ៍ H1 គួបផ្សំ​ជាមួយ N1 ជា​វ៉ាក់សាំង​ផ្តាសាយ​ជ្រូក ។ ប៉ុន្តែ H3 គួបផ្សំ​ជាមួយ N2 នោះ​បែក​បង្កើត​វីរុស​ផ្តាសាយ H3N2 ជា​វីរុស​ផ្តាសាយ​មាន់ ។ វ៉ាក់សាំង​បង្ការ​ជំងឺ​របស់ H1N1 មិន​អាចមាន​ប្រសិទ្ធភាព​បង្ការ​ជំងឺ​សម្រាប់ H3N2 ។​
​លក្ខណៈ​បម្រែបម្រួល និង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​អង់​ទី​ហ្សែ​ន​របស់​វីរុស​គឺ​ឥតឈប់ឈរ និង​ទៅតាម​ខួប​ឆ្នាំ ។ អាស្រ័យហេតុនេះ ថ្ងៃនេះ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​បង្ការ​ជំងឺ តែ​ឆ្នាំក្រោយ​វា​បែរជា​គ្មាន​ប្រសិទ្ធភាព ។​
​សូម្បីតែ​ចំពោះ​វ៉ាក់សាំង​១​ប្រភេទ ប្រសិទ្ធភាព​បង្ការ​ជំងឺ​របស់​វា​ក៏​ខ្លី​ដែរ អូសបន្លាយ​តែ​ពី​៦​ខែ​ដល់​៤​ឆ្នាំ ទោះបី​អ្នក​បាន​ចាក់​ច្រើន​ម្ជុល​ឬ​បាញ់​ច្រើនដង ។​
​អ្នកនឹង​បារម្ភ​ថា ចាក់​វ៉ាក់សាំង​ផ្តាសាយ​ចូលខ្លួន​នោះ​ខ្លាច​តែ​កើត​ផ្តាសាយ​ទៅវិញ​ទេ ។ តែ​ការពិត​រឿងនេះ​ហាក់ដូច​មិនដែល​កើតឡើង ។ ព្រោះ​ចំពោះ​វ៉ាក់សាំង​ចាក់ វីរុស​បាន​ត្រូវកំទេច​ទាំងស្រុង ពោល​គឺថា ពុំមាន​លទ្ធភាព​លុកលុយ​ចូល​កោសិកា​ទៀត វា​បាត់បង់​លក្ខណៈ​ចម្លង​មេរោគ​បង្ក​ជំងឺ ។ ចំពោះ​ប្រភេទ​បាញ់​ច្រមុះ វីរុសរ​ស់បាន​ត្រូវ​បន្ថយ​កំរិត​ពុល​យ៉ាងច្រើន ។ ទន្ទឹម​នោះ ដោយសារ​បរិមាណ​នាំចូល​តាមផ្លូវ​បាញ់​ច្រើនតែ​មិនធំ ហេតុនេះ​អ្នក​អាច​ស្ងប់ចិត្ត​ទាំងស្រុង គឺ​មិនអាច​កើត​ផ្តាសាយ​បាន ។​
-​យកចិត្តទុកដាក់​ពេល​ប្រើប្រាស់​
​ប្រសិទ្ធភាព​បន្ទាប់បន្សំ​១​តែង​ជួបប្រទះ ​នោះ​គឺ​អ្នក​ត្រូវ​គ្រុនក្តៅ​ដូចជា​ផ្តាសាយ​ពិត សីតុណ្ហភាព​ឡើង​ខ្ពស់ ឈឺ​រួយ​សាច់ដុំ សន្លាក់ និង​ធុញ​មិន​ចង់​ទទួលទាន​របស់​អ្វី​សោះ ។ នោះ​គឺ​ដោយសារ​ប្រតិកម្ម​អង់​ទី​ហ្សែ​ន​អង់ទីគ័រ​បង្កើតឡើង​ដើម្បី​ធ្វើ​ឲ្យ ​លេចឡើង​អង់ទីគ័រ​ថ្មី ។ ក្រោយ ២-3​ថ្ងៃ គ្រុនក្តៅ​ថយចុះ​សន្សឹមៗ ហើយ​យើង​អាច​ត្រឡប់មក​ធម្មតា​វិញ ។​
​ប្រសិទ្ធភាព​បន្ទាប់បន្សំ​ផ្សេង​គឺ ហើយ​ដរ និង​ឈឺ​ត្រង់​កន្លែង​ចាក់ ។ អ្នក​មិនចាំបាច់​ត្រូវធ្វើ​អ្វី នោះ​ជា​សញ្ញា​ធម្មតា​ពេល​ចាក់​វ៉ាក់សាំង ។ ប៉ុន្តែ​ប្រសិន​ឈឺ​ខ្លាំង និង​ទ្រាំ​មិនបាន​នោះ​អ្នក​អាច​ស្អំ​ទឹកកក ។​
​ការ​វិវឌ្ឍន៍​ប្រែប្រួល​គ្រោះថ្នាក់​ បំផុត​អាច​ឥទ្ធិពល​ដល់​អាយុជីវិត នោះ​គឺ​អាលែកហ្ស៊ី​ជាមួយ​បណ្តា​សមាសធាតុ​នៅក្នុង​វ៉ាក់សាំង ។ ប្រសិន​កំរិត​អាលែកហ្ស៊ី​ខ្លាំង​ជ្រុល​នោះ​អាច​បង្ក​ការបាត់​បង់ជីវិត ។​
​នៅ​ចំពោះមុខ​ហានិភ័យ​ដូច្នេះ គេ​នឹងមិន​ប្រើ​វ៉ាក់សាំង​បង្ការ​ផ្តាសាយ​សម្រាប់​បណ្តា​ករណី ៖ កុមារ​អាយុ​ក្រោម​៦​ឆ្នាំ អ្នក​អាលែកហ្ស៊ី​ធ្ងន់​ជាមួយ​ស៊ុតមាន់ អ្នក​ឆ្លង​មេរោគ​ធ្ងន់ ឬ​គ្រុនក្តៅ​ខ្ពស់​ពេក ស្ត្រី​កំពុង​មានគភ៌ ឬ​មានបំណង​មានគភ៌ ក្នុង​រង្វង់​១​ខែ​ខាងមុខ អ្នកមាន​រាងកាយ​អាលែកហ្ស៊ី​ដូចជា​ហឺត អាលែកហ្ស៊ី រលាក​បំពង់ក​អាលែកហ្ស៊ី រលាក​ស្បែក​អាលែកហ្ស៊ី ៕

(ប្រភព៖ ខ្មែរស្ថាបនា)

Monday, May 13, 2013

ស្រ្តី​ខ្មែរ​រងគ្រោះ​ដោយ​ជំងឺ​មហារីក​មាត់​ស្បូន​មាន​ច្រើន

ភ្នំពេញ៖ យ៉ាងហោចណាស់​មាន​ស្ត្រី​កម្ពុជា​ប្រមាណ​ជា​៤០០០នាក់​បានកើត​ជំងឺ​មហារីក​ មាត់ស្បូន​ជា​រៀងរាល់​ឆ្នាំ។ ជំងឺ​នេះ​កំពុង​ឈរ​នៅ​លំដាប់​ថ្នាក់​ខ្ពស់​បំផុត​ក្នុង​ចំណោម​ជំងឺ​មហារីក​ ដទៃ​ទៀត​ក្នុង​ប្រទេស។


លោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា ​ប្រធាន​ផ្នែក​ជំងឺ​មហារីក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​មាន​ប្រសាសន៍​ថា​ជា​ រៀងរាល់ថ្ងៃ​មាន​អ្នកជំងឺ​មហារីក​៣០នាក់​មក​ទទួល​ការពិនិត្យ​ព្យាបាល​ក្នុង​ មន្ទីរពេទ្យ​ក្នុង​នោះ​ប្រហែល​ជា​៨​នាក់​ជា​អ្នកជំងឺ​មហារីក​មាត់ស្បូន។

លោក​បាន​ឱ្យ​ដឹង​បន្ត​ថា​ស្ថានភាព​ជំងឺ​នេះ​មិនមាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើយ​ ចាប់​តាំង​ពី​ជាង​១០​ឆ្នាំ​មុន​មក​ហើយ​មានប្រហែល​៤០០០​ករណី​ក្នុង​១​ឆ្នាំៗ

«មហារីក​មាត់ស្បូន​នៅតែ​ជា​ជំងឺ​មហារីក​ដែល​ជួប​ប្រទះ​ញឹកញាប់​ជាងគេ​ ១០ឆ្នាំ​ជាង​ហើយ​ខ្ញុំ​ឃើញ​ថា​ទំនោរ​ហ្នឹង​អត់​ទាន់​ឃើញ​ល្អ​ជាង​មុន​សោះ​ ពីព្រោះ​អី​ប្រជាជន​យើង​មក​ដល់​មន្ទីរពេទ្យ​ច្រើន​នៅ​ដំណាក់កាល​ធ្ងន់ធ្ងរ​ ដែល​ការព្យាបាល​ឱ្យ​ជាសះស្បើយ​មិនអាច​ធ្វើ​ទៅ​បាន»។

លោក​វេជ្ជបណ្ឌិត​ អ៊ាវ សុខា ​បាន​ឱ្យ​ដឹង​បន្ថែម​ថា​អ្នកជំងឺ​មហារីក​មាត់ស្បូន​ចំនួន​៧២ ​ភាគរយ​មក​មន្ទីរពេទ្យ​នៅ​ដំណាក់កាល​ទី៣​និង​ទី៤​ដែល​ជា​ដំណាក់កាល​ឈាន​ដល់​ ភាព​ធ្ងន់ធ្ងរ​និង​ពិបាក​ក្នុង​ការព្យាបាល។

ជាមួយគ្នា​នោះ​ដែរ​លោក​វេជ្ជបណ្ឌិត​ គួយ សំណាង ​ប្រធាន​ផ្នែក​ជំងឺ​មហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត​បាន​ឱ្យ​ដឹង​ដែរ​ថា​ភាគច្រើន​អ្នកកើត​ជំងឺ​មហារីក​មាត់ស្បូន​ក្នុង​ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​វ័យ​ក្មេង។

«ប្រទេស​គេ​គឺ​គិតពី​៣៥​ទៅ​៤០​ហើយ​ដល់​ប្រទេស​យើង​តាម​ការសិក្សា​ថ្មីៗ​ដែល​ យើង​ធ្វើទៅ​មាន​ពី​អាយុ​២៨​ឆ្នាំ។ ​ធម្មតា​ទេ​ក្មេង​បែបនេះ​កំពុង​តែមាន​សកម្មភាព​នៅ​ក្នុង​សង្គម​សម្រាប់​ រកលុយ​តែ​បែរ​ជា​ឈឺ​វិញ​មាន​ពេល​ឯណា​រកលុយ​មិនមាន​ត្រឹមតែ​មិនបាន​រកលុយ​ទេ​ អស់​លុយ​ទៀត​ខាង​ពេទ្យ​រដ្ឋ​ក៏​ត្រូវ​ចំណាយ​លើក្មេងៗ​នេះ​ដែរ»។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ឆ្នាំ២០០៨​
បង្ហាញ​ឱ្យ​ដឹង​ថា​ជំងឺ​មហារីក​មាត់ស្បូន​មាន​អត្រា​ច្រើន​ជាងគេ​បំផុត​ ក្នុង​ចំណោម​ជំងឺ​មហារីក​ដែល​កើត​មាន​លើ​ស្ត្រី​នៅ​កម្ពុជា។ របាយការណ៍​បន្ថែម​ថា​ស្ត្រី​ដែល​មាន​ជំងឺ​ស្ទើរ​ទាំងអស់​បាន​ស្លាប់​ក្នុង​ វ័យ​ក្មេង។

លោកស្រី​វេជ្ជបណ្ឌិត ​ពឹង ជុតិមា ​នាយិកា​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា​ហៅកាត់​ថា​រ៉ាក់​បាន​ឱ្យ​ដឹង​ ថា​ចំនួន​អ្នក​កើត​ជំងឺ​មហារីក​មាត់ស្បូន​នៅ​ប្រទេស​កម្ពុជា​គឺជា​ចំនួន​មួយ ​គួរ​ឱ្យ​ព្រួយបារម្ភ​និង​ត្រូវ​មាន​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ ​ទប់​ស្តា​ត់​ជំងឺ​នេះ។
«ចាត់ទុកថា​វា​ជា​បញ្ហា​មួយ​ដែល​យើង​គួរ​កង្វល់​ពីព្រោះ​ដោយសារតែ​ជំងឺ​ មហារីក​បើសិន​យើង​បាន​ធ្វើការ​ស្រាវជ្រាវ​វា​នៅ​ដំណាក់កាល​ទាន់ពេល​វេលា​គឺ​ អ្នកនោះ​មិនមាន​ជំងឺ​មហារីក​ទេ​ពីព្រោះ​យើង​ទៅ​ព្យាបាល​បាន​ហើយ»។

លោកស្រី​វេជ្ជបណ្ឌិត​ ប្រាក់ ពិសិដ្ឋ​រង្សី ​ប្រធាន​នាយកដ្ឋាន​ការពារ​សុខភាព​នៃ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា​ មូលហេតុ​ដែលនាំ​ឱ្យ​ស្ត្រី​កម្ពុជា​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​នៃ​ការកើត​ មហារីក​មាត់ស្បូន​ច្រើន​បែបនេះ​កត្តា​សំខាន់​គឺ​កង្វះ​អនាម័យ ​កង្វះ​ព័ត៌មាន ​ការយល់ដឹង ​និង​ភាព​អៀនខ្មាស់​របស់​ស្ត្រី​ខ្មែរ។

«អត្ត​ចរិក​របស់​ស្ត្រី​យើង​វិញ​គឺ​គាត់​មិន​ចង់ទៅ​ឱ្យ​គេ​បើក​មាត់ស្បូន​ គាត់​មើល​ទេ ​ហេតុ ​ដូច្នេះ​ទោះបី​ជា​យើង​ខំ​ផ្សព្វផ្សាយ​យ៉ាងណា​ក៏ដោយ​ក៏​ជួនកាល​ទៅ​គាត់​មាន​ ការ​ខ្មាស់អៀន​ច្រើន​គាត់​មិន​បាន​មក​តាម​ការផ្សព្វផ្សាយ​របស់​យើង​ទេ​ហើយ​ ក្រសួង​សុខាភិបាល​ក៏​ចេះតែ​ខិតខំ​ប្រឹងប្រែង​តាម​គ្រប់​រូបភាព​ទាំងអស់។ ​បច្ចុប្បន្ន​កាល​នេះ​គឺ​យើង​ចង់​ឱ្យ​ស្ត្រី​ទាំងអស់​ដែល​ចាប់ពី​អាយុ​៣០​ ដល់​៤៩ឆ្នាំ​ឱ្យ​គាត់​អញ្ជើញ​មក​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ ជំងឺ​មហារីក​មាត់ស្បូន​នេះ»។

លោកស្រី​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា​ដើម្បី​កាត់បន្ថយ​ជំងឺ​មហារីក​ មាត់ស្បូន​នេះ ​ក្រសួង​ បាន​ធ្វើការ​បណ្តុះ​បណ្តាល​មន្ត្រី​ជំនាញ​តាម​មន្ទីរពេទ្យ​ឱ្យ​ចេះ​ស្វែងរក​ ជំងឺ​នេះ​ទាន់ពេល​វេលា​មាន​ការ​ចុះ​ អប់រំ​ស្ត្រី​នៅតាម​ភូមិ ​និង​តាម​មន្ទីរពេទ្យ ​ពេល​ស្ត្រី​មក​ទទួលយក​សេវា​ផ្សេង។ ម្យ៉ាង​វិញ​ទៀត​លោកស្រី​វេជ្ជបណ្ឌិត​បាន​ទទួល​ស្គាល់​ថា​ការផ្សព្វផ្សាយ​ អំពី​ជំងឺ​នេះ​នៅមាន​កម្រិត​នៅឡើយ​ពីព្រោះ​ថវិកា​ក្នុង​ការចំណាយ​នៅមាន​ ការខ្វះខាត​ជាច្រើន។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ដដែល​បាន​ឱ្យ​ដឹង​បន្ថែម​ថា​នៅ​លើ​ សាកលលោក​ក្នុង​១ឆ្នាំ​ស្រី្ត​ច្រើន​ជាង​៤៦ម៉ឺន​នាក់​បាន​កើត​ជំងឺ​នេះ​ដែល​ ក្នុង​នោះ​ជាង​២៣​ម៉ឺន​នាក់​បាន​ស្លាប់​ហើយ​ជិត​៩៥​ភាគរយ​កើត​នៅក្នុង​ ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា​ជាដើម។

ក្រុម​គ្រូពេទ្យ​ជំនាញ​បានផ្តល់​ដំបូន្មាន​ថា​ជាទូទៅ​ស្ត្រី​ដែល​ធ្លាប់​ ឆ្លងកាត់​ការរួម​ភេទ​រួច​ហើយ​ត្រូវ​ពិនិត្យ​រក​ជំងឺ​មហារីក​មាត់ស្បូន​ឱ្យ​ បាន​ម្តង​ក្នុង១ឆ្នាំ៕
(ប្រភព៖VOAKhmer)